ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ កាំបិតចិតដងឯង-សិស្សលេងគ្រូធំវិញ រឿងគោរពសិទ្ធិមនុស្ស!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 73
ទស្សនៈកូនខ្មែរ៖ កាំបិតចិតដងឯង-សិស្សលេងគ្រូធំវិញ រឿងគោរពសិទ្ធិមនុស្ស! ទស្សនៈកូនខ្មែរ៖ កាំបិតចិតដងឯង-សិស្សលេងគ្រូធំវិញ រឿងគោរពសិទ្ធិមនុស្ស!

ការផ្ទុះបាតុកម្មរបស់អតីតបុគ្គលិក ស្ថានទូតអាមេរិកដែលត្រូវបានគេបណ្តេញចេញពីការងារ ដោយអយុត្តិធម៌ គឺជាព្រឹត្តិការណ៍ ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដែលឆ្លុះបញ្ចាំងពី ទស្សនៈ «កាំបិទចិត្តដងឯង» ពោលគឺអ្នកដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងបិតាការគោរពសិទ្ធិមនុស្ស ហើយតែងតែដើរលូកដៃរិះគន់គេរឿង យុត្តិធម៌ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឥឡូវខ្លួនឯងកំពុង រំលោភបំពានសិទ្ធិមនុស្សយ៉ាងជាក់ស្តែង និងធ្ងន់ធ្ងរព្រោះកំពុងប្រឈមនឹងការតវ៉ា។

 

អតីតបុគ្គលិកដែលធ្លាប់បម្រើការងារនៅស្ថានទូតអាមេរិកជាយូរឆ្នាំរហូតអ្នកខ្លះធ្វើការ២០ឆ្នាំ តែទីបំផុតត្រូវបានគេបណ្តេញចេញពីការងារ ដោយគ្មានមូលហេតុ ច្បាស់លាស់ និងដោយមិនផ្តល់សំណងអ្វីទាំងអស់។ មូលហេតុដែលស្ថានទូតអាមេរិកលើកយកមកធ្វើជាដើមចមនៃការបណ្តេញ បុគ្គលិកខ្មែរទាំងនោះចេញគឺដោយសារតែមានរូបអាសអាភាសមួយសន្លឹកត្រូវបាន បុគ្គលិកផ្ញើឲ្យគ្នាតាមគ្រុប Messenger ដែលជាគ្រុបឯកជននិងមិនមែនបង្ហោះជាសាធារណៈនោះទេ។ គ្រាន់តែរឿងប៉ុណ្ណឹងសោះដល់ថ្នាក់ បណ្តេញបុគ្គលិកខ្មែររាប់សិបនាក់ ចេញពីការងារដែលធ្វើឲ្យពួកគេរងការឈឺចាប់យ៉ាងខ្លាំង។

អ្វីដែលគួរឲ្យឈឺចាប់នោះគឺ សហរដ្ឋអាមេរិកដែល មានស្ថានទូតរបស់ខ្លួននៅកម្ពុជាតែងតែដើរតួជាបងធំខាងប្រជាធិបតេយ្យ ខាងយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស។ ជាទូទៅស្ថានទូតអាមេរិក តែងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ឬក្នុងរោងចក្រ សហគ្រាស ដែលមានវិវាទការងារ តាមរយៈការគាំទ្រសហជីពប្រឆាំង ហើយ តែងស្រែករិះគន់អំពីការរំលោភសិទ្ធិមនុស្ស សិទ្ធិកម្មករ ជាដើម។

ប៉ុន្តែ តាមការពិត ស្ថានទូតអាមេរិកខ្លួនឯងបាន រំលោភបំពានសិទ្ធិបុគ្គលិកខ្មែរ យ៉ាងកម្រោលបំផុត។ គ្រាន់តែកំហុសបន្តិចបន្តួច ហើយជាកិច្ចការឯកជនសោះ ស្ថានទូតអាមេរិក បានបណ្តេញបុគ្គលិកខ្មែរទាំងហ្វូងចេញពីការងារដោយបំពាន។ ដោយអត់ទ្រាំនឹងទង្វើអមនុស្សធម៌នេះមិនបាន អតីតបុគ្គលិកដែលត្រូវគេបណ្តេញចេញទាំងនោះក៏បាននាំគ្នាមកជួបជុំតវ៉ានៅមុខ ស្ថានទូតអាមេរិកក្បែរវត្តភ្នំដើម្បីទាមទាររកយុត្តិធម៌។

នេះមិនមែនជាលើកទី១ទេ ដែលពលរដ្ឋខ្មែរ បម្រើការងារឲ្យស្ថាប័នរបស់អាមេរិកត្រូវគេបណ្តេញចេញ និងបំពានសិទ្ធិ។ កន្លងទៅ បុគ្គលិកវិទ្យុអាស៊ីសេរីជាច្រើន នាក់ក៏ត្រូវបានគេធ្វើបែប នេះដែរ។ ពួកគេត្រូវបញ្ឈប់ពីការងារ ភ្លាមៗដោយគ្មានលក្ខខ័ណ្ឌ និងគ្មានសំណងអ្វីទាំងអស់។ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាច្រើនធ្លាប់ធ្វើបាតុកម្មដុតកង់ឡាន នៅមុខទីស្នាក់ការ រីឯអ្នកខ្លះទៀតបានប្តឹងទៅ តុលាការ ដើម្បីស្វែងរកយុត្តិធម៌។ និយាយបែបផ្សេង អ្នកបម្រើការងារ ក្នុងស្ថានទូតអាមេរិក ឬក្នុងវិទ្យុអាស៊ីសេរី ដែលទទួលប្រាក់ខែពីរដ្ឋាភិបាលអាមេរិក ហាក់ដូចជាបញ្ញើក្អែក ដែលគ្មានសិទ្ធិជាបុគ្គលិកពេញលក្ខណៈនោះឡើយ ព្រោះបើគេចង់បណ្តេញ ចោលពេលណាក៏បានដែរ។

