ខ្មែរប៉ុស្ដិ៍ Close

ការពឹងផ្អែករបស់មីយ៉ាន់ម៉ាលើរុស្ស៊ី គឺជាដាវមុខ ២ ដ៏គ្រោះថ្នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 30
ការពឹងផ្អែករបស់មីយ៉ាន់ម៉ាលើរុស្ស៊ី គឺជាដាវមុខ ២ ដ៏គ្រោះថ្នាក់ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin (ឆ្វេង) កំពុងពិនិត្យមើលដាវដែលបានប្រគល់ជូនដោយមេដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងទីក្រុង Naypyidaw កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១។ រូបថត៖ AFP

នៅពេលដែលរបបយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក និងបើកការវាយប្រហារតាមផ្លូវអាកាសលើប្រជាជនស៊ីវិល ដើម្បីទប់ទល់នឹងក្រុមដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងក្រុមឧទ្ទាមជនជាតិភាគតិច ការវាយប្រហារទាំងនេះបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាជាប់ជំពាក់បំណុលរុស្ស៊ីកាន់តែច្រើន។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពអាកាសរបស់មីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំងម៉ាក Yak-130 ដែលត្រូវបានផលិតដោយរុស្ស៊ី និងឧទ្ធម្ភាគចក្រម៉ាក Mi-35 ដើម្បីទម្លាក់គ្រាប់បែកនៅតំបន់មួយចំនួន ដែលភាគច្រើនជាតំបន់របស់ក្រុមយុទ្ធជនតស៊ូ ក៏ប៉ុន្តែរបបយោធាក៏បានបើកការវាយប្រហារជាញឹកញាប់ទៅលើប្រជាជនស៊ីវិលផងដែរ។ ការវាយប្រហារបែបនេះត្រូវបានក្រុមសិទ្ធិមនុស្សចាត់ទុកជា «ឧក្រិដ្ឋកម្មសង្គ្រាម»។

របបយោធាមីយ៉ាន់ម៉ាអាចមានយន្តហោះម៉ាក Yak-130 យ៉ាងហោចណាស់ ២០ គ្រឿង ដែលវាគឺជាយន្តហោះ ២ កៅអី ដែលត្រូវបានរចនាឡើងដើម្បីបង្វឹកអ្នកបើកយន្តហោះ ក៏ប៉ុន្តែវាក៏ត្រូវបានប្រើប្រាស់ជាទូទៅផងដែរ សម្រាប់ប្រតិបត្តិការប្រឆាំងនឹងការបះបោរ បូករួមទាំងយន្តហោះចំនួន ៦ គ្រឿងដែលទទួលបានកាលពីខែធ្នូ ឆ្នាំ ២០២១។

កាលពីខែតុលា ក្រុមហ៊ុន Janes Information Group បានរាយការណ៍ថា «ខ្លួនបានទទួលនូវរូបភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនកាំភ្លើងសម្រាប់ការវាយប្រហារម៉ាក Kamov KA-29TB របស់រុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Sagaing ភាគខាងជើង»។ នេះគឺជាយន្តហោះចម្បាំងប្រដាប់ដោយកាំភ្លើងមួយគ្រឿង ក្នុងចំណោម ៥ គ្រឿងដែលរបបយោធាមីយ៉ាន់ម៉ាបានយល់ព្រមទិញកាលពីដើមឆ្នាំនេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា «ជាមួយនឹងការបញ្ជូនមកដល់កាលពីខែវិច្ឆិកាថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាអាចទទួលបានយន្តហោះចម្បាំងពហុមុខងារម៉ាក Sukhoi Su-30 ដែលផលិតនៅប្រទេសរុស្ស៊ីប្រហែល ៤ ឬ ៥ គ្រឿងដែលអមមកជាមួយទាំងគ្រូបង្វឹក និងអ្នកបច្ចេកទេសរុស្ស៊ី»។ គ្រូបង្វឹកយោធារបស់រុស្ស៊ីត្រូវបានគេប្រទះឃើញនៅឯអាកាសយានដ្ឋានរបស់មីយ៉ាន់ម៉ា ដែលអាចមកដើម្បីជួយជួសជុលឧទ្ធម្ភាគចក្ររបស់ពួកគេ ប៉ុន្តែក៏អាចមកដើម្បីផ្តល់យោបល់សម្រាប់គោលដៅវាយប្រហារផងដែរ។

