ខ្មែរប៉ុស្ដិ៍ Close

ការធ្វើរដ្ឋប្រហារនានានៅលើពិភពលោកដែលដឹកនាំដោយអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 41
ការធ្វើរដ្ឋប្រហារនានានៅលើពិភពលោកដែលដឹកនាំដោយអាមេរិក ការធ្វើរដ្ឋប្រហារនានានៅលើពិភពលោកដែលដឹកនាំដោយអាមេរិក

ខាងក្រោមនេះជាសម្រង់ខ្លឹមសារសំខាន់ៗចេញពីវីដេអូមួយ នៃ Channel YouTue: Johnny Harris

១. ​អាវុធ​ដែល​ប្រទេស​មាន​អំណាច​បានបន្តប្រើ​ ដើម្បី​កម្ចាត់​មេដឹកនាំ​នៃប្រទេស​ដទៃដែល​ខ្លួន​មិន​ចូលចិត្ត​ ត្រូវបានគេហៅថា «រដ្ឋប្រហារ» ​ដែល​មាន​ន័យ​ថា​ «ការ​បណ្តេញ​រដ្ឋាភិបាល​ចេញ​ពី​អំណាច» ដោយគ្មានការបោះឆ្នោត និងគ្រាន់តែជាការរឹបអូសយកអំណាចតាមរយៈការរុញនរណាម្នាក់ចេញ និងការដាក់នរណាម្នាក់ផ្សេងទៀតឱ្យចូលជំនួស។

២. រដ្ឋប្រហារបានកើតឡើងតាមរបៀបផ្សេងៗគ្នា ក៏ប៉ុន្តែខ្ញុំចង់បង្ហាញអ្នកអំពីរបៀបដែលរដ្ឋប្រហារត្រូវបានអាមេរិកប្រើជាឧបករណ៍ ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាននៅលើឆាកអន្តរជាតិ។ ខ្ញុំនឹងលើកឡើងនូវរដ្ឋប្រហារសំខាន់ៗមួយចំនួនដែលដឹកនាំដោយអាមេរិកនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីបង្ហាញថា «ខណៈពេលដែលពេលខ្លះ វាហាក់បីដូចជាយើងកំពុងរស់នៅក្នុងពិភពលោកដែលពោរពេញដោយសណ្តាប់ធ្នាប់និងច្បាប់ ប៉ុន្តែធាតុពិតប្រទេសដែលមានអំណាចបំផុតតែងតែអាចធ្វើអ្វីៗបានតាមតែចិត្តរបស់ពួកគេ និងតាមគ្រប់មធ្យោបាយទាំងអស់»។

៣. ខាងក្រោមនេះគឺជារបៀបដែលខ្ញុំកំណត់រដ្ឋប្រហារដែលដឹកនាំដោយអាមេរិក៖

  • ទី១ គឺ «រដ្ឋប្រហារដែលជោគជ័យ»។ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនដែលបរាជ័យ ក៏ប៉ុន្តែយើងនឹងមិនលើកឡើងអំពីវាទេ។
  • ទី២ គឺ «​មាន​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​យ៉ាងតិច​ម្នាក់ ​ដែលបានចូលរួមនៅក្នុង​រដ្ឋប្រហារ» និង​
  • ទី៣ «យើង​ត្រូវ​ការ​នូវភស្តុតាង​ជាក់​ស្តែង​ដែល​បញ្ជាក់ថា​ អាមេរិក​ពិត​ជា​បាន​ចូល​រួមមែន ដោយមិន​មែន​គ្រាន់​តែ​ផ្អែកលើការ​ស្មាននោះទេ»។

៤. បើទោះបីជាអាមេរិកបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូររបបអស់ជាច្រើនរាប់មិនអស់នៅជុំវិញពិភពលោកក៏ដោយ ក៏យើងនឹងលើកឡើងតែរដ្ធប្រហារមួយចំនួនប៉ុណ្ណោះ។ ទាំងនេះគឺជារដ្ឋប្រហារដែលជាឧទាហរណ៍ដ៏ល្អបំផុត អំពីរបៀបដែលឧបករណ៍មួយនេះត្រូវបានប្រើប្រាស់នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងនឹងចាប់ផ្តើមជាមួយប្រទេសឯករាជ្យ Hawaii ។ នៅឆ្នាំ ១៨៩៣ អាមេរិកបានចាប់ផ្តើមមានអារម្មណ៍ថា «Hawaii គឺជាការគំរាមកំហែងចំពោះការគ្រប់គ្រងរបស់អាមេរិក»។

៥. ដូច្នេះ អាមេរិកបានបញ្ជូនកប៉ាល់យោធាដែលមានទាហានរាប់រយនាក់ទៅកាន់ទីក្រុង Honolulu ហើយពួកគេបានផ្តួលរំលំមហាក្សត្រីនៃរដ្ឋ Hawaii និងបានលើកបន្តុបកូនចៅម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត គឺលោក Sanford B. Dole ឱ្យឡើងធ្វើជាប្រធានាធិបតីថ្មី។ នេះគឺជារដ្ឋប្រហារលើកទី១ របស់សហរដ្ឋអាមេរិក ហើយវាបានកំណត់អំពីដំណាក់កាល ដែលមិនត្រឹមតែសម្រាប់គ្រួសាររបស់ប្រធានាធិបតី Hawaii ថ្មីក្នុងការពង្រីកសាជីវកម្មអន្តរជាតិដ៏មានឥទ្ធិពលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់រដ្ឋ Hawaii ដែលត្រូវបានបញ្ចូលទៅក្នុងផ្នែកមួយរបស់អាមេរិកទៀតផង។

៦. រដ្ឋប្រហារ​នេះ​មានលក្ខណៈ​ព្រៃផ្សៃ​ណាស់ ហើយវាគឺជាចំណុចរបត់មួយក្នុងការបង្ហាញអំពីរបៀបដែលអាមេរិកអាចដកមេដឹកនាំចេញពីអំណាច នៅទីកន្លែងកាន់តែឆ្ងាយៗ។ យើង​នឹង​បន្ត​ទៅ​រដ្ឋប្រហារ​បន្ទាប់ ដែលមានជាប់ទាក់ទងនឹងប្រទេសអេស្ប៉ាញ។ ថ្ងៃដ៏រុងរឿងរបស់អេស្ប៉ាញបានមកដល់ រួចហើយក៏បានរលាយបាត់ទៅវិញ ហើយអេស្ប៉ាញក៏បានក្លាយជាអាណាចក្រមួយដែលកំពុងធ្លាក់ចុះ។

៧. ការតស៊ូប្រឆាំងដ៏ធំចំពោះការដាក់អាណានិគមរបស់ពួកគេបានចាប់ផ្តើម ជាពិសេសនៅគុយបា, ព័រតូរីកូ និងហ្វីលីពីន។ ទន្ទឹមនឹងនេះ អាមេរិកគឺជាចក្រភពដែលកំពុងរីកចម្រើន ហើយពួកគេពិតជាមិនសប្បាយចិត្តជាមួយនឹងអេស្ប៉ាញទេ ដែលបានដាក់អាណានិគមលើប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីខ្លួន។

៨. ប៉ុន្តែនៅពេលជាមួយគ្នានេះ អាមេរិកក៏មិនចូលចិត្តគំនិតស្តីពីឯករាជ្យភាពពិតប្រាកដសម្រាប់គុយបា ឬព័រតូរីកូ នោះដែរ ពីព្រោះវាសុទ្ធតែជាដែន​កោះ​យុទ្ធសាស្ត្រ​របស់អាមេរិក។ ដូចគ្នាទៅនឹងកោះ Hawaii ដែរ ក្រុមហ៊ុនអាមេរិកមានបោះទុនវិនិយោគទៅលើកោះទាំងនោះ ជាពិសេសគឺនៅគុយបា។ ឯករាជ្យភាពអាចធ្វើឱ្យក្រុមហ៊ុនអាមេរិកត្រូវបានបណ្តេញចេញ។ ហេតុដូច្នេះហើយ អាមេរិក​បានព្យាយាមស្វែងយល់អំពីការ​ប្រយុទ្ធ​គ្នា​រវាង​អេស្ប៉ាញជាមួយនិង​ប្រទេសក្រោមអាណានិគម​របស់​ពួកគេ។

