ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 41
រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា រមណីយដ្ឋានអង្គរ មានអនាម័យស្រស់ស្អាតគ្មានសំរាម មិនអាចខ្វះបានឡើយពីការចូលរួមរបស់ក្រុមអ្នកសម្អាតរបស់អាជ្ញាធរជាតិអប្សរា

ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច លោកអ្នកនាងតែងតែបានឃើញសកម្មភាពជាច្រើនរបស់ក្រុមអ្នកសម្អាតអនាម័យបរិស្ថាន នៅតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនោះរួមមាន៖ ការងារប្រមូលសំរាម បោសសម្អាតតាមប្រាសាទ តាមដងផ្លូវសាធារណៈ តាមតំបន់ព្រៃឈើ កាត់ស្មៅ កសិន្ធុទឹក។ល។ ដើម្បីរក្សាបាននូវសោភណ្ឌភាព និងអនាម័យ ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរទាំងមូល ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោក ព្រះ ព្រិប ប្រធានក្រុមការងារសម្អាតបរិវេណមុខប្រាសាទអង្គរវត្ត និងភ្នំបាខែង បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមក្រុមការងាររបស់លោកមានសមាជិកចំនួន១៩នាក់ តែងតែសម្អាតកាកសំណល់ថ្មីៗតាមធុងសំរាម និងតាមដងផ្លូវ បន្ទាប់មកទើបចាប់ផ្តើមការបោសសម្អាតសំរាមស្លឹកឈើ និងស្មៅនៅតាមដងផ្លូវនានា។ លោកបន្តទៀតថា ការងារបោសសំអាត និងបោចស្មៅតែងតែធ្វើឡើងជាប្រចាំនៅបរិវេណមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ប្រាសាទបក្សីចាំក្រុងជាដើម។
ចំណែកអ្នកស្រី អ៊ុត ញន ជាអ្នកបោសសម្អាតមួយរូបបានឱ្យដឹងថា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជាអ្នកបោសសម្អាតនៅបរិវេណមុខប្រាសាទអង្គរ និងនៅតាមប្រាសាទមួយចំនួនទៀត។ អ្នកស្រីបន្តថា អ្នកស្រីមិនដែលខ្មាសអៀនឡើយក្នុងការងារជាអ្នកបោសសម្អាតនៅតាមប្រាសាទ ផ្ទុយទៅវិញអ្នកស្រីសប្បាយរីករាយ ដែលបានចូលរួមចំណែកធ្វើឱ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត គ្មានការបំពុលដោយសំរាមគ្រប់ប្រភេទ។

អ្នកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ដែលចូលមកទស្សនាតាមប្រាសាទនានាបានចូលរួមចំណែកយ៉ាងខ្លាំងជាមួយក្រុមការងារសម្អាត ដោយពួកគាត់មិនបានបោះចោលសំរាមពាសវាពាលកាល ដូចពេលមុនឡើយ ក្នុងនោះពួកគាត់តែងតែកោតសសើរអំពីការខិតរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារថែរក្សាអនាម័យនៅរមណីយដ្ឋានអង្គរ។

បើទោះបីជាបច្ចុប្បន្ន ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីការទុកដាក់សំរាមមានភាពល្អប្រសើក៏ពិតមែន ប៉ុន្តែក៏នៅមានករណីតិចតួច ដែលភ្ញៀវទេសចរតែងតែមើលរំលង និងមិនបានចូលរួម ដូចជា៖ ការញែកឬបោះសំរាម ទៅតាមធុងសំរាមដែលមានសញ្ញាបង្ហាញ និងការបោះចោលសំរាមនៅក្រោមដើមឈើក្រោយពេលសម្រាកឬអង្គុយលេងរួចជាដើម។ ដែលបញ្ហាទាំងនេះទាមទារឱ្យមានការចូលរួមសហការឱ្យបានល្អប្រសើរ ដើម្បីរមណីយដ្ឋានអង្គរនៅតែរក្សាភាពស្រស់ស្អាត គ្មានសំរាមគ្រប់ប្រភេទ៕

អត្ថបទទាក់ទង