ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 34
ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី

នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឱ្យរូប​វន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា តំណាងឱ្យសំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃ​ដ៏ឧត្តុង្គ​ឧត្តមនៃគោរមងារឧកញ៉ាដែលជាសមាជិកទាំងអស់។ សមាគមឧកញ៉ាកម្ពុជា ត្រូវ​បានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួលស្គាល់ជាផ្លូវការដោយ​ក្រសួងមហា​ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ច​ផ្នែកបច្ចេក​ទេស​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាប្រធានកិត្តិយស តាមរយៈលិខិត​របស់ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លេខ៣៥០ និងសជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងរៀបចំពង្រាងព្រះរាជក្រឹត្យថ្មីមួយស្តីពីឧកញ៉ា។ ក្នុងពង្រាងនោះ នឹងមានកែសម្រួលមាត្រាចំនួន៣ និងមាត្រាមួយចំនួនទៀត។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលព្រះរាជក្រឹត្យចេញ សម្តេចតេជោ អនុញ្ញាតឱ្យអ្នកឧកញ៉ា លី យ៉ុង ផាត លើកសំណើផ្តល់គោរមងារ «លោកអ្នកឧកញ៉ា» ដែលជាគោរមងារថ្នាក់ខ្ពស់។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងបណ្តាញ ឬបក្ខពួកនោះឡើយ។
  4. សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ឧកញ៉ានៅកម្ពុជា តែងចូលរួមក្នុងសកម្មភាពសង្គម តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។
  5. សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូលរួមចំណែករបស់ឧកញ៉ាក្នុងសង្គម ជាការស្តែងឱ្យឃើញនូវប្បធម៌ចែករំលែក សម្បុរសធម៌ និងសាមគ្គីភាព។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។ ៥ឆ្នាំចុងក្រោយ ទុនវិនិយោគក្នុងស្រុកតែងជាប់លេខរៀងទី១ ឬទី២។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគក្នុងស្រុកបានរួមចំណែកធំធេងក្នុងសង្គមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចម្រើនលូតលាស់របស់ជាតិប្រកបដោយថាមវន្ត មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងជនរួមជាតិនោះឡើយ។
  9. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ។
  10. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ាប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងជួយប្រជាពលរដ្ឋដូចពាក្យស្លោកថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។
  11. សម្តេចតេជោ ហ៊ុន សែន សូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
  12. សម្តេចតេជោ ហ៊ុន​ សែន មានអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
  13. សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និងសកល។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា៕

Fresh News

អត្ថបទទាក់ទង