៩. អាមេរិកបានប្រើប្រាស់ឧប្បត្តិហេតុនៃការផ្ទុះមួយដែលបានកើតឡើងទៅលើនាវាកងទ័ពជើងទឹកអាមេរិកជាលេស បើទោះបីជាវាអាចជាគ្រោះថ្នាក់ជាយថាហេតុ និងអាចមិនមែនជាការវាយប្រហារក៏ដោយ។ ប៉ុន្តែពេលខ្លះ រឿងរ៉ាវ មានសារៈសំខាន់ជាងការពិត។ អាមេរិក​បានបញ្ជូន​ទ័ពឱ្យ​ទៅជួយ​រំដោះ​ពួក​ឧទ្ទាម​ដែល​កំពុងប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម​អេស្ប៉ាញ​ ដោយ​បានសន្យា​ថា​ «ពួកគេ​នឹងទទួលបានឯករាជ្យ មិន​ត្រឹម​តែ​នៅ​គុយបា និង​ព័រតូរីកូ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងនៅ​ហ្វីលីពីន និង​កោះហ្គាំផងដែរ»។

១០. ការបះបោរក្នុងតំបន់ទាំងនេះ នៅទីបំផុតអាមេរិកបានបណ្តេញអេស្ប៉ាញចេញ ហើយអាមេរិកបានបំភ្លេចការសន្យារបស់ពួកគេក្នុងការផ្តល់ឯករាជ្យដល់អ្នកក្នុងស្រុកទាំងនេះ និងបានស្វែងរកវិធីដើម្បីគ្រប់គ្រងដោយប្រយោលលើគុយបា និងព័រតូរីកូ។ អាមេរិកបានកេងចំណេញពីចលនាឯករាជ្យមួយចំនួន ដើម្បីធ្វើរដ្ឋប្រហារជាច្រើនក្នុងពេលតែមួយ។

១១. សកម្មភាពទាំងនេះបានអនុញ្ញាតឱ្យអាមេរិកលើកបន្តុបមេដឹកនាំដែលមានទំនោរគាំទ្រអាមេរិក និងអាចតាំងមូលដ្ឋានទ័ពជើងទឹកនៅគុយបា ហើយនៅទីបំផុតបានកាត់បញ្ចូលប្រទេសព័រតូរីកូនិងកោះហ្គាំ និងប្រទេសហ្វីលីពីន យកមកកាន់កាប់អស់រយៈពេល ៤៨ ឆ្នាំ។ រដ្ឋប្រហារបន្ទាប់គឺនៅនីការ៉ាហ្គ័រនៅឆ្នាំ ១៩០៩។ នៅទីនោះមានក្រុមហ៊ុនអាមេរិកដ៏មានឥទ្ធិពលជាច្រើន ក៏ប៉ុន្តែប្រធានាធិបតីថ្មីដែលបានឡើងកាន់អំណាចបានប្តេជ្ញាថានឹងបង្កើនការគ្រប់គ្រងលើក្រុមហ៊ុនទាំងនេះ។ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងនោះទេ។

១២. ដូច្នេះ រដ្ឋមន្ត្រីការបរទេសបានចាប់ផ្តើមផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដើម្បីកម្ចាត់បុរសម្នាក់នេះ តាមរយៈការនិយាយថា «ប្រធានាធិបតីរូបនេះកំពុងសាងសង់ព្រែកជីកមួយ ដើម្បីប្រកួតប្រជែងជាមួយនឹងព្រែកជីកប៉ាណាម៉ា (Panama Canal)» ក៏ប៉ុន្តែ​ធាតុពិត​ គឺអាមេរិកមានការ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​នីការ៉ាហ្គ័របា​នខ្ចី​ប្រាក់​ពី​អឺរ៉ុប។

១៣. អាមេរិក​បានបន្ត​លាប​ពណ៌​បុរស​នេះ​ជា​ «ឧក្រិដ្ឋជន​សង្គ្រាម» និង​ជា​ «មនុស្ស​ដែលសម​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញពីអំណាច»។ អាមេរិកបញ្ជូនកប៉ាល់ទៅកាន់ឆ្នេរសមុទ្រទាំង២ របស់ប្រទេសនីការ៉ាហ្គ័រ ហើយពួកគេបានប្រមូលផ្តុំកងម៉ារីនជាច្រើននៅប៉ាណាម៉ាដើម្បីបង្អួតកម្លាំងដាក់ប្រទេសនីការ៉ាហ្គ័រ និងដើម្បីផ្ញើសារដល់ប្រធានាធិបតីឱ្យចុះចេញពីតំណែង។

១៤. អត្ថប្រយោជន៍នៃការក្លាយជាមហាអំណាចដែលកំពុងកើនឡើង ពិតជាបានផ្តល់នូវឥទ្ធិពល ហើយនៅទីបំផុត ប្រធានាធិបតីរូបនេះក៏គ្មានជម្រើសអ្វីក្រៅពីការចុះចេញពីតំណែងនោះដែរ។ មិនយូរប៉ុន្មាន មេដឹកនាំដែលអាមេរិកពេញចិត្ត បានឡើងកាន់អំណាច ហើយរដ្ឋប្រហារក៏បានបញ្ចប់។ ជាក់ស្តែង នេះគឺជាលើកដំបូងហើយក្នុងចំណោមករណីជាច្រើន នៃការជ្រៀតជ្រែករបស់អាមេរិកនៅនីការ៉ាហ្គ័រ។

១៥. នៅប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អាមេរិក​បានវិលត្រឡប់​មក​វិញ​ក្នុងការធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​នៅ​ប្រទេស​ហុងឌុយរ៉ាស់។ វា​ត្រូវ​បាន​គ្រោង​ឡើងដោយ​ក្រុម​ពលរដ្ឋ​អាមេរិកាំង ហើយ​វា​បានធ្វើ​តាម​លំនាំ​ស្រដៀង​គ្នា​នឹងរដ្ឋប្រហារកាលពីមុនដែរ។ ប្រធានាធិបតីថ្មីបានមកដល់ទីក្រុង ហើយលោកបានលើកឡើងអំពីចេតនាចង់ដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញពីបណ្តាអាជីវកម្មអាមេរិក។

១៦. ម្ចាស់ក្រុមហ៊ុន ដែលជាជនជាតិអាមេរិកនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងទេ ហើយក្នុងចំណោមនោះគឺមានអ្នកជំនួញម្នាក់ឈ្មោះ «Sam the Banana Man»។ លោកនឹងមិនអនុញ្ញាតឱ្យប្រធានាធិបតីដ៏អាក្រក់រូបនេះអាចបន្តគ្រប់គ្រងប្រទេសបានទេ។ ដូច្នេះ លោកបានប្រមូលផ្តុំកងជីវពលផ្ទាល់របស់លោក និងបានទិញកប៉ាល់កងទ័ពជើងទឹកដែលផ្ទុកទៅដោយអាវុធ ដើម្បីចាប់ផ្តើមយុទ្ធនាការរបស់លោកក្នុងការបណ្តេញប្រធានាធិបតីនេះចេញពីតំណែង។

១៧. លោកបានជិះទូកពី New Orleans ទៅកាន់ឆ្នេរសមុទ្រនៃប្រទេសហុងឌុយរ៉ាស់ ហើយលោកបានចូលលុកលុយហុងឌុយរ៉ាស់ ដោយប្រើកងទ័ពឯកជន។ តើរដ្ឋាភិបាលអាមេរិកនៅឯណានៅក្នុងរឿងនេះ? ជាក់ស្តែង ពួកគេក៏មិនចូលចិត្តទិសដៅនយោបាយរបស់ហុងឌុយរ៉ាស់ដែរ។ ដូច្នេះ​ ពួកគេ​បាន​ឈរ​នៅស្ងៀម និងបាន​ទុក​ឱ្យការ​ឈ្លាន​ពាន​ឯកជន​នេះ​កើត​ឡើង។

១៨. ហើយនៅពេលដ៏សំខាន់បំផុត អាមេរិកបានលូកដៃចូលតាមរយៈការបញ្ជាឱ្យបង្កើតបទឈប់បាញ់ ដែលនេះគឺជាវិធីសាស្ត្រមួយដែលត្រូវបានធ្វើឡើងដើម្បីសម្លុតប្រធានាធិបតីឱ្យចុះចេញពីតំណែង។ ប្រធានាធិបតី​គ្មាន​ផ្លូវ​ទៅ​មុខ, គ្មាន​អ្នក​ការពារ ហេតុដូច្នេះហើយ​ លោកក៏បាន​លាលែង​ពី​តំណែង។ មនុស្សរបស់លោក Banana Man ក៏បានឡើងកាន់តំណែងជាប្រធានាធិបតី និងបានផ្តល់ឱ្យអ្នកជំនួញរូបនេះនូវឋានៈដ៏ពិសេសមួយ ក្នុងការនាំចូលអ្វីៗគ្រប់យ៉ាងដែលលោកចង់នាំចូលដោយមិនបាច់បង់ពន្ធ។