ប៉ុន្តែដោយសាររបបយោធាមីយ៉ាន់ម៉ា ឬក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កាន់តែបង្កើនការធ្វើសង្គ្រាមតាមផ្លូវអាកាសប្រឆាំងនឹងកងកម្លាំងឧទ្ទាម ការពឹងផ្អែកលើរុស្ស៊ីសម្រាប់អាវុធ, ការផ្គត់ផ្គង់សម្ភារៈផ្សេងៗ និងជំនួយគឺជាប្រភពនៃភាពខ្លាំងនិងភាពខ្សោយ ដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អនាគតនៃសង្រ្គាមស៊ីវិល។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាគ្រោះមហន្តរាយយោធា ដោយក្នុងនោះ ទីក្រុងម៉ូស្គូបានបាត់បង់ទាំងមនុស្ស និងសម្ភារៈច្រើនជាងពេលណាៗទាំងអស់ បើគិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ នៅពេលដែលការខាតបង់មានសភាពកាន់តែធ្ងន់ធ្ងរ និងជម្លោះមានសភាពកាន់តែតានតឹង មនុស្សជាច្រើនបានលើកឡើងនូវចម្ងល់ថា «តើរុស្ស៊ីនឹងមានសម្ភារៈយោធានិងគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ការនាំចេញទៅកាន់អតិថិជនឆ្ងាយៗ ដូចជាមីយ៉ាន់ម៉ាដែរឬទេ»។

របបយោធាមីយ៉ាន់ម៉ាបានព្យាយាមពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ីកាលពីឆ្នាំមុន ដែលត្រូវបានគេមើលឃើញតាមរយៈការបង្ហាញជាញឹកញាប់នូវការគាំទ្ររបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ អ្នកនាំពាក្យក្រុមប្រឹក្សា SAC គឺឧត្តមសេនីយ៍ Zaw Min Tun បាននិយាយថា «យោធារបស់ប្រទេសរុស្ស៊ីបានអនុវត្តនូវអ្វីដែលសមហេតុផលសម្រាប់និរន្តរភាពនៃអធិបតេយ្យភាពរបស់ប្រទេស ហើយសង្រ្គាមនេះគឺជាការបញ្ជាក់អំពីជំហររបស់រុស្ស៊ីក្នុងនាមជាមហាអំណាចពិភពលោក»។

ឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីយ៉ាងហោចណាស់ ៣ ដង បើគិតចាប់តាំងពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។ លោកត្រូវបានគេរាយការណ៍ថាបានប្រាប់រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ីនៅក្នុងខែមិថុនាឆ្នាំនោះថា «សូមអរគុណដល់ប្រទេសរុស្ស៊ី។ កងទ័ពរបស់យើងបានក្លាយជាទាហានខ្លាំងបំផុតនៅក្នុងតំបន់នេះ»។

កងទ័ពអាកាសមីយ៉ាន់ម៉ា បំពាក់ដោយយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។ រូបភាព៖ Twitter

នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing ទៅកាន់ទីក្រុងម៉ូស្គូកាលពីខែកញ្ញា ឆ្នាំមុន ឧត្តមសេនីយ៍រូបនេះបានជួបជាមួយប្រធានាធិបតី Vladimir Putin និងបានធ្វើដំណើរទៅកាន់រោងចក្រផលិតយន្តហោះចម្បាំង។ ទន្ទឹមគ្នានេះដែរ រុស្ស៊ីបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ា ជាមួយនឹងការទទួលស្គាល់ថា «រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាមានលក្ខណៈស្របច្បាប់» ដោយសំដៅទៅលើលោក Min Aung Hlaing ក្នុងនាមជា «នាយករដ្ឋមន្ត្រី»។

ទំនាក់ទំនងពិសេសរបស់មីយ៉ាន់ម៉ាជាមួយរុស្ស៊ីបានចាប់ផ្តើមកាលពីជិត ៣ ទសវត្សរ៍មុន នៅពេលដែលឧត្តមសេនីយ៍រូបនេះកំពុងកាន់អំណាច និងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសម្ភារៈយោធារបស់ប្រទេសចិន។ កាលពីមុន ទីក្រុងប៉េកាំងបានជួយបំពេញចន្លោះខ្វះខាតនៅពេលដែលប្រទេសនេះស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីការគាបសង្កត់យ៉ាងបង្ហូរឈាមទៅលើការបះបោរនៅទូទាំងប្រទេសដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ ១៩៨៨។

ទំនាក់ទំនងដំបូងត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលឥស្សរជនរុស្ស៊ី ចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ទីក្រុងម៉ូស្គូបានលក់យន្តហោះចម្បាំងម៉ាក MiG-29 ចំនួន ៤ គ្រឿងដំបូងរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ ២០០១ ជាមួយនឹងយន្តហោះម៉ាក MiG ចំនួន ១០ គ្រឿងទៀតនៅឆ្នាំបន្ទាប់។ ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានបន្តលក់ទៅឱ្យក្រុមឧត្តមសេនីយ៍នូវឧទ្ធម្ភាគចក្រម៉ាក Hind Mi-35, ឧទ្ធម្ភាគចក្រដឹកជញ្ជូនម៉ាក Mi-17, យន្តហោះវាយប្រហារម៉ាក Yak-130, រថពាសដែកធុនស្រាល ព្រមទាំងកាំភ្លើងយន្តធុនធ្ងន់ និងគ្រាប់រ៉ុក្កែត។

