ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ វត្តមានលោក សាយ បូរី ធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 73
សម្តេចតេជោ ហ៊ុន សែន៖ វត្តមានលោក សាយ បូរី ធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន៖ វត្តមានលោក សាយ បូរី ធ្វើឱ្យបក្សប្រជាជនកម្ពុជា ទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស​ស្វាគមន៍​ប្រកប​ដោយភាពកក់ក្តៅ និងសោមនស្សរីករាយ ចំពោះវត្តមានរបស់លោកបណ្ឌិត សាយ បូរី ក្នុងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់របស់លោក សាយ បូរី គឺជាការទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត សម្រាប់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍បែបនេះ បន្ទាប់ពីលោក សាយ បូរី បង្ហោះ​សារពីការសម្រេចចិត្តចូលប្រឡូកនយោបាយឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមក​ចូល​រួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញាវ័នដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែមទៀត។ សូមជូនពរឯកឧត្តមសាយ បូរីនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន»

សូមបញ្ជាក់ថា ប្រមាណជា១ម៉ោងមុននេះ លោកសាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បាញល្បី លោកបណ្ឌិត សាយ បូរី បានបង្ហោះសារបង្ហាញពីការសម្រេចចិត្ត​ចូលសង្វៀននយោបាយឡើងវិញ បន្ទាប់ពីសម្រាកអស់រយៈពេលជិត ៣០ឆ្នាំ។

លោកបណ្ឌិត សាយ បូរី បានគូសរំលេចលើហ្វេសប៊ុករបស់លោកថា រូបលោក បានលាលែង​ពីគណបក្សលោកតា សឺន សាន តាំងពីឆ្នាំ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅ​បន្ត​ឯក​រាជរហូត ដើម្បីបម្រើជាតិខ្មែរ។

លោកបន្តថា លោកយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់លោកទាំងស្រុង ជាពិសេស បានឃើញច្បាស់​អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។

លោកបណ្ឌិត បានគូសរំលេចបែបនេះ «ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មាន​លក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការ​បន្ត​វេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​ជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីក​ចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាព​សុខសាន្តក្រោម​ដំបូលនៃសុខសន្តិភាព»

លោកបន្តថា «ខ្ញុំបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ»

បើតាមលោក សាយ បូរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកបានផ្ញើសារគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញទឹកចិត្តរបស់លោក សុំចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា រួមគ្នា​បន្តដំណើរកសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើន​របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

បើតាមលោក សាយ បូរី, សម្តេចតេជោ បានសម្រេចទទួលរូបលោកឱ្យចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជាហើយ។ លោក សាយ បូរី បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចទទួលខ្ញុំភ្លាមឲ្យចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

ក្នុងសំណេរ លោកបណ្ឌិត សាយ បូរី បានរំលេចនូវពាក្យមួយប្រយោគថា «ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស»

អត្ថបទទាក់ទង