១៩. ប្រធានាធិបតីថ្មីថែមទាំងបានបង់លុយសងអ្នកជំនួញនេះវិញទៀតផង សម្រាប់ការចំណាយលើរដ្ឋប្រហារ (ដោយប្រើលុយជាតិរបស់ហុងឌុយរ៉ាស់)។ លោក Banana Man បានផ្តួលរំលំរដ្ឋាភិបាល និងបានឱ្យប្រទេសហុងឌុយរ៉ាស់ត្រូវបង់ថ្លៃចំណាយលើការធ្វើរដ្ឋប្រហារ។ សូមបន្តឆ្ពោះទៅមុខទៅកាន់ទសវត្សរ៍ឆ្នាំ ១៩៥០ នៅពេលដែលរដ្ឋប្រហារបានក្លាយជាឧបករណ៍មានប្រយោជន៍ជាងមុនសម្រាប់អាមេរិក។

២០. ទីភ្នាក់ងារអាមេរិកថ្មីមួយត្រូវបានបង្កើតឡើងដើម្បីប្រមូល និងវិភាគព័ត៌មានពីទូទាំងពិភពលោក ដែលមានសារៈសំខាន់សម្រាប់ចារកម្ម។ ពួកគេបានហៅវាថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់—CIA»។ ទីភ្នាក់ងារនេះបានផ្លាស់ប្តូរទាំងស្រុងនូវសិល្បៈនៃការធ្វើរដ្ឋប្រហារ។ នៅ​ត្រង់​ចំណុច​នេះ អាមេរិក​បានក្លាយ​ជា​មហាអំណាច​ពេញ​លេញហើយ។

២១. អាមេរិកបានបោះជំហានទៅមុខនៅក្នុងពិភពលោកទាំងមូល ដោយបានវិនិយោគធនធានដ៏ច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងគូប្រជែងអន្តរជាតិ និងមនោគមវិជ្ជាកុម្មុយនីស្ត។ រឿងរ៉ាវបានកើតឡើងនៅ​អ៊ីរ៉ង់​នៅឆ្នាំ ១៩៥៣ ដែល​ពេលនោះអ៊ីរ៉ង់​ទើប​តែ​បាន​ជ្រើសរើស​អ្នក​នយោបាយ​​ថ្មីគឺលោក Mohammad Mosaddegh។ លោកបានបង្កើនអំណាច តាមរយៈការជឿថា «អ៊ីរ៉ង់ត្រូវតែដណ្តើមយកការគ្រប់គ្រងមកវិញនូវធនធានធម្មជាតិដ៏មានតម្លៃបំផុតរបស់ខ្លួន គឺប្រេង» ដែលនៅពេលនោះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនអង់គ្លេស ដែលមានឈ្មោះថា «ក្រុមហ៊ុនប្រេងអង់គ្លេស-អ៊ីរ៉ង់» «បច្ចុប្បន្ន វាត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន BP)។

២២. លោក Mosaddeghបាន និយាយថា «ចូរយើងបណ្តេញជនជាតិអង់គ្លេសចេញហើយយកប្រេងរបស់យើងមកវិញ»។ ប៉ុន្តែ​ដូច​អាមេរិកដែរ គឺអង់គ្លេស​មិន​សប្បាយ​ចិត្ត​នឹង​អ៊ីរ៉ង់ ​ដែល​ព្យាយាម​ចង់បានធនធានរបស់​ខ្លួន​មកវិញឡើយ។ ដូច្នេះ​ អង់គ្លេសបាន​ព្រមាន​ថា «ការ​ធ្វើ​បែប​នេះ​នឹង​នាំមកនូវផល​វិបាក»។ អង់គ្លេសបានជួបជាមួយបុរសមជ្ឈិមបូព៌ាម្នាក់ជាភ្នាក់ងាររបស់ CIA ដែលកំពុងឆ្លងកាត់ទីក្រុងឡុងដ៍ ហើយពួកគេបានលើកឡើងនូវគំនិតនេះទៅកាន់លោក «ចូរយើងបណ្តេញ Mosaddegh ចេញ»។

២៣. ទីភ្នាក់ងារ CIA បានយល់ព្រម និងបានលួច​បញ្ជូនបុរសមជ្ឈិមបូព៌ារូបនេះ​ទៅកាន់​អ៊ីរ៉ង់។ លោកគឺជាប្រធានការិយាល័យមជ្ឈិមបូព៌ាដែលមានឈ្មោះថា «Kermit Roosevelt» ដែលមានវ័យ ៣០ ឆ្នាំ។ លោកគឺជាចៅ ប្រុសរបស់បុរសរដ្ឋប្រហារដ៏ធំម្នាក់ទៀតគឺលោក Teddy Roosevelt។ លោក Roosevelt បានលួចចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ហើយត្រូវបានផ្តល់ឱ្យនូវលុយចំនួន ១ លានដុល្លារដើម្បីអនុវត្តឃ្លា «តាមមធ្យោបាយណាក៏ដោយ ឱ្យតែអាចនាំមកនូវការដួលរលំនៃរបប Mosaddegh»។

២៤. ​ភ្នាក់ងារ CIA របស់​អាមេរិក​រូបនេះ បានស្ថិតនៅក្នុងប្រទេស​អ៊ីរ៉ង់​ដោយ​សម្ងាត់ ​ដើម្បីព្យាយាម​ផ្ដួលរំលំ​រដ្ឋាភិបាល។ ​វា​គឺជា​ការ​ចាប់​ផ្តើ​ម​ដ៏​លំបាកមួយ ​ជាមួយនឹងការ​បរាជ័យ​ជា​ច្រើន​លើក។ ប៉ុន្តែពួកគេបានចាប់ផ្តើមប្រើប្រាស់លុយរបស់ពួកគេដើម្បីទាក់ទាញ និងសូកប៉ាន់អ្នកនយោបាយ, បព្វជិតសាសនា និងមេដឹកនាំផ្សេងៗទៀតដើម្បីឱ្យនិយាយរឿងអាក្រក់អំពីលោក Mosaddegh។ ពួកគេបានជួលអ្នកស្រុកឱ្យវាយប្រហារប្រឆាំងនឹងមេដឹកនាំសាសនា ដើម្បីឱ្យគេមើលទៅហាក់ដូចជាពួកគេត្រូវបានជួលឱ្យធ្វើដូច្នេះដោយលោក Mosaddegh ក៏ប៉ុន្តែតាមពិត ពួកគេបានទទួលប្រាក់ឈ្នួលពី CIA។

២៥. ជាមួយនឹងពេលវេលានិងថវិកាគ្រប់គ្រាន់ ពួកគេអាចបង្កើតនូវបរិយាកាសនៃភាពវឹកវរនិងអរិភាព និងការមិនទុកចិត្តគ្នានៅក្នុងចំណោមសាធារណជន។ ពួកគេក៏មានអាវុធដែរ ដោយក្នុងនោះ CIA បានរក្សាទុកអាវុធនិងគ្រឿងផ្ទុះ ដើម្បីផ្តល់ការគាំទ្រដល់ «អង្គការទ័ពព្រៃ ដែលមានសមាជិក ១ម៉ឺននាក់សម្រាប់រយៈពេល ៦ ខែ»។ ជម្លោះពេញទំហឹងបានកើតឡើង ដោយបាននាំមកនូវអំពើ​ហិង្សា​ និង​ភាពចលាចល​កាន់​តែ​ខ្លាំង​។

២៦. ហាងនានាត្រូវបានបំផ្លាញ, គ្រាប់កាំភ្លើងបានហោះចូលទៅក្នុងវិហារអ៊ីស្លាម, មនុស្សម្នាត្រូវបានវាយដំ ហើយបាតុកររាប់ពាន់នាក់ បានចេញដើរនៅតាមផ្លូវ។ ទីក្រុងបានធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យដែលត្រូវបានរៀបចំឡើងដោយលុយរបស់ CIA។ នៅទីបញ្ចប់ រឿងទាំងអស់នេះបាននាំមកនូវការបាញ់ប្រហារយ៉ាងបង្ហូរឈាមនៅផ្ទះរបស់លោក Mosaddegh ដែលនៅទីបំផុត​ បានបង្ខំឱ្យ​លោកចុះចាញ់ និងប្រគល់ខ្លួន។

