ខ្មែរប៉ុស្ដិ៍ Close

គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនជួបប្រទះនឹងឧបសគ្គនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនជួបប្រទះនឹងឧបសគ្គនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ គម្រោង​ស្ពានមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវនៅ​ប្រទេស​ក្រូអាត។ រូបភាព៖ Twitter / EAF

នៅពេលដែលស្ពាន Peljesac នៅភាគខាងត្បូងប្រទេសក្រូអាតត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ វាគឺជាលើកទី២ ហើយដែលក្រុមហ៊ុនសាងសង់របស់ចិន «China Road and Bridge Corporation – CRBC» បានបញ្ចប់ការសាងសង់ស្ពានដ៏ធំមួយនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍។ ហើយវាក៏ជាលើកទី២ ផងដែរ ដែលលោក Li Keqiang បានចូលរួមពិធីសម្ពោធស្ពានដែលត្រូវបានសាងសង់ឡើងដោយប្រទេសចិននៅតំបន់អឺរ៉ុបភាគអាគ្នេយ៍។

ខណៈពេលដែលការដាក់ឱ្យដំណើរការស្ពាន Pupin នៅក្នុងទីក្រុង Belgrade មានអមមកជាមួយនូវការដោតទង់ជាតិចិនរាប់រយ បូករួមនឹងដំណើរទស្សនកិច្ចរបស់លោក Li ផងនោះ ការដាក់ឱ្យដំណើរការស្ពាន Peljesac នៅឆ្នាំ ២០២២ មានភាពខុសគ្នាយ៉ាងខ្លាំង។ នៅក្នុងអំឡុងពិធីសម្ពោធស្ពានដ៏អធិកអធមនេះ លោក Li បានថ្លែងទៅកាន់ហ្វូងមនុស្សតាមរយៈការផ្សាយផ្ទាល់ ជាមួយនឹងសុន្ទរកថាដែលផ្តោតលើការលើក តម្កើងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងក្រូអាត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ក្រូអាតបានរិះគន់សុន្ទរកថានេះថា «មានរយៈពេលវែង និងគួរឱ្យធុញទ្រាន់»។ បន្ថែមពីលើនេះ គេមិនបានឃើញមានទង់ជាតិចិននោះទេ ហើយហេតុផលមួយដែលធ្វើឱ្យព្រឹត្តិការណ៍ទាំង២ នេះមានភាពខុសគ្នាខ្លាំងគឺដោយសារ «វីរុសរាតត្បាតកូវីដ-១៩»។

គោល នយោបាយ «Zero Covid» របស់ចិន បានធ្វើឱ្យការធ្វើដំណើរទៅក្រៅប្រទេសក្លាយជារឿងដ៏កម្រសម្រាប់មេដឹកនាំនិងប្រជាពលរដ្ឋចិន។ ការដ្ឋានសំណង់របស់ចិននៅក្នុងតំបន់បានប្រឈមមុខនឹងកង្វះខាតបុគ្គលិកដែលបណ្តាលមកពីវិធានការរឹតបន្តឹងទាក់ទងនឹងវីរុសកូវីដ-១៩។

បើទោះបីជាសង្គមអឺរ៉ុបបានបើកឡើងវិញជាបណ្តើរៗក៏ដោយ ក៏ច្បាប់ដ៏តឹងរ៉ឹងដែលត្រូវបានអនុម័តដោយក្រុមហ៊ុនចិនបានបន្តបង្កើតជាគម្លាតរវាងបុគ្គលិកចិន និងមិត្តរួមការងាររបស់ពួកគេ។ ជនជាតិចិនដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Gorenje ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសស្លូវ៉ានី បានរងនូវការស្តីបន្ទោសពីសំណាក់ថ្នាក់លើរបស់ពួកគេចំពោះការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ នៅក្នុងក្រុមហ៊ុន។

