ខ្មែរប៉ុស្ដិ៍ Close

    សិស្សដែលទទួលបាននិទ្ទេស A នៅខេត្តប៉ៃលិន នឹងទទួលបានម៉ូតូ ១គ្រឿងពីអភិបាលខេត្ត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1654
    សិស្សដែលទទួលបាននិទ្ទេស A នៅខេត្តប៉ៃលិន នឹងទទួលបានម៉ូតូ ១គ្រឿងពីអភិបាលខេត្តសិស្សដែលទទួលបាននិទ្ទេស A នៅខេត្តប៉ៃលិន នឹងទទួលបានម៉ូតូ ១គ្រឿងពីអភិបាលខេត្ត

    ប៉ៃលិន៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ចំពោះក្មួយៗ ដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន ហើយបើទទួលបាននិទ្ទេស A លោកនឹងឧបត្ថម្ភម៉ូតូ ១គ្រឿង ដោយមិនកំណត់ចំនួន។

    នេះជាការលើកឡើងរបស់លោក ផាន់ ចាន់ធុល ក្នុងឱកាសអញ្ជើញបើកលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអុរពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនអមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងក្រុមការងារ និងលោកគ្រូ អ្នកគ្រូ។

    នាឱកាសនោះ លោក ផាន់ ចាន់ធុល បានសម្តែងនូវការសប្បាយចិត្ត ចំពោះក្មួយៗដែលបានប្រឡងជាប់ និងមានការសោកស្តាយចំពោះអ្នកដែលប្រឡងធ្លាក់ ហើយចំពោះក្មួយៗ ដែលប្រឡងធ្លាក់ ក៏មិនត្រូវអស់សង្ឃឹមដែរ គឺអាចទៅបន្តការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាបាន ឬក៏សិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីយកមកប្រកបរបរចិញ្ចឹមជីវិត។ លោកបានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការកែទម្រង់ក្នុងវិស័យអប់រំ និងកីឡា អោយមានគុណភាពទាំងចំនេះដឹង ចំនេះធ្វើ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋបាលខេត្ត ស្ថាប័ននានា បានយកចិត្តទុដាក់ខិតខំប្រឹងប្រែងអនុវត្តន៍ ដើម្បីស្វែងរកធនធានមនុស្សបន្តវេនដឹកនាំប្រទេសជាតិ និងសង្គមជាតិអោយមានការរីកចំរើនទៅថ្ងៃអនាគត។

    លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បន្ថែមទៀតថា ចំពោះក្មួយៗដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន ហើយបើទទួលបាននិទ្ទេស A លោកនឹងឧបត្ថម្ភម៉ូតូ១គ្រឿង ដោយមិនកំណត់ចំនួន។

    បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ២មណ្ឌល ស្មើនិង១៦បន្ទប់ ក្នុងនោះចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យសាស្ត្រសង្គម និងមានបេក្ខជនមកដាក់ពាក្យប្រលងមានចំនួន ៣៨៦នាក់ ស្រី១៩៨នាក់ អវត្តមាន ២នាក់។ ជាលទ្ធផលឆ្នាំ២០១៨នេះ សម្រាប់មណ្ឌលខេត្តប៉ៃលិន បេក្ខជនប្រលងជាប់មានចំនួន ២៣៥នាក់ ស្មើនឹង ៦១.១៩% ស្រី ១៣៦នាក់ ស្មើនិង ៦៨.៦៨% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ០នាក់, និទ្ទេសB មានចំនួន ០៣នាក់ ស្រី ០៣នាក់, និទ្ទេសC មានចំនួន ១៤នាក់ ស្រី ១០នាក់, និទ្ទេសD មានចំនួន ២៦នាក់ ស្រី ១១នាក់, និងនិទ្ទេសE មានចំនួន ១៩២នាក់ ស្រី ១១២នាក់៕

    អត្ថបទទាក់ទង