ខ្មែរប៉ុស្ដិ៍ Close

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 143
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានរំលេចពីសារសំខាន់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានលើកឡើងថា វត្តមានព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។

តាមរយៈខ្លឹមសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ «វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ 4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

សម្តេចបានបន្ថែមថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»

ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) រយៈពេលប្រតិបត្តិការ ៥៥ឆ្នាំ។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

​បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានកើនឡើងជាមធ្យមចំនួន ២៧០០នាក់ក្នុងមួយថ្ងៃ កើនឡើងប្រមាណមួយពាន់នាក់ បើធៀបនឹងកាលពីសប្តាហ៍មុនដែលអាកាសយានដ្ឋានអន្តរជាតិថ្មី ទទួលបានអ្នកដំណើររង្វង់ជាមធ្យម ២៦០០នាក់ក្នុងមួយថ្ងៃ។ ​នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ចំណែកឯចំនួនជើងហើរហោះវិញ​មានចំនួន ៣៨ជើងក្នុងមួយ​ថ្ងៃកើនឡើង ៤ជើង បើធៀបនឹងកាលពីសប្តាហ៍មុន​ ដោយជើងហើរហោះទាំងនេះ ភាគច្រើនមកពីតំបន់អាស៊ាន និងចិន។ ចំនួនជើងហោះហើរ​ត្រឡប់មកវិញ ឃើញថាមានកំណើនមធ្យម។ ចំពោះអ្នកដំណើរ គឺមានចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន៧៥% និងអឺរ៉ុប ២៥%។

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិលបង្ហាញនូវក្តីរំពឹងថា នៅរងា (Winter 2023) ពោលគឺចាប់ចុងខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ​៤០ជើងក្នុងមួយសប្តាហ៍ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងកើនឡើងចន្លោះពី ៩ទៅ១០ក្រុមហ៊ុន។ បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ និងចូល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១​៕

អត្ថបទទាក់ទង