២៧. លោកត្រូវបានកាត់ទោសពីបទក្បត់ជាតិ ហើយត្រូវបានឃុំខ្លួនឱ្យនៅតែម្នាក់ឯងរយៈពេល ៣ ឆ្នាំ ហើយក្រោយមក ត្រូវបានឃុំខ្លួននៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់។ មេដឹកនាំមុនរបស់អ៊ីរ៉ង់ គឺលោក Mohammad Reza Shah បានភៀសខ្លួនចេញពីប្រទេស។

២៨. ប៉ុន្តែជាមួយនឹងមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យគឺលោក Mosaddegh បានធ្លាក់ពីតំណែង និងដោយមានការគាំទ្រពីអាមេរិកនិងចក្រភពអង់គ្លេស លោក Mohammad Reza Shah បានវិលត្រឡប់មកអ៊ីរ៉ង់វិញ និងបានឡើងគ្រប់គ្រងប្រទេស។ លោក Shah បានឡើងគ្រងរាជ្យជាមួយគោរម្យងារ​ជា «​ស្តេច​នៃ​ស្តេច» (King of Kings) ហើយ​លោក​ក៏បាន​ក្លាយ​ជា​អធិរាជរបស់អ៊ីរ៉ង់។

២៩. អាមេរិកបានទទួលនូវអ្វីដែលពួកគេចង់បានហើយ។ ពួកគេមានមេដឹកនាំផ្តាច់ការដែលគាំទ្រអាមេរិកនៅក្នុងប្រទេសដ៏មានឥទ្ធិពលមួយនៅមជ្ឈិមបូព៌ា ដែលបានស្វាគមន៍ក្រុមហ៊ុនប្រេងរបស់អាមេរិកឱ្យចូលទៅក្នុងស្តុកប្រេងដ៏ធំបំផុតមួយនៅលើផែនដី។ នៅក្រោមរបប Shah អ៊ីរ៉ង់បានក្លាយជារដ្ឋប៉ូលីសយ៉ាងឃោរឃៅ។ លោកបានប្រហារជីវិតមន្រ្តីយោធា, មេដឹកនាំនិស្សិត និងមនុស្សគ្រប់គ្នាដែលមានទំនាក់ទំនងជាមួយលោក Mosaddegh ។

៣០. លោក​បាន​បង្កើត​កងកម្លាំង​ប៉ូលិស​សម្ងាត់ដ៏ឃោរឃៅ។ នៅឆ្នាំ ១៩៧៩ ការខកចិត្តរបស់ប្រជាជនអ៊ីរ៉ង់បានផ្ទុះឡើងនៅក្នុងការតវ៉ាទ្រង់ទ្រាយធំ ដែលបានបណ្តេញលោក Shah ចេញពីតំណែង ហើយមេដឹកនាំថ្មីបានមកដល់ និងបានបំផុសគំនិតក្នុងការប្រែក្លាយអ៊ីរ៉ង់ទៅជាសាធារណរដ្ឋអ៊ីស្លាមដែលត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការអាក់អន់ចិត្តចំពោះអាមេរិក ដែលបានជ្រៀតជ្រែកចូលក្នុងប្រទេសរបស់ពួកគេ។

៣១. សាធារណៈរដ្ឋឥស្លាមបានកាន់អំណាចតាំងពីពេលនោះមក និងបានអនុវត្តទ្រឹស្ដីគាបសង្កត់ ដូចដែលយើងបានឃើញនៅសព្វថ្ងៃនេះ។ សូមរំឮកផងដែរថា «រដ្ឋប្រហារទាំងអស់នេះ និងផែនការដើម្បីផ្តួលរំលំមេដឹកនាំក្នុងប្រទេសផ្សេងៗ មិនទាមទារការបោះឆ្នោត ឬមតិឯកភាព ឬការអនុម័តពីសភានោះទេ។ ជាធម្មតា វាត្រូវការតែបុរសសំខាន់ៗនៅក្នុងអគាររដ្ឋាភិបាលនៅក្នុងទីក្រុង Washington DC តែប៉ុន្មាននាក់ប៉ុណ្ណោះ»។

៣២. មនុស្សទាំងនេះនឹងបន្តបង្កើតសង្គ្រាមត្រជាក់ និងប្រតិបត្តិការសម្ងាត់ជាច្រើននៅជុំវិញពិភពលោក។ នៅឆ្នាំបន្ទាប់នៅប្រទេស Guatemala ទីភ្នាក់ងារ CIA បានប្រើវិធីសាស្ត្រដូចគ្នា ដែលពួកគេបានប្រើនៅអ៊ីរ៉ង់។ ពួកគេបានផ្តោតលើមេដឹកនាំដែលប្រជាជនបានជ្រើសរើស ក៏ប៉ុន្តែគឺជាមេដឹកនាំដែលចង់យកធនធានរបស់ប្រទេសមកវិញដើម្បីបែងចែកដល់ប្រជាជន និងដែលចង់បំបែកភាពផ្តាច់មុខរបស់អាមេរិកដែលនៅ ពេលនោះបានគ្រប់គ្រងលើអគ្គិសនី និងផ្លូវដែករបស់ប្រទេស។

៣៣. ប្រធានាធិបតីថែមទាំងបានចាប់ផ្តើមរឹបអូសយកដីពីក្រុមហ៊ុនអាមេរិកដ៏ធំមួយទៀតផង ដើម្បីយកទៅចែកចាយឡើងវិញដល់អ្នកស្រុកដើម្បីធ្វើកសិកម្ម និងចិញ្ចឹមគ្រួសាររបស់ពួកគេ និងដើម្បីអាចជួយឱ្យប្រជាជនអាចងើបចេញពីភាពក្រីក្រ។ អាមេរិកបានសម្រេចចិត្តថា «ពួកគេត្រូវតែការពារក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ កំណែទម្រង់កុម្មុយនីស្តនឹងបន្តរីករាលដាល»។

៣៤. ដូច្នេះ​ប្រធានាធិបតី​អាមេរិកនិង​រដ្ឋមន្ត្រីនានា បាន​បញ្ជា​ឱ្យផ្តួលរំលំរបប ហើយ CIA ក៏ចាប់ផ្តើមធ្វើការតាមរយៈការជ្រើសរើសមេដឹកនាំដែលពួកគេចង់ឱ្យឡើងកាន់អំណាច ហើយបន្ទាប់មក ពួកគេចាប់ផ្តើមផ្តល់ឧបករណ៍និងការបណ្តុះបណ្តាលដល់ក្រុមនិរទេសខ្លួន និងក្រុមទាហានស៊ីឈ្នួល។ ពួកគេបានបង្កើតមូលដ្ឋានប្រតិបត្តិការសម្ងាត់មួយនៅជាយ ក្រុង Miami និងបានចាប់ផ្តើមបញ្ជូនអាវុធទៅកាន់ព្រែកជីកប៉ាណាម៉ា។

៣៥. ប៉ុន្តែ​ ដូច​រដ្ឋប្រហារ​ផ្សេង​ទៀតដែរ​ វាមិនមែនមានតែអាវុធប៉ុណ្ណោះ​ទេ។ ពួកគេបានកាន់កាប់បណ្តាញព័ត៌មាន ដោយបានបង្កើតស្ថានីយ៍វិទ្យុដែលមានលក្ខណៈដូចជាស្ថានីយ៍វិទ្យុក្នុងស្រុករបស់ប្រជាជន Guatemala ក៏ប៉ុន្តែការពិត វាត្រូវបានដំណើរការចេញពីទីក្រុងតូចមួយក្នុងរដ្ឋ Florida។ ពួកគេចាប់ផ្តើមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីការបះបោរ និងភាពចលាចល។ ហើយនៅពេលជាមួយគ្នានោះ យុទ្ធជនដែល CIA បានបណ្តុះបណ្តាល និងប្រដាប់ដោយអាវុធបានចាប់ផ្តើមលុកលុយប្រទេស Guatemala។

