ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិមានឈ្នះឈ្នះសង់ឡើងជានិម្មិតរូបនៃខ្មែរទាំងអស់គ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 76
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិមានឈ្នះឈ្នះសង់ឡើងជានិម្មិតរូបនៃខ្មែរទាំងអស់គ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិមានឈ្នះឈ្នះសង់ឡើងជានិម្មិតរូបនៃខ្មែរទាំងអស់គ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះគឺជាឃ្លាំងនៃចំណេះដឹង ជាឃ្លាំងនៃឯកសារប្រវត្តិសាស្រ្ត និងជាឃ្លាំងដែលរៀបរាប់អំពីប្រវត្តិរបស់យើងទាំងអស់គ្នាដោយសង្ខេប ។ នៅពេលដែលថ្នាក់ដឹកនាំ ទាំងកងទ័ព ទាំងស៊ីវិល បានដើរឆ្លងកាត់ទីកន្លែងនេះ ពួកគេនឹងបានឃើញនូវអត្ថន័យ និងការអភិវឌ្ឍរបស់កម្ពុជា ដែលមានទាំងភាពជូរចត់ និងភាពជោគជ័យ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅពេលគេសួរថា តើវិមានឈ្នះឈ្នះនេះសង់ឡើងដើម្បីលើកតម្កើងសម្តេចតេជោ និងថ្នាក់ដឹកនាំប្រតិបត្តិករស្នូលមួយចំនួន ឬមួយក៏សង់ឡើងដើម្បីហេតុផលអ្វី?
ចម្លើយគឺ វិមានឈ្នះឈ្នះសង់ឡើងដើម្បីជានិម្មិតរូបនៃខ្មែរទាំងអស់គ្នា ជានិម្មិតរូបនៃសន្តិភាព ហើយក៏ជាការអបអរនូវសម្ធិទ្ធិផលដែលយើងរួមគ្នាសម្រេចបានក្នុងចំណោមគ្រប់ភាគីខ្មែរទាំងអស់ ក៏ដូចជាការរំលឹកនូវប្រវត្តិសាស្រ្តដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយចងចាំអំពីតម្លៃនៃសន្តិភាព និងតថភាពជាក់ស្តែងនៃប្រវត្តិសាស្រ្តរបស់យើង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញជាអធិបតីក្នុងពិធី «ពិធីខួបទី២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំវិមានឈ្នះឈ្នះ» នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។

ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះឈ្នះកើតចេញពីការដឹកនាំ ដែលដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ និងប្រាកដប្រជារបស់សម្តេចតេជោ ដែលជាស្ថាបនិកមគ្គុទេសក៍ឯកដែលមានការចូលរួមដ៏ស្មោះត្រង់របស់ប្រតិបត្តិករស្នូល និងប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់នោះ គឺផលបានមកប្រជាជាតិកម្ពុជាទាំងមូល ៕

អត្ថបទទាក់ទង