ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខំប្រឹងឱ្យខ្លាំង ដើម្បីថែរក្សា ការគាំទ្រ និងជឿទុកចិត្តពីប្រជាពលរដ្ឋ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 26

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលប្រជាពលរដ្ឋខ្លាចជាងគេ គឺការបាត់បង់ស្ថិរភាព សន្តិភាព និងសន្តិសុខ ខ្លាចកម្លាំងថ្មីដឹកនាំបញ្ជាកម្លាំងអត់បាន ពោលគឺគេមិនស្តាប់ ដាក់បទបញ្ជាមិនមានអ្នកធ្វើ ហើយដាក់ការងារអ្វី វិវត្តទៅមុខអត់កើត។ នេះជាទម្ងន់មួយបានបញ្ជាក់ច្បាស់ ក្នុងរយៈពេល៦ខែកន្លងមកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាទីក្រុងមែលប៊ល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជាក់ស្តែងរយៈពេលកន្លងមក ៦ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ត្រឹមត្រូវចំគោលដៅ ដោយគិតគូរត្រូវទៅតាមបំណងប្រាថ្នាចង់បានរបស់ប្រជាជន។ សម្ដេចបន្តថា ប៉ុន្តែបើប្រជាពលរដ្ឋថា គោលនយោបាយដាក់ចេញមិនត្រូវ នោះថ្នាក់ដឹកនាំត្រូវការពេលវេលា ដើម្បីកែសម្រួលសាជាថ្មីឡើងវិញ។

នាឱកាសនោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា គ្រប់កិច្ចការបានដាក់ចេញហើយ គឺត្រូវសម្រួចបន្ត មិនមែនត្រូវហើយ បែរជាព្រលែងដៃវិញនោះទេ។ ម្ចាស់ឆ្នោតបានបោះឆ្នោតគាំទ្រដល់ទៅ៨២% គឺជាក្តីរំពឹងខ្ពស់ណាស់។ ការវាយយកខ្សែក្រវ៉ាត់លំបាកណាស់ តែការការពារខ្សែក្រវ៉ាត់ក៏កាន់តែលំបាក ដូចនេះ រាជរដ្ឋាភិបាលត្រូវខំប្រឹងឱ្យខ្លាំងក្លា ដើម្បីថែរក្សាការគាំទ្រនិងការជឿទុកចិត្តពីសំណាក់ប្រជាជន មកលើគណបក្សប្រជាជនកម្ពុជាឱ្យបានយូរអង្វែងតទៅ៕

អត្ថបទទាក់ទង