ខ្មែរប៉ុស្ដិ៍ Close

តើបាតុកម្មរបស់យុវជនថៃបានបង្កផលប៉ះពាល់ដល់ការវិនិយោគពីបរទេសយ៉ាងដូចម្តេចខ្លះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 21
តើបាតុកម្មរបស់យុវជនថៃបានបង្កផលប៉ះពាល់ដល់ការវិនិយោគពីបរទេសយ៉ាងដូចម្តេចខ្លះ? Pro-democracy protesters give the three-finger salute as they gather for a rally in Bangkok on October 15, 2020, after Thailand issued an emergency decree following an anti-government demonstration the previous day. (Photo by Jack TAYLOR / AFP)

ចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ មិនបានបង្ហាញពីសញ្ញានៃការចុះថមថយនោះទេ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនពេលកុបករបានលុកលុយវិមានរដ្ឋសភាអាមេរិកនៅ
ថ្ងៃទី ៦ ខែមករា ២០២១ ភាពតានតឹងនៅទីក្រុងបាងកកបានឈានដល់ដំណាក់កាលស្រដៀងគ្នានេះដែរ នៅពេលដែលបាតុករបានឡោមព័ទ្ធសភាជាតិថៃ និងដែលបានធ្វើឱ្យប៉ូលិសប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ និងដើម្បីទុកពេលឱ្យសមាជិកសភាភៀសខ្លួនតាមទូកនៅតាមបណ្តោយទន្លេចៅផ្រះយ៉ា។

ក្រោយមកមេបាតុករដែលដឹកនាំដោយនិស្សិត បានប្រកាសផ្អាកបាតុកម្មនៅខែធ្នូ ឆ្នាំ ២០២០ ដោយសន្យាបន្តបាតុកម្មនៅឆ្នាំ ២០២១ ជាថ្មីម្តងទៀត ដើម្បីបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាល។ បាតុករពិតជាបានធ្វើតាមការសន្យារបស់ខ្លួនមែន និងបានបំពានបទបញ្ជាឱ្យរក្សាគំលាតសង្គមស្តីពីវីរុស COVID-19 ដើម្បីរៀបចំធ្វើបាតុកម្មនៅខែមករានិងកុម្ភៈក្នុងឆ្នាំនេះ។

ចលនាតវ៉ានេះបានទាមទារចំនួន ៣ចំណុច ដែលរួមមាន «ការរំលាយសភា, ការបញ្ចប់ការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង និងការព្រាងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីមួយ»។ បាតុករក៏បានអំពាវនាវឱ្យធ្វើកំណទម្រង់របបរាជានិយមផងដែរ។

រហូតមកដល់ពេលនេះ មិនទាន់មានចំណុចណាមួយនៃការទាមទាររបស់ពួកគេ ត្រូវបានរដ្ឋាភិបាលធ្វើតាមនោះទេ ហើយជាជំនួសវិញ អាជ្ញាធរបានបើកការធ្វើការបង្ក្រាបយ៉ាងខ្លាំងមកលើសម្លេងប្រឆាំង តាមរយៈការប្រើប្រាស់មាត្រា ១១២ នៃច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

នៅពេលជម្លោះបានកើតឡើងពីដំបូង នៅឆ្នាំមុន ទំហំនៃភាពចលាចលនិងការទាមទាររបស់ក្រុមបាតុករហាក់ដូចជាមានឥទ្ធិពលអវិជ្ជមានខ្លាំងលើមុខមាត់របស់ប្រទេសថៃក្នុងនាមជាទិសដៅវិនិយោគផ្ទាល់ពីបរទេស។

ប៉ុន្តែនៅពេលជម្លោះនេះបានបន្តអូសបន្លាយ ភាពជាប់គាំងហាក់ដូចជាបានចុះថមថយបន្តិចវិញ និងបានបង្ហាញសញ្ញានៃការអាចទទួលបានទំនុកចិត្តពីវិនិយោគិនត្រឡប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ ចលនាតវ៉ាដែលដឹកនាំដោយយុវជន បានបង្ហាញពីអស្ថិរភាពផ្នែកនយោបាយជាប្រព័ន្ធរបស់ប្រទេសថៃ ដែលអាចនឹងបង្អាក់ដល់ដំណើរការវិនិយោគពីបរទេសក្នុងរយៈពេលជាច្រើនឆ្នាំ និងជាច្រើនទសវត្សរ៍ខាងមុខ។

បញ្ហាសេដ្ឋកិច្ចភាគច្រើនរបស់ថៃ បានកើតឡើងដោយសារវីរុស COVID-19 ។ ក្នុងនាមជាប្រទេសមួយដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលមានចំនួនប្រមាណ ១៥% នៃ GDP ការរក្សាគំលាតសង្គម និងការរឹតត្បិតលើការធ្វើដំណើរ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។

ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃក៏រួមរឹតទៅដោយបញ្ហាចលាចលផ្នែកនយោបាយនៅក្នុងប្រទេសផងដែរ ដោយក្នុងនោះលោកស្រី Alicia Garcia-Herrero ដែលជាអ្នកសេដ្ឋកិច្ចនៅធនាគារ Natixis បានលើកឡើងថា៖

«ហានិភ័យកាន់តែខ្លាំងផ្នែកនយោបាយ បាននិងកំពុងបង្កភាពអវិជ្ជមានដល់ការវិនិយោគពីទាំងប្រភពនៅក្នុងស្រុក និងពីបរទេស»។

ប្រធានស្ថាប័ន AMP Capital លោក Nader Naeimi ក៏បានបន្ថែម ដែរថា៖

«ការផ្ទុះឡើងនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ បាននិងកំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់ទីផ្សារភាគហ៊ុនថៃ»។

អ្នកវិភាគក្នុងស្រុកម្នាក់បាននិយាយថា៖

«ស្ថានភាពនយោបាយនៅក្នុងស្រុកដែលកើតចេញពីបាតុកម្ម បានធ្វើឱ្យមានការប្រកាសដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន និងបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់វិនិយោគិន»។

បាតុកម្មក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការហូរចេញមូលធននៅក្នុងត្រីមាសទី ៣ កាលពីឆ្នាំមុនផងដែរ។ កាសែត Financial Times បានលើកឡើងកាលពីខែកញ្ញាថា «ប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ បានហូរចេញពីទីផ្សារហ៊ុនថៃ និងប្រមាណជា ២,៣ ពាន់លានដុល្លារទៀត បានហូរចេញក្នុងនាមជាមូលប័ត្រ។ ហើយនៅក្នុងឆ្នាំ ២០២០ ភាគហ៊ុនថៃក៏បានធ្លាក់ចុះជាង ២០% ផងដែរ»។

អ្នកវិភាគបានកត់សម្គាល់ថា «បាតុកម្មបាននិងកំពុងបង្កការលំបាកដល់ការទាក់ទាញវិនិយោគិនចូលមកក្នុងវិស័យថាមពលកកើតឡើងវិញរបស់ថៃ» ខណៈដែលក្រសួងឧស្សាហកម្មថៃបានចេញទិន្នន័យនៅខែកញ្ញា ឆ្នាំមុនដែលបានបង្ហាញអំពីការធ្លាក់ចុះចំនួន ២,៧៥% នៅក្នុងវិស័យរោងចក្រ បើប្រៀបធៀបនឹងឆ្នាំមុន។

ប៉ុន្តែទស្សនវិស័យសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចនឹងមានភាពល្អប្រសើរឡើងបន្តិច បើទោះបីជាស្ថានភាពនយោបាយនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយក៏ដោយ ដោយក្នុងនោះការសិក្សាឯករាជ្យមួយ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាវិនិយោគថៃ (Thailand’s Board of Investment-BOI) បានប្រកាសនៅក្នុងខែធ្នូឆ្នាំ ២០២០ ថា៖

«វិនិយោគិនបរទេសចំនួន ៩៦% ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ មានផែនការបង្កើន ឬបន្តរក្សាវត្តមានរបស់ពួកគេនៅក្នុងប្រទេស»។

នៅឆ្នាំ ២០២១ សហព័ន្ធអង្គការទីផ្សារមូលធនថៃ (Federation of Thai Capital Market Organisations) ក៏បានរាយការណ៍អំពីការកើនឡើងបន្តិចបន្តួចនៃសន្ទស្សន៍ទំនុកចិត្តរបស់វិនិយោគិនសម្រាប់ខែមករា។

ការពន្យល់ជាច្រើនបានកើតមានពាក់ព័ន្ធនឹងការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងការវិនិយោគបរទេសទាំងនេះ។ សម្រាប់ប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ពិតជាបានជួយដល់ការស្តារទំនុកចិត្តរបស់វិនិយោគិន។

កត្តាដែលទំនងមួយទៀតគឺកញ្ចប់លើកទឹកចិត្តរបស់រដ្ឋាភិបាល និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដូចជាច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor-EEC) ដោយក្រុមប្រឹក្សា BOI បានផ្តល់ការលើកលែងពន្ធ និងកាតព្វកិច្ចដល់វិនិយោគិនបរទេស ជាពិសេសអ្នកដែលបានចូលរួមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ៗ ដូចជាការផលិតមនុស្សយន្ត និងជីវឥន្ធនៈ។

ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលថៃក៏បានពន្យល់ពីការកើនឡើងនូវទំនុកចិត្តវិនិយោគិន ដោយបានអះអាងថា «ក្រុមអ្នកជំនួញបានស៊ាំទៅនឹងភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសថៃ» ដោយក្នុងនោះ រដ្ឋមន្ត្រីឧស្សាហកម្មថៃបាននិយាយកាលពីខែតុលាថា៖

«ម្ចាស់អាជីវកម្មបានស្វែងយល់ដឹងអំពីស្ថានភាពនយោបាយរបស់ប្រទេសថៃបន្ទាប់ពីការកើតមានជម្លោះ និងចលនាបាតុកម្មអស់ពេលច្រើនទសវត្សរ៍កន្លងមកនេះ ។ ហេតុដូច្នេះហើយ ពួកគេនឹងមិនងាកចេញពីប្រទេសថៃ ដោយសារតែបញ្ហាបាតុកម្មរបស់និស្សិតនាពេលនេះនោះទេ»។

ក៏ប៉ុន្តែ អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា៖

«ចលនាតវ៉ានាពេលបច្ចុប្បន្ននេះបាននិងកំពុងបង្កជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកចំពោះរបបរាជាធិបតេយ្យ ហើយទំហំនៃការចូលរួមរបស់យុវជនក៏អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងផងដែរដល់សេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសថៃ ជាងការតវ៉ានាពេលមុនៗ»។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាប្រទេសថៃអាចទប់ទល់នឹងព្យុះភ្លៀងនាពេលបច្ចុប្បន្ននេះបាន ក៏វាអាចទៅរួចផងដែរ ដែលវិនិយោគិនបរទេសអាចមានភាពធុញទ្រាន់នឹងភាពវឹកវរផ្នែកនយោបាយម្តងហើយម្តងទៀតនៅក្នុងប្រទេសថៃ ជាពិសេសនៅពេលដែលប្រទេសជិតខាង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសវៀតណាម និងឥណ្ឌូណេស៊ី អាចផ្តល់នូវលក្ខខណ្ឌស្ថិរភាពនយោបាយ និងការលើកទឹកចិត្តផ្នែកវិនិយោគបានល្អប្រសើរជាងប្រទេសថៃ។

លោក Gareth Leather ដែលជាសេដ្ឋវិទូអាស៊ីជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច «Capital London» បានលើកឡើងថា៖

«ប្រសិនបើអ្នកជាវិនិយោគិនដែលចង់បង្កើតរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អ្នកអាចសម្លឹងមើល ប្រទេសវៀតណាម ដែលមានស្ថិរភាពផ្នែកនយោបាយ, មានប្រាក់ឈ្នួលទាប និងមានទីតាំងស្ថិតនៅជិតប្រទេសចិន ហើយបន្ទាប់មក អ្នកអាចក្រឡេកទៅមើល ប្រទេសថៃដែលមាន ប្រាក់ឈ្នួលខ្ពស់ជាងបន្តិច, មិនមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នឹងប្រទេសចិនដូចវៀតណាម និងតែងតែមានភាពចលាចលផ្នែកនយោបាយ! តើអ្នកនឹងជ្រើសរើសប្រទេសមួយណា? ហេតុអ្វីបានជាអ្នកត្រូវជ្រើសរើសយកប្រទេសថៃ?»

ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹង GDP និងចំនួនប្រជាជន ក៏អាចទាក់ទាញការវិនិយោគពីបរទេស ចេញពីប្រទេសថៃផងដែរ ខណៈដែលប្រទេសឥណ្ឌូណេស៊ីក៏មានប្រាក់ឈ្នួលទាប បូករួមនឹងបរិយាកាសនយោបាយប្រកបដោយស្ថិរភាពដូចប្រទេសវៀតណាម។

មន្ត្រីថៃបានទទួលស្គាល់ថា៖

«ការបន្តទទួលបានការវិនិយោគពីបរទេស ពិតជាមានភាពចាំបាច់ណាស់ដើម្បីផ្តល់លំនឹងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ហើយការដោះស្រាយបញ្ហានយោបាយគឺជាគន្លឹះដ៏សំខាន់ក្នុងការអាចសម្រេចបាននូវគោលដៅនេះ»។

ប្រសិនបើប្រទេសថៃចង់រក្សាការប្រកួតប្រជែងជាមួយប្រទេសវៀតណាម, ឥណ្ឌូណេស៊ី និងបណ្តាប្រទេសកំពុងរីកចម្រើនដទៃទៀតនៅក្នុងតំបន់ ប្រទេសថៃចាំបាច់ត្រូវតែស្វែងរកដំណោះស្រាយប្រកបដោយចីរភាពចំពោះចលនាតវ៉ា ដែលដឹកនាំដោយយុវជននាពេលបច្ចុប្បន្ននេះ៕ The Diplomat