ទាហាននិងអ្នកវិទ្យាសាស្ត្រមីយ៉ាន់ម៉ាចំនួន ៥ ០០០ នាក់បានទទួលការសិក្សានៅសាលាយោធារុស្ស៊ី ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ច្រើនជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត បូករួមទាំងសម្ព័ន្ធមិត្តសង្រ្គាមត្រជាក់ចាស់ គឺវៀតណាម។ នៅក្នុងឆ្នាំ ២០០៧ រុស្ស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ក៏ប៉ុន្តែការសាងសង់ត្រូវបានពន្យារពេលដោយសារផលប៉ះពាល់មួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ លោក Alexey Likhachev ដែលជានាយកក្រុមហ៊ុនរដ្ឋ Rosatom របស់រុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា Myo Thein Kyaw កាល ពីខែកក្កដា ឆ្នាំមុន ដោយបានគ្របដណ្តប់លើ «កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញនៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងការបង្កើតឱ្យមានមតិសាធារណៈវិជ្ជមានចំពោះថាមពលនុយក្លេអ៊ែរក្នុងប្រទេសមីយ៉ាន់ម៉ា»។

កាលពីខែកញ្ញា លោក Likhachev បានជួបជាមួយលោក Min Aung Hlaing នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា នៅទីក្រុង Vladivostok ដែលជាកន្លែងដែលអ្នកទាំងពីរ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការថាមពលអាតូមិក បូករួមទាំងតាមរយៈការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ម៉ូឌុលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែការពឹងផ្អែកលើរុស្ស៊ីជាជាងប្រទេសចិនដែលជាដៃគូសន្តិសុខជិតស្និទ្ធបំផុតរបស់ខ្លួន ប្រហែលជាមិនអាចផ្តល់នូវអ្វីៗដូច ដែលលោក Min Aung Hlaing និងសមាជិកក្រុមប្រឹក្សា SAC របស់លោកបានរំពឹងទុកនោះទេ។

ប្រសិនបើរុស្ស៊ីចាប់ផ្តើមស្ទាក់ស្ទើរក្នុងការបញ្ជូនយោធារបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដូចដែលអ្នកវិភាគមួយចំនួនបានគិតទុកនោះ ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាអាចនឹងត្រូវបង្ខំចិត្តទទួលយកអាវុធ, សម្ភារៈយោធា និងជំនួយពាក់ព័ន្ធពីប្រទេសចិនជាថ្មីម្តងទៀត បើទោះបីជាវាជារឿងអាម៉ាស់ក៏ដោយ។

រុស្ស៊ីបានប្តេជ្ញាគោរពកិច្ចព្រមព្រៀងសព្វាវុធ ដែលបានចុះហត្ថលេខានៅមុនរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បូករួមទាំងសម្រាប់ប្រព័ន្ធការពារមីស៊ីល និងយន្តហោះចម្បាំង ក៏ប៉ុន្តែរឿងនេះបានកើតឡើងនៅមុនសង្គ្រាមនៅអ៊ុយក្រែនដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ស្តុកផ្គត់ផ្គង់អាវុធរបស់រុស្ស៊ី។

ឧត្តមសេនីយជាន់ខ្ពស់ Min Aung Hlaing ត្រួតពិនិត្យអាវុធនៅទីក្រុងមូស្គូក្នុងខែមិថុនា ឆ្នាំ ២០២១។ រូបភាព៖ Cincds

ប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងព្យាយាមស្តារឡើងវិញនូវ «ភាពរុងរឿងរបស់អតីតសហភាពសូវៀត» ហើយនេះគឺជាកត្តាជំរុញដ៏ចម្បងនៅក្នុងសង្រ្គាមឈ្លានពានរបស់លោកនៅអ៊ុយក្រែន បូករួមនឹងការបង្កើតសម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មីៗ ដូចជាជាមួយប្រទេសមីយ៉ាន់ម៉ាជាដើម។

ប្រទេសចិនមានផលប្រយោជន៍ជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាងតែមួយគត់ដែលអាចផ្តល់ឱ្យទីក្រុងប៉េកាំង នូវសិទ្ធិក្នុងការចូលទៅកាន់មហាសមុទ្រឥណ្ឌាដោយផ្ទាល់។ ប៉ុន្តែរុស្ស៊ីមានការចាប់អារម្មណ៍ខ្លាំងជាងចំពោះការស្វែងរកប្រាក់ចំណេញពីការលក់អាវុធរបស់ខ្លួន និងការចូលរួមធ្វើពាណិជ្ជកម្មផ្សេងទៀតជាមួយប្រទេសមីយ៉ាន់ម៉ា។

