ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «ចូលឆ្នាំថ្មីបង្ហាញក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 28
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «ចូលឆ្នាំថ្មីបង្ហាញក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «ចូលឆ្នាំថ្មីបង្ហាញក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ»

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បានប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ និង​បានបិទ​បញ្ចប់ទៅថ្មីៗ​នេះក្នុងបរិយាកាសដ៏សែនសប្បាយរីករាយនៃសង្គមគ្រួសារខ្មែរយើង ហើយ​ភាព​សប្បាយ​រីក​រាយ​របស់ប្រជាពលរដ្ឋហាក់បីដូចជាមានសភាពអធិកអធមយ៉ាងខ្លាំងក្រៃលែង បើទោះ​បីជា​ពិភពលោក នៅមិនទាន់ឆ្លងផុតពីវិបត្តិកូវីដ-១៩ ហើយវិបត្តិ​សង្គ្រាមអ៊ុយ​ក្រែននៅ​តែបន្ត​ដែលបង្ក​ជាបញ្ហាអតិផរណានៅជុំវិញពិភពលោកក៏ដោយ។

ទិដ្ឋភាពទាំងអស់នេះ ត្រូវបានរំលេចឡើងវិញតាមរយៈវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរយៈពេលជាង១២នាទី។ យោងរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានអោយដឹងថា នៅក្នុង​រយៈ​ពេល​បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរដើរកម្សាន្តសរុបជាង ១៣លាននាក់នៅទូទាំងប្រទេស។ ខេត្តទេសចរណ៍សំខាន់ៗសុទ្ធតែ បានទទួលអ្នកទេសចរយ៉ាងច្រើនកកកុញ ទាំងភ្ញៀវក្នុងស្រុកនិងបរទេស។

ចំណែកឯប្រជាពលរដ្ឋខ្មែរដែលមិនបានចេញដើរកម្សាន្តតាមទីរមណីយដ្ឋាននានា ក៏ពួកគេ នៅចាំទទួលសាច់ញាតិមកជួបជុំគ្នាដើម្បីកម្សាន្តសប្បាយនៅក្នុងគ្រួសារ ឬក្នុងសហគមន៍យ៉ាងរីករាយក្រៃលែង។ ហើយទោះបីជាមិនបានដើរចេញទៅណាឆ្ងាយក៍ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងនោះក៏បានទស្សនាកម្មវិធីកម្សាន្តសប្បាយនានាតាមរយៈកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមជាដើមដោយមិនបានរំលងព្រឹត្តិការណ៍ណាមួយនោះឡើយ។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រាប់ទាំងអ្នករស់នៅក្រៅប្រទេសផង សុទ្ធតែបានចូលរួមអបអរអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះ ក៏មានពលរដ្ឋខ្មែរជាច្រើនទៀតបានឆ្លៀតឱកាសពេលឈប់សម្រាកនេះដើម្បីចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសផងដែរ។ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះបានបង្ហាញអំពីភាពចម្រុះជាច្រើនទម្រង់និងគួរឲ្យទាក់ទាញ ដែលខ្លឹមសារលំអិតនឹងពិពណ័នានៅក្នុងវីដេអូផ្លូវការនេះ។

យើងអាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលទើបតែកន្លងផុតទៅនេះ មិនត្រឹមតែជាឱកាសដ៏សប្បាយរីករាយរបស់ពលរដ្ឋខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដែលខ្មែរបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតប្រទេសជាតិនិងអនាគតរបស់ខ្លួនក៏ដូចជាកូនចៅរបស់ខ្លួនក្រោមម្លប់សុខសន្តិភាព។ ដូច្នេះ គ្មានពលរដ្ឋខ្មែរណាម្នាក់ប្រាថ្នាចង់ឃើញស្រមោលអតីតកាលដ៏ខ្មៅងងឹតវិលមកលងប្រទេសជាតិនិងមកបំផ្លាញអនាគតកូនចៅរបស់ខ្លួនជាថ្មីម្តងទៀតឡើយ៕

សូមគោរពអញ្ជើញទស្សនាវីដេអូ៖

អត្ថបទទាក់ទង