៤ ចំនុចដ៏ទាក់ទាញរបស់កម្ពុជា ដែលប្រទេសផ្សេងៗកម្រមានដូច
ទេសចរណ៍ ជាវិស័យមួយទាញចំណូលសេដ្ឋកិច្ចដ៏ច្រើនក្នុងចំណោមវិស័យឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម តាមរយៈលំហូរការចំណាយរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ហូ វណ្ឌី ជាសហគ្រិនជើងចាស់ក្នុងវិស័យទេសចរណ៍មួយរូបថ្លែងថា វិស័យដ៏មានសក្ដានុពលមួយនេះ បានបន្សល់ទុកសម្រាប់ប្រជាជាតិ និងកូនចៅខ្មែរជំនាន់ក្រោយ ត្រូវដឹង និងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបានអស់នេះឲ្យយូរអង្វែង។ ក្នុងនោះលក្ខណៈពិសេស ៤យ៉ាង ដែលប្រទេសផ្សេងគ្មានដូចកម្ពុជា រួមមាន៖
១. ទេសចរណ៍វប្បធម៌
(ប្រាសាទ បាយ័ន)
ទេសចរណ៍វប្បធម៌របស់កម្ពុជា ប្រាង្គប្រាសាទជាង ១ពាន់ប្រាសាទទូទាំងប្រទេស ខណៈសៀមរាបមានជាង ១០០ប្រាង្គប្រាសាទ។ នេះជាចំណុចសំខាន់ទី ១ ដែលបានធ្វើឲ្យកម្ពុជាល្បីរន្ទឺលើពិភពលោករហូតទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ក្នុងមួយឆ្នាំៗ។
២. ទេសចរណ៍ធម្មជាតិ
(បឹងយក្សឡោម)
តំបន់ធម្មជាតិមានច្រើនកន្លែង ជាក់ស្ដែងដូចជាបឹងយក្សឡោមមានអាយុ ៥ពាន់ឆ្នាំមុនគ្រិស្តសករាជ និងឆ្នេរសមុទ្រកម្ពុជា ជាប់ក្នុងតារាងឆ្នេរស្អាតបំផុតលើពិភពលោក។
៣. ទេសចរណ៍សហគមន៍
(សហគមន៍ព្រៃកោងកាងត្រពាំងសង្កែ)
តំបន់រមណីយដ្ឋាន ព្រៃភ្នំ ឧទ្យានសត្វ ជាដើម យើងគួរចូលរួមស្វែងរក និងបង្ហោះលើបណ្ដាញសង្គមណាមួយ គឺជាការជួយបង្ហាញ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាដល់អ្នកផ្សេងមិនទាន់ទៅដល់។ យ៉ាងណាមិញ បច្ចុប្បន្ន កម្ពុជា ក៏មានឧទ្យានទេសចរណ៍មួយចំនួនមិនមែនទេសចរណ៍ធម្មជាតិ ទើបផុសឡើងមួយៗ តួយ៉ាង សួនសត្វសាហ្វារីភ្នំពេញ ដែលទើបសម្ពោធថ្មីៗនេះ។
៤. ប្រជាជនរួសរាយរាក់ទាក់បំផុត
(សិស្សានុសិស្សកម្ពុជា)
ដោយឡែក កាលពីខែមីនា កន្លងទៅ កម្ពុជា បានជាប់ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត បើគិតក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើគិតនៅទូទាំងពិភពលោកវិញ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤ ក្រោមព័រទុយហ្គាល់ តៃវ៉ាន់ និងម៉ិកស៊ីកូ។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់ Expat Insider ដែលបោះពុម្ភផ្សាយនៅលើវេបសាយបណ្ដាញអ្នករស់នៅក្រៅប្រទេស Internations៕