និយោជិតដែលជាជនជាតិចិនត្រូវបានណែនាំមិនឱ្យប្រាស្រ័យទាក់ទងជាមួយសមភាគីស្លូវ៉ានីរបស់ពួកគេនោះតេ ដើម្បីការពារពីការឆ្លងវីរុស។ វាពិតជាពិបាកណាស់ក្នុងការកសាងទំនាក់ទំនងរវាង «មនុស្សនិងមនុស្ស» ដូចអ្វីដែលគោលនយោបាយការបរទេសរបស់គណបក្សកុម្មុយនីស្តចិនបានធ្វើការអំពាវនាវ នៅពេលដែលឧបសគ្គនៅតែបន្តកើតមាន។ បើទោះបីជាប្រទេសចិននិងសហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ចិន (SOEs) មិនបានចាកចេញពីអឺរ៉ុបភាគអាគ្នេយ៍ក៏ដោយ ក៏រយៈពេលនៃសុទិដ្ឋិនិយមដ៏ឆោតល្ងង់កំពុងតែខិតជិតដល់ទីបញ្ចប់ហើយ។

គម្រោងធំៗជាច្រើនបានជាប់គាំង ហើយមានគម្រោងថ្មីៗតិចតួចណាស់ដែលត្រូវបានប្រកាសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះបានឆ្លុះបញ្ចាំងអំពីការងាកចេញពីការប្រើប្រាស់ធ្យូងថ្មដែលធ្លាប់តែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគម្រោងភាគច្រើននៅអឺរ៉ុបភាគអាគ្នេយ៍ដែលត្រូវបានផ្តល់មូលនិធិដោយចិន។ គម្រោង «បៃតង» ដែលមានពាក់ព័ន្ធនឹងប្រទេសចិនដែលត្រូវបានប្រកាសនៅក្នុងតំបន់ ក៏មានចំនួនតិចតួចដែរ។

រូបភាពដែលបានថតនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៩ បង្ហាញពីផ្នែកដំបូងនៃផ្លូវហាយវេដែលតភ្ជាប់ទីក្រុង Bar នៅលើឆ្នេរសមុទ្រ Montenegroís Adriatic ទៅកាន់ប្រទេសជិតខាងស៊ែប៊ី (Bar-Boljare highway) នៅជិតភូមិ Bioce ភាគខាងជើងនៃរដ្ឋធានី Montenegroís Podgorica ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំរបស់ចិន។ រូបថត៖ AFP ដោយ Savo Prelevic

វីរុសកូវីដ-១៩ មិនមែនជាឧបសគ្គតែមួយគត់ដែលកំពុងកើតមានចំពោះប្រទេសចិននិងតំបន់អឺរ៉ុបភាគអាគ្នេយ៍នោះទេ ដោយក្នុងនោះគោលការណ៍ណែនាំថ្មីរបស់សហភាពអឺរ៉ុប (EU) ស្តីពីការមិនរាប់បញ្ចូលអ្នកដេញថ្លៃពី «ប្រទេសទី៣» «គឺប្រទេសចិន» នៅក្នុងការដេញថ្លៃជាសាធារណៈ ក៏ត្រូវបានអនុវត្តជាលើកដំបូងផងដែរនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍។

កាលពីឆ្នាំ ២០២០ គណៈកម្មការលទ្ធកម្មស្លូវ៉ានីបានដកការដេញថ្លៃទាំងអស់របស់ក្រុមហ៊ុន SOE របស់ចិន ចេញពីគម្រោងសាងសង់ខ្សែរថភ្លើងថ្មីមួយខ្សែដែលមានតម្លៃ ១,២ ពាន់លានដុល្លារ។ ប្រទេសចិនត្រូវបានគេដកចេញពីការដេញថ្លៃពីព្រោះប្រទេសនេះមិនមែនជាភាគីនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីលទ្ធកម្មរដ្ឋាភិបាល (World Trade Organization’s Agreement on Government Procurement)។

គណៈកម្មការអឺរ៉ុបហាក់ដូចជាកំពុងពង្រឹងបទប្បញ្ញត្តិរបស់ខ្លួនជាមួយនឹងការដាក់ចេញនូវគោលការណ៍ណែនាំថ្មីៗសម្រាប់បណ្ដារដ្ឋជាសមាជិក។ វិធានការបែបនេះក៏មានលក្ខណៈកាន់តែតឹងរ៉ឹងជាងមុនផងដែរ ដោយក្នុងនោះកាលពីខែមីនា ឆ្នាំ ២០២២ សភាអឺរ៉ុបនិងបណ្ដារដ្ឋាភិបាលនៃរដ្ឋជាសមាជិក បានព្រមព្រៀងគ្នាលើយន្តការលទ្ធកម្មអន្តរជាតិមួយ បន្ទាប់ពីការចរចារអស់រយៈពេល ១ ទសវត្សរ៍។

