ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលការគាំទ្រលើសលប់ ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 43

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំ ដែលទទួលបានការគាំទ្រ លើសលប់ពីប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកញ្ញា​​ ឆ្នាំ២០២៣នេះ លោក ប៉ែន បូណា បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ ដែលទទួលបានការគាំទ្រលើសលប់ ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដោយមានហេតុផលធំៗចំនួន២រួម៖

*ទី១៖ នៅក្នុងប្រទេស៖ មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។

*ទី២៖ នៅឯក្រៅប្រទេស៖ មានពលរដ្ឋខ្មែរភាគច្រើន លើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។

លោក ប៉ែន បូណា បានបញ្ជាក់ថា ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់ និងជាក់ស្តែងបំផុត ដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

មូលបទចម្បងសម្រាប់កិច្ចពិភាក្សា ក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»

នេះជាការអញ្ជើញបំពេញបេសកកម្មការងារ នៅក្រៅប្រទេសលើកទី៣ហើយ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាល ក្នុងរយៈពេលមួយខែ៕

អត្ថបទទាក់ទង