៣៦. អ្នកបើកយន្តហោះចាប់ផ្តើមទម្លាក់គ្រាប់បែកលើទីតាំងស្តុកសាំងនិងប៉ុស្តិ៍យោធា និងព្រលានយន្តហោះ។ ប៉ុន្តែពួកគេមិនបានចាប់ផ្តើមសង្គ្រាមពេញលេញទេ ដោយក្នុងនោះពួកគេចង់ឱ្យវាមានអារម្មណ៍ដូចជាការបះបោរក្នុងស្រុក ដើម្បីបំភិតបំភ័យមនុស្ស។ សម្រាប់មនុស្សជាច្រើន ពួកគេពិតជាបានគិតថា «នេះគឺជាការបះបោរដ៏ពិតប្រាកដ» និងមិនដឹងទេថា «CIA បាននៅពីក្រោយរឿងទាំងអស់នេះ»។ ប៉ុន្តែ​ប្រធានាធិបតី​បាន​ដឹង​អំពី​អ្វី​ដែល កំពុងកើតឡើង។

៣៧. មេ​ដឹក​នាំ​យោធា​នៅជំវីញ​របស់​លោកប្រធានាធិបតីបានរងសម្ពាធ​ពី​ការ​សម្លុត​ដ៏​ធំ​របស់អាមេរិក ហើយ​ពួក​គេ​បានងាក​មកប្រឆាំងនឹងលោកប្រធានាធិបតីវិញ ហើយ​នៅ​ទី​បំផុត​លោកប្រធានាធិបតីក៏​បាន​ចុះ​ចាញ់។ មុនពេលចាកចេញ លោកប្រធានាធិបតីបានថ្លែងទៅកាន់ប្រជាជនថា «ក្រុមហ៊ុនអាមេរិកដោយមានការសហការជាមួយអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងចំពោះយើង»។

៣៨. ប្រធានាធិបតីចាស់ត្រូវបានដកចេញ ហើយមនុស្សជាជម្រើសរបស់ CIA បានចូលមកជំនួស។ របបថ្មីគឺមានលក្ខណៈឃោរឃៅ និងបានបន្តធ្វើរឿងដ៏អាក្រក់ ដូចជាការឃុំឃាំងមនុស្សដែលពួកគេគិតថា ជាជនកុម្មុយនីស្ត, បានសម្លាប់អ្នកទោស, បំផ្លាញសហជីព និងបានស្តារឡើងវិញនូវដី​របស់​ក្រុមហ៊ុន​អាមេរិក បូករួមនឹងការ​ធានា​ថា «​ក្រុមហ៊ុន​អាមេរិកនឹងអាច​រក្សា​បាននូវការ​កាន់កាប់​របស់​ពួកគេ​លើ​សេដ្ឋកិច្ច​របស់ប្រទេសនេះ»។

៣៩. រឿងនេះបានចាប់ផ្តើមយុគសម័យនៃការធ្វើអត្តឃាតផ្នែកនយោបាយ និងអស្ថិរភាពកាន់តែខ្លាំងដែលបានបន្តញាំញីប្រទេស Guatemala រហូតមកដល់សព្វថ្ងៃនេះ ហើយបច្ចុប្បន្ន គេនៅមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានទេថា «សូវៀតធ្លាប់មានការចាប់អារម្មណ៍តិចតួចលើប្រទេស Guatemala»។ លទ្ធិកុម្មុយនីស្តត្រូវបានប្រើជាលេសម្តងហើយម្តងទៀត ក៏ប៉ុន្តែការពិតវាគឺជាការធានានូវផលប្រយោជន៍
ធុរកិច្ចរបស់អាមេរិក។

៤០. នៅឆ្នាំ ១៩៦០ គឺនៅកណ្តាលទ្វីបអាហ្រ្វិក រដ្ឋប្រហារបានកើតមាននៅប្រទេសកុងហ្គោ។ ពួកគេទើបតែទទួលបានឯករាជ្យពីបែលហ្ស៊ិក ហើយពួកគេក៏បានរៀបចំការបោះឆ្នោត។ ពេលនោះលោក Patrice Lumumba បានឈ្នះឆ្នោត និងបានក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែភ្លាមៗនោះ នៅអាមេរិក សញ្ញាព្រមានពីលទ្ធិកុម្មុយនីស្តបានចាប់ផ្តើម។ កុងហ្គោគឺជាកន្លែងពោរពេញទៅដោយធនធានធម្មជាតិជាច្រើន បូករួមទាំងសារធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់វិស័យនុយក្លេអ៊ែរ។

៤១. មន្ត្រីអាមេរិកមិនអាចអនុញ្ញាតឱ្យកុងហ្គោធ្លាក់ចូលទៅក្នុងឥទ្ធិពលរបស់សហភាពសូវៀតបានទេ។ ដូច្នេះ ពួកគេ​បានចាប់​ផ្តើម​ផ្តោត​លើ​នាយក​រដ្ឋមន្ត្រី​ថ្មីរបស់ប្រទេសនេះ។ ពួកគេ​បានអនុវត្តការ​ធ្វើ​រដ្ឋប្រហារនយោបាយ​ដែលខ្លាំងក្លាជាងមុន ដោយក្នុងនោះពួកគេបានចាប់ផ្តើមចងសម្ព័ន្ធមិត្តជាមួយសត្រូវនយោបាយរបស់លោក Lumumba និងអតីតអាណានិគមរបស់ប្រទេសកុងហ្គោ គឺបែលហ្សិក។

៤២. ពួកគេសូកប៉ាន់អ្នកនយោបាយ, ផ្តល់មូលនិធិដល់ចលនាតវ៉ានិងចលនាការងារ ហើយពួកគេបានផ្សព្វផ្សាយការឃោសនាមិនពិត ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងរដ្ឋប្រហារមុនៗដែរ។ អ្នកនយោបាយ ដែលទទួលបានសំណូក បានធ្វើអ្វីៗគ្រប់យ៉ាងដែល CIA សុំឱ្យពួកគេធ្វើ។ ពួកគេនឹងដកលោក Lumumba ចេញពីអំណាច ហើយ CIA បានផ្តល់លុយ, ព័ត៌មានសម្ងាត់ និងដំបូន្មានដល់រដ្ឋាភិបាលថ្មី។ ដំណោះស្រាយនយោបាយនេះមិនមែនជាការសាកល្បងលើកដំបូងនោះទេ។

៤៣. CIA ធ្លាប់បានព្យាយាមធ្វើឃាតលោក Lumumba នៅពេលកន្លងមក ក៏ប៉ុន្តែការប៉ុនប៉ងទាំងអស់នោះត្រូវបរាជ័យ ហើយនេះគឺជាមូលហេតុដែ ពួកគេបានងាកទៅរកការលួចបន្លំ និងការរៀបចំផែនការនយោបាយសម្រាប់កុងហ្គោ ដែលនោះគឺ «លទ្ធិប្រជាធិបតេយ្យថ្មីមួយ» ដែលបានផ្តល់ការគាំទ្រដល់ប្រជាជនឱ្យប្រឆាំងនឹងលោក Lumumba បូករួមទាំងនៅក្នុងចំណោមកង​ទ័ព​កុងហ្គោ និង​បែលហ្ស៊ិកដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឃាត​នយោបាយ​ប្រកបដោយប្រសិទ្ធិភាព។

៤៤. ក្នុងករណីនេះ វាពិតជាលំបាកណាស់ក្នុងការបង្ហាញថា «តើការគាំទ្ររបស់ CIA គឺជាកត្តាសំខាន់ក្នុងការធ្វើឃាត Lumumba ឬយ៉ាងណា»។ រឿងនេះ​ត្រូវ​បានគេបន្ត​ជជែកវែកញែករហូត​ដល់​សព្វ​ថ្ងៃ។ រដ្ឋប្រហារដែលឧបត្ថម្ភដោយបរទេសប្រកបដោយប្រសិទ្ធភាព តែងតែមានលំនាំដូចនេះ : ប្រតិបត្តិការសម្ងាត់, ការបញ្ឆេះឱ្យមានការបែកបាក់, ការហៅមុខសញ្ញាថាជាមនុស្សដ៏អាក្រក់បំផុត តាមរយៈការប្រើលុយ និងឥទ្ធិពល។