យន្តការនេះនឹងតម្រូវឱ្យមានការចូលទៅប្រើប្រាស់ទីផ្សាររបស់គ្នាទៅវិញទៅមក និងការជំរុញឱ្យបណ្ដារដ្ឋជាសមាជិកពិចារណាអំពីផលប៉ះពាល់ផ្នែកសង្គម, បរិស្ថាន ឬសន្តិសុខ ដែលអាចកើតមានដោយសារការអនុញ្ញាតឱ្យអ្នកដេញថ្លៃពីប្រទេសទី៣ ចូលរួមនៅក្នុងការដេញថ្លៃគម្រោងធំៗជាសាធារណៈ។

គណៈកម្មាការអឺរ៉ុបបានលើកឡើងជាពិសេសអំពីស្ពាន Peljesac ដោយបានចាត់ទុកវាជាឧទាហរណ៍ដ៏ជាក់ស្តែងស្តីពីបញ្ហានេះ។ គួររំលឹកផងដែរថា «ក្រុមហ៊ុនអឺរ៉ុបកម្រនឹងឈ្នះការដេញថ្លៃជាសាធារណៈនៅក្នុងប្រទេសចិនណាស់ ខណៈដែលក្រុមហ៊ុនរដ្ឋចិន (SOE) បានឈ្នះកិច្ចសន្យាតម្លៃ ៣៥៥ លានដុល្លារ ដែលត្រូវបានផ្តល់មូលនិធិស្ទើរតែទាំងស្រុងដោយសហភាពអឺរ៉ុប»។

វិធានការដ៏ក្តៅគគុកមួយទៀតគឺ «យន្តការប្រឆាំងនឹងការបង្ខិតបង្ខំ» ដែលនឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុបអាចឆ្លើយតបទៅនឹងប្រទេសទី៣ ណាដែលហ៊ានដាក់សម្ពាធសេដ្ឋកិច្ចមកលើរដ្ឋជាសមាជិក EU ដូចដែលបានកើតឡើងនៅក្នុងករណីនៃទណ្ឌកម្មរបស់ចិនដែលបានដាក់លើប្រទេសលីទុយអានី ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។

វិធានការមិនច្បាស់លាស់របស់សហភាពអឺរ៉ុបចំពោះប្រទេសចិន ក៏បានបង្កផលប៉ះពាល់ដល់បណ្តាប្រទេសបាល់កង់ផងដែរ។ បទពិសោធន៍ដ៏អាម៉ាស់របស់ប្រទេសម៉ុងតេណេហ្គ្រោដែលត្រូវបានសហភាពអឺរ៉ុបបដិសេធមិនផ្តល់ការជួយដោះស្រាយបញ្ហាប្រាក់កម្ចីរបស់ចិន បានផ្ញើសារធ្ងន់ៗទៅកាន់តំបន់នេះ ជាពិសេសទៅកាន់ប្រទេសដូចជាស៊ែប៊ីជាដើម។

ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic (ឆ្វេង) ដើរ​ជាមួយ​ប្រធានាធិបតី​ចិន Xi Jinping មុនពេល​កិច្ចប្រជុំ​មួយ​នៅ Great Hall of People ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩។ រូបថត៖ AFP/Pool/Kenzaburo Fukuhara

ស៊ែប៊ីនៅតែជាមិត្តដ៏ពិតប្រាកដតែមួយគត់របស់ចិននៅក្នុងតំបន់។ ទោះបីជាបានរងនូវការរំខានដោយសារការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏ស៊ែប៊ីនៅតែបន្តរក្សាតុល្យភាពរវាង «លោកខាងលិច និងបណ្តាប្រទេសផ្សេងៗទៀត» នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួនដដែល។

