ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល៖ អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជាមធ្យម ២៦០០នាក់ ក្នុង១ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 146
មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល៖ អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជាមធ្យម ២៦០០នាក់ ក្នុង១ថ្ងៃ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល៖ អ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជាមធ្យម ២៦០០នាក់ ក្នុង១ថ្ងៃ

មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានកើនឡើងជាមធ្យមចំនួន ២៦០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចំនួន ១៧ជើង (ឯកទិស/មកដល់) និង ៣៤ជើង (ទ្វេទិស/មកដល់ + ចេញដំណើរ)។

លោកបានឱ្យដឹងបន្តថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកទទួលជើងហោះហើរជាផ្លូវការ ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ ដល់ ២៦០០នាក់ក្នុងមួយថ្ងៃ ខណៈកន្លងមក ១៧ជើងដូចគ្នា ទទួលបានអ្នកដំណើរបានប្រមាណជាង ១ពាន់នាក់ប៉ុណ្ណោះ។

លោកលើកឡើងថា ចំនួនភ្ញៀវកើនឡើងនេះ អាចមកពីចាប់ពីខែតុលានេះ គឺជារដូវភ្ញៀវច្រើន (High Season) ដោយចំនួនអ្នកដែលធ្វើដំណើរ​ មាន​ប្រមាណ ៨០%នៃចំនួនកៅអីនៃយន្តហោះនីមួយៗ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ចេញ និងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។

សូមជម្រាបថា ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ​មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប​ ត្រូវបានសាងសងក្រោមទុនវិនិយោគ១ ១០០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ​ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០​៕

Fresh News

អត្ថបទទាក់ទង