វាពិតជារឿងមិនគួរឲ្យជឿ តែជារឿងពិត ដែលយើងទាំងអស់ គ្នាសុទ្ធតែបានដឹង បានលឺ នឹងត្រចៀក និងបានឃើញផ្ទាល់ភ្នែក។ ប្រទេសមួយដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ បិតាគោរពសិទ្ធិមនុស្ស បែរជាប្រព្រឹត្តបំពានទៅលើគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរបែបនេះទៅវិញ។ រឿងរ៉ាវទាំងនេះក៏ធ្វើឲ្យយើង នឹកឃើញដល់អតីតកាលរបស់កម្ពុជា ដែលរងការទម្លាក់គ្រាប់បែកជាង ២លានតោន និងសម្លាប់ពលរដ្ឋខ្មែររាប់សែននាក់ក៏ជាប្រទេសមហាអំណាចបិតា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមួយនេះដែរ។ ភាពខ្ទេចខ្ទាំ និងវិនាសកម្មទៅលើជីវិតមនុស្ស នៅបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា ក៏ជាស្នាដៃរបស់បងធំខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចគ្នា។

តើឯណា ទៅគៅលការណ៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលលោកមហាអំណាចចង់ឲ្យគេយកគំរូតាមនោះ? សហរដ្ឋអាមេរិកក៏បានបំពានសិទ្ធិជនភៀសខ្លួនខ្មែរ ក៏ដូចជាជនជាតិដទៃដែលរស់នៅ អាមេរិក តាមរយៈការចាប់បញ្ជូនកូន ឬបី្តរបស់ពួកគេឲ្យត្រឡប់មកប្រទេសកំណើតវិញក្រោយពេលពួកគេមានទោសអ្វីមួយ។ ប្រការនេះបានធ្វើឲ្យគ្រួសារខ្មែរជាច្រើន រងការឈឺចាប់ដោយសារការ និរាស្ត្រប្រាស់ព្រាត់។

គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យពិនិត្យរឿងនេះឡើងវិញ ក្នុងបុព្វហេតុមនុស្សធម៌សោះ អាមេរិកបានសម្រេចបិទទិដ្ឋាការដល់មន្ត្រីការទូតខ្មែរមួយចំនួន ដែលជាការដាក់ទណ្ឌកម្មដល់អ្នកឈឺឆ្អាលរឿង សិទ្ធិមនុស្ស។ នេះឬជាទង្វើបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? សុភាសិតបូរាណខ្មែរបានពោលថា ភូតច្រើនចាញ់អាត្មា ឬក៏កាំបិតចិត្តដងឯងកំពុងឆ្លុះបញ្ចាំងបានយ៉ាងល្អនូវអ្វីដែល សហរដ្ឋអាមេរិកបានធ្វើ។ ការតវ៉ារបស់ពលរដ្ឋខ្មែរដែលជាអតីត បុគ្គលិកបម្រើការងារ នៅស្ថានទូតអាមេរិកនៅពេលនេះ ក៏ដូចជាការតវ៉ា របស់អតីត បុគ្គលិកវិទ្យុអាស៊ីសេរីកាលពី ពេលកន្លងទៅ គឺជាឧទាហរណ៍ជាក់ស្តែងបំផុត ដែលបញ្ជាក់អំពីការបំពានសិទ្ធិបុគ្គលិកខ្មែរយ៉ាងកម្រោលពីសំណាក់ស្ថាប័នរបស់អាមេរិក។

 

ពេលនេះសិស្សលេងគ្រូវិញហើយពីព្រោះតែគ្រូធំជាមនុស្សធ្វើមិនដូចថា គ្រូធំជាមនុស្សលាក់ពុត។ ដល់ពេលហើយដែលបិតា ប្រជាធិបតេយ្យ និងបិតា សិទ្ធិមនុស្សក្នុងលោក ដោះស្រាយបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅក្នុងស្ថាប័នរបស់ខ្លួនវិញម្តងហើយពីព្រោះលោកបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានលូកដៃ ដោះស្រាយបញ្ហាគេច្រើនពេកហើយ។ ដូច
ច្នេះគួរតែលោក យកពេលវេលាពិនិត្យមើលការរំលោភសិទ្ធិមនុស្សនៅក្រោមក្លៀករបស់ខ្លួនផង។ ពេលនេះបុគ្គលិកខ្មែររាប់សិបនាក់ដែលរងការរំលោភបំពានសិទ្ធិ កំពុងរង់ចាំយុត្តិធម៌ពីលោកបិតា ពិភពលោកហើយ។

បុគ្គលិកខ្មែរទាំងអស់នោះក៏សូមផ្តល់មេរៀនដល់លោកគ្រូធំខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរថា សិទ្ធិមនុស្សមិនមែនមានតែជនជាតិអាមេរិកាំង ឬពួក ច្រមុះស្រួចស្បែកសទេណា! ពួកយើងស្បែកខ្មៅ ស្បែក លឿង រស់នៅក្នុងប្រទេសតូចតាចក៏ត្រូវការសិទ្ធិដូចអស់លោកដែរ៕

ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម

អត្ថបទទាក់ទង