៤៥. យើងបន្តទៅតំបន់ Caribbean ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ នៅទីនោះមានជនផ្តាច់ការដ៏ឃោរឃៅម្នាក់ នៅសាធារណរដ្ឋ Dominican។ បុរសម្នាក់នេះពិតជាអាក្រក់ណាស់ ដោយក្នុងនោះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ «លោកបានបោះគូ​ប្រជែង​របស់លោកទៅ​ឱ្យ​ត្រី​ឆ្លាមស៊ីជាចំណីទៀតផង»។ ប៉ុន្តែសម្រាប់អាមេរិក ការយកចិត្តទុកដាក់ជាសំខាន់គឺ «ការភ័យខ្លាចថា : បដិវត្តកុម្មុយនីស្តអាចកើតឡើងនៅពេលណាមួយ»។

៤៦. ដូច្នេះ CIA បានបញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​អ្នក​វាយ​ប្រហារ​ ដើម្បីឱ្យធ្វើ​ឃាត​បុរស​ម្នាក់នេះ។ ពួកគេទទួលបានជោគជ័យ និងបានបញ្ចប់ការគ្រប់គ្រងរយៈពេល ៣១ ឆ្នាំរបស់លោក។ នៅទីបំផុត អាមេរិកបានបញ្ជូនកងកម្លាំងមកកាន់កាប់សាធារណរដ្ឋ Dominican ដើម្បីធានាថា «បេក្ខជនឆ្វេងនិយមនឹងមិនអាចឡើងមកកាន់អំណាច»។ ពួកគេបានស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយនៅទីបំផុត បេក្ខភាពដែលសក្តិសមសម្រាប់អាមេរិកក៏ត្រូវបានជ្រើសរើស។

៤៧. យើងបន្តធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ១៩៦៣។ វៀតណាម​ត្រូវ​បាន​បែងចែក​ជា​ពីរ គឺ​រវាង​រដ្ឋាភិបាល​កុម្មុយនីស្ត និង​រដ្ឋាភិបាលដែលគាំទ្រ​ដោយលោកខាងលិច។ អាមេរិក​ត្រូវការ​វៀតណាមខាងត្បូង​ឱ្យឈរនៅ​ខាង​ខ្លួន ក៏ប៉ុន្តែ​អាមេរិកបាន​ចាប់ផ្តើម​បាត់បង់​ទំនុកចិត្ត​លើមេដឹកនាំ​វៀតណាមខាងត្បូង​ ហើយ​អាមេរិក​មានការបារម្ភ​ថា​ «ពួកកុម្មុយនីស្ត​អាចនឹងឡើងមកកាន់កាប់​ប្រទេស​វៀតណាម​ទាំងមូល»។

៤៨. ដូច្នេះ CIA បានធ្វើរដ្ឋប្រហារមួយទៀត។ លើកនេះ ពួកគេបានផ្តោតលើឧត្តមសេនីយ៍វៀតណាមខាងត្បូងម្នាក់ដែលមិនពេញចិត្តចំពោះប្រធានាធិបតី ហើយលោកក៏បានយល់ព្រមតាមការចង់បានរបស់ CIA។ នៅពេលទទួលបានសញ្ញារួចហើយ មេទ័ពបានបញ្ជាឱ្យក្រុមយោធារបស់លោកដណ្តើមយកអាកាសយានដ្ឋាន និងស្ថានីយ៍វិទ្យុ រួចហើយពួកគេបានបន្តបិទផ្លូវហាយវេ។ ពួកគេបានដើរក្បួនទៅកាន់វិមានប្រធានាធិបតី ហើយបន្ទាប់ពីនោះ ការបាញ់ប្រហារដ៏បង្ហូរឈាមបានចាប់ផ្តើម។

៤៩. ប្រធានាធិបតី Diem បានរត់គេចខ្លួនទៅជាមួយប្អូនប្រុសរបស់លោក ក៏ប៉ុន្តែ លោកគិតថា «វាមិនសូវល្អសម្រាប់ពួកគេទេ» ហេតុដូច្នេះហើយ លោកបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីសុំចុះចាញ់។ ពួកគេគ្រោងជួបប្រជុំគ្នានៅព្រះវិហារកាតូលិក។ វាអាចជា​ការ​ប្រជុំ​ដោយ​សន្តិវិធី ក៏ប៉ុន្តែ​នៅ​ពេល​ដែលមេទ័ព​ទាំងនោះបានមក​ដល់ ពួកគេបានសម្លាប់លោក Diem នៅ​នឹង​កន្លែង ដោយ​និយាយ​ថា «ដើម្បី​ដោះ​ស្រាយ​បញ្ហា​ លោក Diem ត្រូវ​តែ​ស្លាប់ ពីព្រោះការនិរទេសខ្លួន វាមិនគ្រប់គ្រាន់នោះទេ»។

៥០. ជាក់ស្តែង អាមេរិកមិនមានគម្រោងចង់ឱ្យរឿងនេះកើតឡើងទេ។ អាមេរិកមិនចង់សម្លាប់បុរសម្នាក់នេះទេ។ ការសម្លាប់នោះមិនមានបញ្ជាផ្លូវការពីអាមេរិកទេ ក៏ប៉ុន្តែ​អាមេរិកគឺជាអ្នកដែល​បាន​ចាប់ផ្តើម​រដ្ឋប្រហារ​មួយនេះ។ លោក John F. Kennedy (JFK) ត្រូវ​បាន​គេ​រាយការណ៌ថា​ មានការ​អាក់​អន់​ចិត្ត​ចំពោះ​រឿង​នេះ។ លោកគឺជាប្រធានាធិបតី​កាន់សាសនាកាតូលិក​អាមេរិក​ដំបូង​គេ ​ដែល​នៅ​ពីក្រោយ​រដ្ឋប្រហារ​ដែល​បាន​សម្លាប់​ប្រធានាធិបតីកាន់សាសនា​កាតូលិក​​ដំបូង​គេរបស់វៀតណាម។

៥១. លោក JFK ត្រូវបានគេធ្វើឃាតវិញនៅ ២០ ថ្ងៃក្រោយមក។ អ្នកកាសែតផ្នែកសន្តិសុខជាតិម្នាក់បានអះអាងថា «ការធ្វើឃាតលោក Diem ពិតជាបានជះឥទ្ធិពលលើប្រវត្តិសាស្ត្ររបស់អាមេរិកខ្លាំងជាងការធ្វើឃាតលោក JFK ទៅទៀត ពីព្រោះវាបានធ្វើឱ្យអាមេរិកជាប់ផុងនៅក្នុងជម្លោះរយៈពេល ១ ទសវត្សរ៍នៅក្នុងប្រទេសវៀតណាម ដែលបានក្លាយជាសង្រ្គាមដ៏អូសបន្លាយ និងដែលបញ្ចប់ទៅជាមួយការបរាជ័យដ៏អាម៉ាស់ និងវិបត្តិនយោបាយនៅក្នុងស្រុក»។

៥២. នៅឆ្នាំ ១៩៦៤​ ប្រទេស​ប្រេស៊ីល​បានបង្ហាញអំពីលទ្ធភាពក្នុងការឈាន​ទៅ​រក​លទ្ធិកុម្មុយនីស្ត​ជាមួយ​នឹង​ការកើនឡើង​នៃ​មេដឹកនាំ​ឆ្វេងនិយម​ថ្មី។ វាអាចជាសំណាងមួយសម្រាប់ CIA ដែរ ដោយក្នុងនោះរដ្ឋប្រហារមួយត្រូវបានរៀបចំរួចស្រេចទៅហើយ ក្នុងការប្រឆាំងនឹងមេដឹកនាំនៃប្រទេសនេះ។ ដូច្នេះ​យោធា​អាមេរិក​គ្រាន់តែ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​កប៉ាល់​នៅ​ឆ្នេរសមុទ្រ​ប្រេស៊ីលប៉ុណ្ណោះ។ ពួកគេមិនបានធ្វើអ្វីច្រើនទេ ដោយពួក​គេ​គ្រាន់​តែ​ផ្តល់ការគាំទ្រ និងឈរ​មើលរដ្ឋប្រហារ​នៅប្រេស៊ីល ហើយមេដឹកនាំឆ្វេងនិយមក៏ត្រូវបានទម្លាក់ និងមេដឹកនាំថ្មីក៏បានចូលមកជំនួស។

