សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ឈានទៅដល់ការស្តារឡើងវិញពេញលេញពីវិបត្តិនៃជំងឺកូវីដ-១៩។
នៅក្នុងសារលិខិតអបអរសាទរនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ជាអាទិ៍ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម កិច្ចការពារនិងអភិរក្សធនធានធម្មជាតិជាដើម។
នៅក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតនេះ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