ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការណែនាំឱ្យម្ចាស់អាជីវករដឹកជញ្ជូនអ្នកដំណើរចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ កាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកនៃឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

សេចក្តីណែនាំរបស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងជំនាញនេះ បានបន្តថា ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ពីការរក្សាគម្លាតសុវត្ថិភាព និងសម្អាតកន្លែងផ្តល់សេវាដល់អតិថិជនឱ្យបានស្អាតជានិច្ច ជាពិសេស នៅចំណតយានយន្ត បញ្ជរលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ បន្ទប់អនាម័យ ជាដើម។ ជាមួយគ្នានេះ ក៏ត្រូវត្រួតពិនិត្យ និងតាមដានសុខភាពអ្នកបើកបរ និងបុគ្គលិកបម្រើសេវាជាប្រចាំ ដោយតម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលវេលា ហើយបើមានការសង្ស័យលើសុខភាពរបស់ពួកគាត់ ត្រូវឱ្យពួកគាត់ឈប់សម្រាក និងបញ្ជូនគាត់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។

លោក ទេសរដ្ឋមន្ត្រី បន្តថា៖

ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន ក៏ត្រូវប្រើប្រាស់ទឹកអាល់កុល ឬសារជាតិសម្លាប់មេរោគ ដើម្បីលាងសម្អាតរាល់វត្ថុទាំងឡាយនៃរថយន្ត ដែលអ្នកធ្វើដំណើរតែងប៉ះពាល់ដូចជា របារតោង ភ្នាក់ដៃ កៅអី ទ្វារ ឱ្យបានជាប្រចាំនៅមុននិងក្រោយពេលអ្នកដំណើរឡើងចុះ។ ចំណែក នៅតាមរថយន្តនីមួយៗ ត្រូវបើកឱ្យមានខ្យល់ចេញចូល ចៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក ស្របពេលអ្នកដំណើរ ត្រូវកំណត់ឱ្យឡើងជិះដោយពាក់ម៉ាស់វាស់កម្ដៅ ប្រើទឹកអាល់កុល ឬទឹកជែល សម្រាប់លាងដៃ និងរក្សាគម្លាតសុវត្តិភាព។

ក្នុងករណី ពិនិត្យឃើញមានអ្នកដំណើរមានអាការដូចជា៖

ក្តៅខ្លួនលើសពី៣៧,៥អង្សាសេ មានក្អក ឬឈឺបំពង់ក ឬមាន បញ្ហាក្នុងការដកដង្ហើម មិនត្រូវអនុញ្ញាតឱ្យឡើងជិះរថយន្តឡើយ និងត្រូវណែនាំឱ្យគាត់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់ ឬទូរស័ព្ទទៅបណ្តាញទំនាក់ទំនងទាន់ហេតុការណ៍លេខ១១៥របស់ក្រសួងសុខាភិបាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះផងដែរ៕


អត្ថបទទាក់ទង