៥៣. យើងត្រឡប់មកកាន់អាហ្វ្រិកវិញនៅទសវត្សរ៍ឆ្នាំ ១៩៨០។ នៅក្នុងប្រទេសលីប៊ី មេដឹកនាំផ្តាច់ការ Muammar Gaddafi កំពុងបង្កបញ្ហាជាច្រើននៅក្នុងតំបន់ ដោយរួមមានការផ្តល់មូលនិធិដល់ក្រុមភេរវករ និងការព្យាយាមពង្រីកឥទ្ធិពលរបស់លោកនៅទូទាំងតំបន់។ បន្ទាប់​មក​ លោក​ទទួល​បាន​​ទូរសព្ទ​ពី​ប្រទេស​ឆាដ​ ដោយបានស្នើរសុំ​ជំនួយពីរូបលោក ដើម្បី​ប្រឆាំង​នឹង​ការ​បះបោរ។ ភ្លាមនោះលោក ​Gaddafi បាន​បញ្ជូន​ទាហាន ៤ពាន់​​នាក់ឱ្យទៅ​កាន់កាប់​ផ្នែក​ដ៏​ធំ​មួយ​នៃ​ប្រទេសឆាដ និង​បានបង្កើត​មិត្ត​ជាមួយ​ប្រធានាធិបតី​ថ្មី តាមរយៈការ​ជួយលោកឱ្យនិរទេស​គូប្រកួតប្រជែង។

៥៤. ​មិន​យូរ​ប៉ុន្មាន​ លោក Gaddafi​ ក៏បានចាប់ផ្តើមមានការលោភលន់កាន់តែខ្លាំង និងបាន​គំរាម​កាត់បញ្ចូល​ប្រទេស​ឆាដ​ទៅក្នុង​ប្រទេស​លីប៊ី។ អាមេរិក​មិន​ពេញចិត្តនឹង​រឿង​នេះ​ទេ។ ដូច្នេះលោក Ronald Reagan បានរៀបចំធ្វើរដ្ឋប្រហារ, ចាប់ផ្តើមសង្រ្គាមសម្ងាត់, បញ្ជូនអាវុធនិងសាច់ប្រាក់ទៅឱ្យពួកឧទ្ទាមនៅក្នុងប្រទេសឆាដ និងបានផ្តល់ការគាំទ្រដល់គូប្រជែងនយោបាយ ហើយរឿងទាំងនេះពិតជាបានទទួលជោគជ័យ។

៥៥. ប្រធានាធិបតីនៃប្រទេសឆាដបានរត់ភៀសខ្លួន ហើយមេដឹកនាំដែលគាំទ្រអាមេរិកបានឡើងកាន់អំណាច។ CIA នៅតែបន្តផ្តល់អាវុធដល់ការធ្វើសង្គ្រាម បើទោះបីជាបុរសម្នាក់នេះបានចូលកាន់តំណែងហើយក៏ដោយ។ មេដឹកនាំថ្មីដែលទទួលបានការគាំទ្រពីអាមេរិក បានគ្រប់គ្រងប្រទេសឆាដយ៉ាងឃោរឃៅអស់រយៈពេល ៨ ឆ្នាំរហូតដល់លោកត្រូវបានផ្ដួលរំលំដោយមន្ត្រីយោធា។ នៅឆ្នាំ ២០១៣ លោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម។

៥៦. ឥឡូវនេះយើងក្រឡេកទៅកាន់ Grenada ដែលជាកោះតូចមួយនៅឆ្នាំ ១៩៨៣។ រឿងរ៉ាវគឺពាក់ព័ន្ធនឹងលទ្ធិកុម្មុយនីស្តជាថ្មីម្តងទៀត ហើយអាមេរិកបានបញ្ជូនកងទ័ពចំនួន ២ពាន់នាក់ឱ្យទៅឈ្លានពានកោះដាច់ស្រយាលតូចមួយនេះ និងបានដកមេដឹកនាំកុម្មុយនីស្តចេញពីអំណាច។ ពួកគេពិតជាមិនបានដឹងច្រើនអំពីកោះតូចមួយនេះទេ (Grenada) ហើយពួកគេត្រូវប្រើផែនទីទេសចរណ៍ដើម្បីរៀបចំផែនការ ឈ្លានពានរបស់ពួកគេ។ កងកម្លាំងអាមេរិកបានចូលទៅកាន់កាប់កោះនេះ ហើយមេដឹកនាំដែលមានទំនោរគាំទ្រអាមេរិកបានឡើងកាន់អំណាច នៅ Grenada។

៥៧. នៅឆ្នាំ ១៩៨៩ នៅក្នុងប្រទេសប៉ាណាម៉ា អាមេរិកបានគ្រប់គ្រងលើព្រែកជីកដ៏សំខាន់មួយ។ មេដឹកនាំផ្តាច់ការប៉ាណាម៉ាបានបម្រើផលប្រយោជន៍របស់អាមេរិក ក៏ប៉ុន្តែអាមេរិកបានចាប់ផ្តើមបាត់បង់ទំនុកចិត្តលើបុរសម្នាក់នេះ ដោយបានចាប់ផ្តើមសង្ស័យថា «តើលោកពិតជាជម្រើសដ៏ល្អបំផុតមែនដែរឬអត់ ក្នុងការបន្តធានាឱ្យបានថា អាមេរិកនឹងនៅតែអាចរក្សាបាននូវភាពងាយស្រួលក្នុងការចូលទៅកាន់ព្រែកជីកដ៏សំខាន់របស់ពួកគេ»។

៥៨. ក្រោយមក បុរសម្នាក់នេះត្រូវបានចោទប្រកាន់នៅរដ្ឋផ្លរីដា ពីបទជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។ ដូច្នេះគេត្រូវតែយកលោកចេញពីអំណាច។ ប៉ុន្តែរឿងអាក្រក់បំផុតចុងក្រោយសម្រាប់បុរសម្នាក់ នេះគឺ «នៅពេលដែលកងទ័ពប៉ាណាម៉ាបានសម្លាប់ទាហានអាមេរិកដែលគ្មានអាវុធនៅក្នុងទីក្រុងរបស់ប៉ាណាម៉ា»។

៥៩. អាមេរិក​បាន​ចូល​លុកលុយ​ប៉ាណាម៉ា​ ជាមួយ​នឹង​ទាហានចំនួន ២៧ ០០០ នាក់​។ យោធារបស់ប៉ាណាម៉ាត្រូវបានកម្ចាត់ ហើយមេដឹកនាំផ្តាច់ការនៅទីបំផុតត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់គុក ៤០ ឆ្នាំ ហើយអាមេរិកក៏អាចបន្តធានាបាននូវសិទ្ធិក្នុងការចូលទៅកាន់ព្រែកជីករបស់ខ្លួន។

៦០. ឥឡូវនេះ វាគឺជាចុងបញ្ចប់នៃទសវត្សរ៍ឆ្នាំ ១៩៨០។ សូវៀតកំពុងឈ្លានពានអាហ្វហ្គានីស្ថាន និងកំពុងជួបប្រទះនឹងការតស៊ូប្រឆាំង ពីសំណាក់ក្រុមអ្នកប្រយុទ្ធមកពីជុំវិញពិភពលោកដែលបានមកអាហ្វហ្គានីស្ថានដើម្បីជួយទប់ទល់នឹងការកាន់កាប់របស់សូវៀត ដែលភាគច្រើននៃពួកគេ គឺជាពួកសាសនានិយម។ ​អាមេរិក​មិន​ខ្វល់​ពី​ហេតុផលដែលជំរុញចិត្ត​របស់​អ្នកតស៊ូទាំងនោះទេ។

៦១. ពួកគេគ្រាន់តែខ្វល់ថា «ពួកគេទាំងនោះមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងសូវៀត និងអាយ៉ងរបស់សូវៀតដែលនោះគឺប្រធានាធិបតីអាហ្វហ្គានីស្ថាន»។ ដោយ​មាន​ជំនួយ​ពី​​អាមេរិក អ្នក​ប្រយុទ្ធ​ទាំង​នេះ​បាន​រុញ​សូវៀត​ឱ្យ​ដកថយ ហើយ​បាន​ដេញ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ចេញ​ពី​តំណែង​ដោយ​ជោគជ័យ។

៦២. មុនពេលលោកចេញពីដំណែង លោកបានព្រមានអាមេរិកថា «ប្រសិនបើអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន និងទុកប្រទេសនេះឱ្យស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមប្រយុទ្ធទាំងនេះ វានឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់អំពើភេរវកម្ម»។ ទំនាយ​របស់​លោក​ប្រធានាធិបតីបាន​ក្លាយជាការពិត​ទាំង​ស្រុង។ យុទ្ធជនដែលផ្តល់មូលនិធិដោយអាមេរិកទាំងនោះ គឺជាមនុស្សដែលយើងបានស្គាល់នៅសព្វថ្ងៃនេះ ដូចជា Osama bin Laden និង Abu Musab Al-Zarqawi ដែលជាបុរសដែលបានបង្កើតក្រុម ISIS។

