ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា៖ ការងារចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងអង្គភាពស៊ីវិល មានសារៈសំខាន់ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនានារបស់រដ្ឋាភិបាលនីតិកាលទី៧

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 25
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា៖ ការងារចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងអង្គភាពស៊ីវិល មានសារៈសំខាន់ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនានារបស់រដ្ឋាភិបាលនីតិកាលទី៧ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា៖ ការងារចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងអង្គភាពស៊ីវិល មានសារៈសំខាន់ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តនានារបស់រដ្ឋាភិបាលនីតិកាលទី៧

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការងារចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ដែលបានដាក់ចេញក្នុងស្ថានភាព នៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវ ចំពោះឧត្តមប្រយោជន៍និងសាមគ្គីជាតិខ្ពស់។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមប្រធានបទ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍»

សិក្ខាសាលានេះ បានប្រព្រឹត្តិធ្វើឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខា ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន អង្គភាពស៊ីវិល អភិបាលអភិបាលរាជធានី ខេត្ត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនដៃគូសម្ព័ន្ធមេត្រីភាព នានា និងនាយទាហាន នាយទាហានរងចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ទូទាំងកងយោធពលខេមរភូមិន្ទចូលរួមប្រមាណ៥៥០នាក់ ក្រោមការរៀបចំដោយក្រុមការងារសម្របសម្រួលការងារសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលដែលដឹកនាំដោយលោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងស្ថាប័ន អង្គភាពរបស់រដ្ឋ និងវិស័យឯកជន សប្បុរសជននានា ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសិក្ខាសាលា ដ៏មានសារសំខាន់នេះ ជាពិសេស ចំពោះដៃគូសម្ព័ន្ធមេត្រីភាពរបស់យើងដែលជានិច្ចកាល នៅតែបន្តយកចិត្តទុកដាក់ ចូលរួមសហការជួយឧបត្ថម្ភដល់ កងយោធពលខេមរភូមិន្ទ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គីជាតិរឹងមាំ ស្របតាមពាក្យស្លោក «ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា វាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ បូកសរុបលទ្ធផលអង្គសិក្ខាសាលា ដែលលោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល បានលើកឡើងមុននេះ និងសូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន កងទ័ពជើងគោក និងយោធភូមិ- ភាគទី៣ ព្រមទាំងក្រុមការងាររៀបចំអង្គសិក្ខាសាលាទាំងអស់ ដែលបានបំពេញការងារ ដ៏មមារញឹកក្នុងរយៈពេលខ្លី ប៉ុន្តែសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងរាជអាវុធហត្ថ, កងទ័ពជើងគោក, កងទ័ពជើងទឹក និងប្រភេទទ័ពជំនាញទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន គោរពតាមបទបញ្ជា សារាចរណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយសហការល្អ ជាមួយបណ្តាក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស ជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ក្រសួងសុខាភិបាល ក៏ដូចជា ស្ថាប័នជាតិពាក់ព័ន្ធ រួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងប្រទេសជាតិពេលមានគ្រោះធម្មជាតិនិងគ្រោះអាសន្នមហន្តរាយនានា រួមចំណែកថែរក្សាសុខភាព សាធារណៈ ដោយពុះពារជម្នះបានរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងក្នុងស្មារតីលះបង់ខ្ពស់ សម្រេចភារកិច្ចប្រកបដោយមោទនភាពជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ស្របតាមទិសស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» «ការពារជាតិយើងទាំងអស់គ្នា ទាំងអស់គ្នាការពារជាតិដើម្បីសន្តិភាព»

 

អត្ថបទទាក់ទង