ខ្មែរប៉ុស្ដិ៍ Close

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែចាប់ទុកកត្តាសុខសន្តិភាព ជាកត្តាចម្បង និងសំខាន់បំផុតមិនអាចខ្វះបាន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែចាប់ទុកកត្តាសុខសន្តិភាព ជាកត្តាចម្បង និងសំខាន់បំផុតមិនអាចខ្វះបាន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅតែចាប់ទុកកត្តាសុខសន្តិភាព ជាកត្តាចម្បង និងសំខាន់បំផុតមិនអាចខ្វះបាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គ្មានការអភិវឌ្ឍណាមួយ អាចរស់នៅបានក្រៅដំបូលសន្ដិភាពនោះទេ ហើយក៏គ្មានប្រទេសណា គេទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាពដែរ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី បានរំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ទេ នោះប្រទេសកម្ពុជា នឹងមានការរីកចម្រើនយ៉ាងខ្លាំងជាក់ជាមិនខាន ហើយពេលនេះ ប្រជាពលរដ្ឋកម្ពុជា ក៏អាចមានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហាររបស់ លន់ នល់។  លោកបន្តថា ប្រទេសគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ ហើយសុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ។ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកវិនិយោគគេទៅបណ្តាក់ទុកវិនិយោគនៅប្រទេសណាដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ពោលគឺគ្មានការវាយប្រហារភេរវកម្ម និងគ្មានចលាចលផ្នែកនយោបាយ។

លោកនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលធ្លាប់បែកបាក់ផ្ទៃក្នុង និងជួបសង្រ្គាមជាហូរហែរមក តាំងពី៥០០ឆ្នាំមុនមកម្លេះ។ កម្ពុជាធ្លាប់ជួបសង្រ្គាមរុាំរ៉ៃ រហូតធ្លាក់ចុះពីមួយដំណាក់កាល ទៅមួយដំណាក់កាល ដែលជាមូលហេតុនាំឱ្យកម្ពុជារួមទឹកដីតូចជាងមុន។ សង្គ្រាមក្នុងស្រុក បូករួមនឹងសង្គ្រាមជាមួយប្រទេសជិតខាង បានផ្តល់នូវការខាតបង់ជាច្រើនដល់កម្ពុជា ដូច្នេះយើងជាកូនចៅជំនាន់ក្រោយ ត្រូវចេះសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមនុស្សសម័យក្រោយៗទៀត ត្រូវតែខិតខំថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីមានឱកាសកសាង និងអភិវឌ្ឍន៍ឱ្យប្រទេសជាតិរីកចំរើនជឿនលឿនបាន៕


អត្ថបទទាក់ទង