៦៣. សព្វាវុធដូចគ្នាដែលអាមេរិកបានបញ្ជូនមកដើម្បីប្រឆាំងសូវៀត និងដើម្បីជះឥទ្ធិពលលើការផ្លាស់ប្តូររបបនៅអាហ្វហ្គានីស្ថាន ត្រូវបានប្រើប្រឆាំងនឹងទាហានអាមេរិកនៅជាច្រើនឆ្នាំក្រោយមក នៅពេលដែលអាមេរិកបានវិលត្រឡប់មកវិញ ដើម្បីរៀបចំការផ្លាស់ប្តូររបបមួយផ្សេងទៀត បន្ទាប់ពីព្រឹត្តិការណ៍ ៩/១១ ដើម្បីប្រឆាំងនឹងក្រុមដែលពួកគេធ្លាប់បានគាំទ្រ។ នៅទីបំផុតអាមេរិកបានចាកចេញពីអាហ្វហ្គានីស្ថាន ហើយប្រទេសនេះក៏បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ពួកតាលីបង់ភ្លាមៗ។

៦៤. ឥឡូវនេះយើងស្ថិតនៅក្នុងសម័យទំនើប។ វាគឺជាឆ្នាំ ២០០៣ ហើយកងទ័ពអាមេរិកចំនួន ១៥ម៉ឺននាក់ បានលុកលុយប្រទេសអ៊ីរ៉ាក់។ ពួកគេបាននិយាយថា «ពួកគេមកទីនេះ ដើម្បីស្វែងរក និងកម្ទេចអាវុធប្រល័យលោក» ក៏ប៉ុន្តែការផ្តោតសំខាន់របស់ពួកគេគឺ «ការបណ្តេញ Saddam Hussein ចេញពីអំណាច»។

៦៥. Saddam Hussein បានភៀសខ្លួន និងលាក់ខ្លួន ហើយប្រធានាធិបតី Bush បានប្រកាសថា «បេសកកម្មរបស់យើងបានសម្រេចហើយ» ដែលនោះគឺ «ការបង្កើតរដ្ឋាភិបាលដែលជាមិត្តរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់» ដែលវាបានផ្តល់ផលអវិជ្ជមានសារជាថ្មី ដែលរួមមានការបង្កើតឱ្យមានការខ្វែងគំនិតគ្នាយ៉ាងទូលំទូលាយ ដែលជាហេតុបង្កការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងនៅក្នុងតំបន់ រហូតមកទល់សព្វថ្ងៃនេះ។ ជាថ្មីម្តងទៀត អ៊ីរ៉ាក់នៅតែជាទីកន្លែងដែលពោរពេញទៅដោយអស្ថិរភាពនយោបាយយ៉ាងជ្រាលជ្រៅ។

៦៦. យើង​បានឈានមក​ដល់​រដ្ឋ​ប្រហារ​ចុង​ក្រោយនៅ​ក្នុង​បញ្ជី​របស់​យើង។ វាគឺជាឆ្នាំ ២០១១ នៅក្នុងអំឡុងពេលកើតមានរលកនៃការតវ៉ាដែលបានរីករាលដាលនៅពាសពេញតំបន់ ដើម្បីព្យាយាមទម្លាក់មេដឹកនាំផ្តាច់ការដ៏ខ្លាំងក្លា ដែលម្នាក់ក្នុងចំណោមនោះគឺ «Muammar Gaddafi»។ លោកនៅតែជាបុរសដ៏អាក្រក់ម្នាក់។ គេមានការព្រួយបារម្ភថា «លោកអាចសម្លាប់រង្គាលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ»។ ដូច្នេះអាមេរិក​យល់​ថា​ «ខ្លួន​ត្រូវ​តែ​ចូល​រួម​ដើម្បី​ជួយសង្គ្រោះ​បាតុករ​ទាំង​នេះ»។

៦៧. ពួកគេបានប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់អង្គការ NATO ដើម្បីជួយពួកគេ ក៏ប៉ុន្តែបេសកកម្មនេះបានប្រែក្លាយទៅជាការផ្លាស់ប្តូររបប។ អាមេរិកបានប្រើការធ្វើរដ្ឋប្រហារ​​នេះដើម្បី​ចូលរួមនៅក្នុង​ជម្លោះ​អន្តរជាតិ។ វាបានក្លាយជាឧបករណ៍គោលនយោបាយការបរទេសរបស់អាមេរិក។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលរដ្ឋប្រហារតែងក្លាយជាដំណោះស្រាយមួយនៅក្នុងអំឡុងពេលដ៏លំបាក។ យន្តហោះគ្មានមនុស្សបើករបស់អង្គការ NATO បានបាញ់មីស៊ីលទៅលើក្បួនរថយន្តរបស់លោក Gadaffi ហើយនៅទីបំផុត លោកត្រូវបានចាប់ខ្លួន និងត្រូវបានសម្លាប់នៅនឹងកន្លែង។

៦៨. ប្រទេសលីប៊ីបានជួបប្រទះនឹងភាពចលាចលតាំងពីពេលនោះមក។ នេះគឺជាបញ្ជីរបស់យើង ក៏ប៉ុន្តែវានៅមានច្រើនទៀត។ គោលបំណងរបស់ខ្ញុំក្នុងការធ្វើវីដេអូប្រវត្តិសាស្ត្រដ៏ទូលំទូលាយនៃរដ្ឋប្រហារដែលដឹកនាំដោយអាមេរិកនេះ គឺ «ដើម្បីឱ្យយើងអាចឃើញនូវគំរូដែលអាចនឹងលេចឡើង»។

៦៩. មហាអំណាចដែលកំពុងកើនឡើងឥទ្ធិពល បានក្លាយជាតួអង្គដែលមានជំនាញក្នុងការដកមេដឹកនាំដែលមានទស្សនៈផ្ទុយពីពួកគេ ឬក្នុងករណីជាច្រើនដែលមិនមានឆន្ទៈបម្រើផលប្រយោជន៍អាជីវកម្មរបស់អាមេរិក។ ប៉ុន្តែ​សូម​បញ្ជាក់​ថា «នេះមិនមែនជាអ្វីដែលអាមេរិកបាន​បង្កើត​ឡើងទេ»។ វាគឺជា​អ្វី​ដែល​ប្រទេស​មហាអំណាច និង​អាណាចក្រ​នានាតែងតែ​ធ្វើ។

៧០. អ្វីដែលកំណត់លក្ខណៈនៃរដ្ឋប្រហារដែលដឹកនាំដោយអាមេរិក ជាពិសេសនៅក្នុងអំឡុងសង្រ្គាមត្រជាក់គឺ «របៀបដែលការផ្តួលរំលំទាំងនេះ ជារឿយៗបានផ្តួលរំលំរបបប្រជាធិបតេយ្យថ្មី និងការដាក់ជំនួស
នូវមេដឹកនាំផ្តាច់ការ ដែលនឹងបន្តជិះជាន់ប្រជាជនដោយមានការគាំទ្រពី​អាមេរិក»។ កាលពីពេលថ្មីៗនេះ រុស្ស៊ីបានចូលមកជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរបស់អាមេរិក ហើយខ្ញុំបានឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្ញុំចំពោះរឿងនេះ។

៧១. រឿងនេះបានផ្តល់ឱ្យខ្ញុំនូវការយល់ឃើញតូចមួយពាក់ព័ន្ធនឹងអារម្មណ៍ របស់ប្រជាជននៃប្រទេសមួយ នៅពេលដែលមហាអំណាចខាងក្រៅបានមកទាញខ្សែញាក់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបម្រើគោលបំណងរបស់ពួកគេ។ វាបានបង្កើតបញ្ហាកាន់តែច្រើនសម្រាប់ប្រជាជន និងសម្រាប់អាមេរិកខ្លួនឯង, បានបង្កការបំផ្លិចបំផ្លាញចំពោះលទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍ។ បញ្ហាទាំងអស់នេះបានកើតឡើង ដោយសារអាមេរិកចង់រក្សាតំណែងកំពូល និង​បង្កើន​ឥទ្ធិពល​របស់ខ្លួននៅក្នុងពិភពលោក៕

អត្ថបទទាក់ទង