ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 94
កម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន កម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ សណ្ឋាគារសុខាភ្នំពេញ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងឧត្តមសេនីយ៍ Supathat Narindarabhakdi អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ព្រមទាំងសហការី ចូលសម្តែងការគួរសម និងជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់អំពីចក្ខុវិស័យដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា អាជ្ញាធរមីន បានទទួលអនុវត្តន៍នូវទស្សនវិស័យ និងសេចក្តីសម្រេចរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាមីនឲ្យអស់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ។

ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមព្រំដែនលោកបណ្ឌិត លី ធុជ បានជំរុញឲ្យក្រុមការងារបច្ចេកទេសសកម្មភាពមីននៃប្រទេសទាំងពីរ បន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំងដែលត្រូវ បោសសម្អាត ក្នុងគោលដៅដើម្បីបម្រើនូវឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ៕

Fresh News

អត្ថបទទាក់ទង