សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
នៅក្នុងសារលិខិតអបអរសាទរនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបញ្ចកោណទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុចទី៥គឺ «ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា»។
នៅក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋាន៣សំខាន់ៗដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ៕