ប្រាកដណាស់ មីយ៉ាន់ម៉ាមិនមែនជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលទិញសម្ភារៈយោធាពីរុស្ស៊ីនោះទេ ដោយក្នុងនោះវាក៏មានទាំងវៀតណាម, ឥណ្ឌូណេស៊ី និងសូម្បីតែម៉ាឡេស៊ីផងដែរ។ ប៉ុន្តែទំនាក់ទំនងរវាងមេទ័ពរុស្ស៊ីនិងមីយ៉ាន់ម៉ា បានលាតសន្ធឹងហួសពីកិច្ចព្រមព្រៀងអាវុធ ដែលអាចផ្តល់នូវប្រាក់កម្រៃទៅទៀត។

របបផ្តាច់ការរបស់លោក Putin និងរបបយោធាមីយ៉ាន់ម៉ាសុទ្ធតែបានបង្ហាញនូវការមាក់ងាយចំពោះបណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច, សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល។ រុស្ស៊ីកំពុងព្យាយាមទម្លាក់គ្រាប់បែកលើប្រទេសអ៊ុយក្រែន ខណៈដែលមេដឹកនាំរបបយោធាគឺលោក Min Aung Hlaing និងក្រុមរបស់លោកក៏កំពុងធ្វើដូចគ្នានេះដែរនៅក្នុងប្រទេសរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu (ឆ្វេង) និងឧត្តមសេនីយជាន់ខ្ពស់មីយ៉ាន់ម៉ា លោក Min Aung Hlaing ដើរកាត់ឆ្មាំកិត្តិយស មុនពេលកិច្ចពិភាក្សានៅទីក្រុងមូស្គូ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១។ រូបថត៖ AFP / Vadim Savitskyរដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu (ឆ្វេង) និងឧត្តមសេនីយជាន់ខ្ពស់មីយ៉ាន់ម៉ា លោក Min Aung Hlaing ដើរកាត់ឆ្មាំកិត្តិយស មុនពេលកិច្ចពិភាក្សានៅទីក្រុងមូស្គូ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១។ រូបថត៖ AFP / Vadim Savitsky

កាលពីខែសីហាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីអ្វីដែលទីភ្នាក់ងារព័ត៌មានផ្លូវការ Tass បានពិពណ៌នាថាជា «បញ្ហាសន្តិសុខនិងសេដ្ឋកិច្ច»។ បន្ទាប់មក នៅខែវិច្ឆិការដ្ឋមន្ត្រីក្រសួងដឹងជញ្ជូននិងទំនាក់ទំនងរបស់ក្រុមប្រឹក្សា SAC គឺលោក Tin Aung San ក៏បានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីផងដែរ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីៗជាច្រើន ក៏ត្រូវបានចុះហត្ថលេខា។

ក្នុងចំណោមពួកគេ រុស្ស៊ីបានប្តេជ្ញាយ៉ាងច្បាស់លាស់ថា នឹងជួយអភិវឌ្ឍផ្លូវដែករបស់មីយ៉ាន់ម៉ាដែលជាតំបន់ហេដ្ឋារចនាសម្ព័ន្ធដែលទីក្រុងប៉េកាំងមានភាពសកម្ម តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)។ ភាគីទាំងពីរក៏បានប្រកាសដែរថា «នៅដើមឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា នឹងដំណើរការជើងហោះហើរត្រង់ពីទីក្រុងរ៉ង់ហ្គូនទៅកាន់ទីក្រុងចុងបូព៌ាចំនួន ៣ របស់រុស្ស៊ីគឺ Vladivostok, Novosibirsk និង Krasnoyarsk»។

វាអាចនឹងមិនទំនងទេដែលថា «នៅពេលឆាប់ៗខាងមុខ វានឹងមានលំហូរចូលនៃអ្នកទេសចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាពីស៊ីបេរី ដែលជាទីតាំងរបស់ទីក្រុងទាំងនេះ» ហើយវាក៏មិនច្បាស់ដែរថា «អ្នកវិស្សមកាល មីយ៉ាន់ម៉ាចង់ចំណាយពេលវិស្សមកាលរបស់ពួកគេនៅក្នុងតំបន់ដ៏ត្រជាក់ទាំងនេះ»។ ទោះជាយ៉ាងណាក៏ដោយ វាមានការដំឡើងទីតាំងយោធា និងកន្លែងហ្វឹកហ្វឺនសំខាន់ៗនៅក្នុងទីក្រុងឆ្ងាយៗរបស់រុស្ស៊ី ដែលនេះមានន័យថា «កិច្ចព្រមព្រៀងហោះហើរអាចនឹងមានលក្ខណៈយោធា ជាជាងលក្ខណៈពាណិជ្ជកម្ម»៕

Asia Times

អត្ថបទទាក់ទង