ប៉ុន្តែសូម្បីតែនៅក្នុងប្រទេសស៊ែប៊ី ក៏រូបភាពរបស់ប្រទេសចិនបានរងនូវធ្លាក់ចុះផងដែរនៅក្នុងពេលថ្មីៗនេះ។ ការកើនឡើងនៃការតវ៉ាក្នុងស្រុក និងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើការវិនិយោគរបស់ចិន បានបង្កើននូវការខាតបង់ផ្នែកនយោបាយ ដោយសារការស្វាគមន៍វិនិយោគិនដែលមកពីទីឆ្ងាយ។

លក្ខខណ្ឌការងារនៅឯការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់ធំមួយបានក្លាយជាប្រធានបទសម្រាប់ការជជែកដេញដោលគ្នានៅថ្នាក់ជាតិកាលពីឆ្នាំ ២០២១។ លក្ខខណ្ឌទាំងនោះបានវិវឌ្ឍកាន់តែអាក្រក់ទៅៗរហូតដល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស៊ែប៊ីត្រូវចូលរួមធ្វើអន្តរាគមន៍ដើម្បីធានាដល់សាធារណជនថា «រដ្ឋាភិបាលនៅតែផ្តោតលើការគោរពសិទ្ធិរបស់កម្មករ»។

ប្រទេសចិនបានក្លាយជាតួអង្គដ៏សំខាន់មួយនៅអឺរ៉ុបភាគអាគ្នេយ៍ ដោយសារតែក្រុមហ៊ុនរដ្ឋចិន (SOEs) និងប្រាក់កម្ចីដែលគ្មានលក្ខខណ្ឌ។ ជាថ្នូរ ប្រទេសចិនចង់ឱ្យក្រុមហ៊ុនរដ្ឋរបស់ខ្លួន (SOEs) ធ្វើការលើគម្រោង សំណង់ធំៗនៅក្នុងតំបន់ និងបង្កើនការដេញថ្លៃយកគម្រោងនានានៅក្នុងបណ្ដារដ្ឋរបស់សហភាពអឺរ៉ុបដែលជាអ្វីដែលក្រុមហ៊ុន CRBC បានព្យាយាមធ្វើជាមួយស្ពាន Peljesac។

ប៉ុន្តែបច្ចុប្បន្ននេះផ្លូវឆ្ពោះទៅរកការដេញថ្លៃបែបនេះ បាននិងកំពុងឈានទៅរកទីបញ្ចប់ហើយ។ បើទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានធូរស្រាលបន្តិចហើយក៏ពិតមែន ក៏បណ្ដារដ្ឋាភិបាលអឺរ៉ុបនៅតែបន្តយកចិត្តទុកដាក់ខ្លាំងលើការទប់ស្កាត់ការបរាជ័យផ្នែកសង្គម និងបរិស្ថានដែលជាហេតុបង្កផលប៉ះពាល់ដល់គម្រោងជាច្រើនដែលត្រូវបានផ្តល់មូលនិធិដោយចិន។

វានឹងកាន់តែមានការពិបាកខ្លាំងសម្រាប់ក្រុមហ៊ុនរដ្ឋរបស់ចិនក្នុងការយកឈ្នះលើការដេញថ្លៃ, ក្នុងការទិញយកក្រុមហ៊ុនរបស់អឺរ៉ុប ឬក្នុងការវិនិយោគលើគម្រោងសាងសង់រោងចក្រ។ បរិបទនយោបាយក្នុងស្រុករបស់ចិនក៏មានជាប់ទាក់ទងនឹងបញ្ហានេះផងដែរ។

ដូចអ្វីដែលបាន ឃើញនៅក្នុងសមាជបក្សលើកទី២០ រួមជាមួយនឹងរលកនៃការតវ៉ានៅពេលបច្ចុប្បន្ននេះ មេដឹកនាំរបស់ចិនបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើវិបុលភាពក្នុងស្រុក និងសណ្តាប់ធ្នាប់សង្គម។ ការវិនិយោគរយៈពេលវែងរបស់ចិនអាចនឹងនៅតែជាផ្នែកមួយដ៏សំខាន់របស់បណ្ដាប្រទេសអឺរ៉ុបភាគអាគ្នេយ៍។ ក៏ប៉ុន្តែឥទ្ធិពលនយោបាយរបស់ចិននៅក្នុងតំបន់នេះមិនគួរត្រូវបានគេមើលរំលងនោះឡើយ៕

Asia Times

អត្ថបទទាក់ទង