ខ្មែរប៉ុស្ដិ៍ Close

អាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 88
អាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល សម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន៥សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បងតាមរយៈបញ្ចកោណយុទ្ធសាស្រ្ត នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក៏មានគោលដៅយុទ្ធសាស្រ្តចំនួន៥រួមមាន៖
ទី១- ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។
ទី២- បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន។
ទី៣- សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។
ទី៤- បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ដ៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។
ទី៥- ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទទាក់ទង