ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបានកាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 33
អាជ្ញាធរជាតិអប្សរាបានកាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ អាជ្ញាធរជាតិអប្សរាបានកាត់ក្រីមែកឈើ ដើម្បីសម្រួលឱ្យភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាព និងចូលទស្សនាប្រាសាទក្រោលគោ

នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រាសាទបុរាណចំនួនជិត១០០ប្រាសាទ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងនោះភ្ញៀវទេសចរតែងបានស្គាល់ និងនិយមទៅទស្សនាតែនៅតាមប្រាសាទបុរាណធំៗ ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង និងប្រាសាទបន្ទាយស្រីជាដើម។ ខណៈនៅមានប្រាសាទបុរាណជាច្រើនទៀត ដែលភ្ញៀវទេសចរភាគច្រើន មិនបានស្គាល់ឬមើលរំលង។ ជាក់ស្តែងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទក្រោលគោ។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ និងចូលទស្សនាប្រាសាទជាច្រើន ដែលសុទ្ធសឹងតែមានគុណតម្លៃជាបេតិកភណ្ឌពិភពលោក មិនចាញ់ការចូលទស្សនាប្រាសាទធំៗមួយចំនួន ក្នុងតំបន់អង្គរឡើយ។ តួយ៉ាង នៅតាមផ្លូវទស្សនាវង់ធំ មានប្រាសាទបុរាណជាច្រើន ក្រៅពីប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ ក៏នៅមានប្រាសាទខ្លះទៀត ដូចជា៖ ប្រាសាទប្រី ប្រាសាទបន្ទាយប្រី ប្រាសាទក្រោលគោ និងប្រាសាទក្រោលរមាស ដែលភ្ញៀវទេសចរភាគតិចណាស់បានស្គាល់។
លោកបន្តថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ឱ្យបានស្គាល់ទីតាំងប្រាសាទទាំងនោះកាន់តែច្រើន កាត់បន្ថយការកកស្ទះនៅប្រាសាទធំៗ ការងារចម្បងរបស់មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងតែកាត់ក្រីមែកឈើខ្លះនៅតាមដងផ្លូវ និងបរិវេណជុំវិញប្រាសាទទាំងនោះ មានប្រាសាទប្រី ប្រាសាទបន្ទាយប្រី និងប្រាសាទក្រោលគោ ដើម្បីអាចមើលឃើញទេសភាពនៃប្រាសាទបាន។ ក្រោយពេលការងារកាត់ក្រីមែកឈើ ឱ្យស្រឡះល្អ ក៏ឃើញមានទេសចរខ្លះៗ ដើរឆ្លងកាត់បានឃើញប្រាសាទនេះ ក៏ចូលមកទស្សនាតាមច្រកកំពែងខាងលិចនៃប្រាសាទក្រោលគោ។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានក្តីរំពឹងថា នាថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងបានស្គាល់ប្រាសាទបុរាណមួយនេះកាន់តែច្បាស់ ដោយផ្សារភ្ជាប់ជាមួយការទស្សនាប្រាសាទនាគព័ន្ធ។ ជំហានបន្ទាប់ក្រុមការងារ គ្រោងរៀបចំដាក់ស្លាកសញ្ញាបន្ថែម និងបំពាក់នូវព័ត៌មានប្រវត្តិសាស្ត្រនៃប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់។

សូមជម្រាបថា ប្រាសាទក្រោលគោ គឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងជើងប្រាសាទនាគព័ន្ធ។ ប្រាសាទក្រោលគោ មានប្រាង្គតែមួយ ស្ថិតនៅលើលានរាងកាកបាទ និងមានបណ្ណាល័យមួយ ធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទ ធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និងមានគូទឹកព័ទ្ធជុំវិញ៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា និងលោក ភោគ ជា

អត្ថបទទាក់ទង