ខ្មែរប៉ុស្ដិ៍ Close

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 28
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨  រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង ទើបរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ តំបន់ភ្នំគូលែនផងដែរ។

សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា ពិព័រណ៍ខាងលើនេះ នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ។ សាធារណជន ក៏អាចស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា។ ក្នុងថ្ងៃទី១៨នោះដែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិអាចចូលទស្សនាបានដោយឥតគិតថ្លៃ៕

អត្ថបទ និងរូបភាព៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

អត្ថបទទាក់ទង