ខ្មែរប៉ុស្ដិ៍ Close

ការសិក្សា៖ ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នៅចិន អាចសម្លាប់មនុស្សរាប់លាននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 65
ការសិក្សា៖ ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នៅចិន អាចសម្លាប់មនុស្សរាប់លាននាក់ ទីក្រុងនានារបស់ចិន បើកគ្លីនិកព្យាបាលអ្នកជំងឺកូវីដ-១៩។ រូបថត៖ QQ.com

ការស្លាប់ដោយសារវីរុសកូវីដ-១៩ អាចកើនដល់មួយលាននាក់នៅក្នុងរលកនៃការរីករាលដាលនៅពេលបច្ចុប្បន្ន ដោយសារមន្ទីរពេទ្យកំពុងប្រឈមមុខនឹងបញ្ហាក្នុងការតាមរក និងព្យាបាលអ្នកមានផ្ទុកវីរុសដែលបានរត់គេចខ្លួន ចាប់តាំងពីប្រទេសចិនបានបន្ធូរបន្ថយវិធានការ «Zero Covid» កាលពីមួយសប្តាហ៍មុន។

យោងតាមរបាយការណ៍ស្រាវជ្រាវដែលសហការនិពន្ធដោយលោក Gabriel Leung ដែលជាអតីតព្រឹទ្ធបុរសផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Hong Kong «មនុស្សប្រហែល ៦៨៤ នាក់ក្នុងចំណោមមួយលាននាក់ អាចស្លាប់ដោយសារវីរុសកូវីដ-១៩ នៅពេលដែលរដ្ឋាភិបាលចិនបានបន្ធូរបន្ថយវិធានការរឹតត្បិត ដោយគ្មានយុទ្ធនាការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំអមមកជាមួយ»។

របាយការណ៍នេះមិនត្រូវបានចេញផ្សាយជាសាធារណៈនោះទេ ក៏ប៉ុន្តែវាត្រូវបានទទួល និងត្រួតពិនិត្យដោយ Bloomberg ដែលបានប៉ាន់ប្រមាណថា «មនុស្សប្រហែល ៩៦៤ ៤០០ នាក់អាចនឹងស្លាប់ដោយសារវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន»។

បើយោងតាមរបាយការណ៍ អ្នកស្រាវជ្រាវបានសរសេរថា «លទ្ធផលស្រាវជ្រាវរបស់យើងបានបង្ហាញថា ប្រព័ន្ធសុខាភិបាលក្នុងស្រុកនៅទូទាំងខេត្តទាំងអស់នឹងមិនអាចទប់ទល់នឹងការកើនឡើងនៃករណីវីរុសកូវីដ-១៩ ដែលបណ្តាលមកពីការបើកឡើងវិញ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ដល់ខែមករា ឆ្នាំ ២០២៣ បានទេ»។

ទន្ទឹមនឹងនេះដែរ ចំនួនផ្លូវការនៃករណីឆ្លងវីរុសកូវីដ-១៩ ដែលត្រូវបានរាយការណ៍ បានបន្តធ្លាក់ចុះ ដោយសារការធ្វើតេស្ត PCR លែងជាកាតព្វកិច្ចទៀតហើយ។ ចាប់ពីថ្ងៃអង្គារ រដ្ឋាភិបាលចិនក៏បានបញ្ឈប់ផងដែរនូវការប្រកាសជាប្រចាំថ្ងៃនៃចំនួនករណីឆ្លងដែលគ្មានរោគសញ្ញា។

អ្នកនិយមលេងអ៊ីនធឺណិតចិនឥឡូវនេះ កំពុងប្រើប្រាស់វិធានការផ្សេងៗ ដូចជាការស្វែងរកពាក្យគន្លឹះ «គ្រុនក្តៅ» នៅលើបណ្តាញអ៊ីនធឺណិត និងការស្វែងរកចំនួនមនុស្សដែលទៅរកជំនួយពីគ្លីនិកដើម្បីតាមដានស្ថានភាព នៃការរាតត្បាតនៃវីរុសនេះ។ តួលេខបានបង្ហាញថា «ទីក្រុងប៉េកាំង និងទីក្រុងក្បែរៗនោះ បូករួមទាំងទីក្រុង Baoding និង Shijiazhuang កំពុងប្រឈមមុខនឹងការផ្ទុះឡើងជាទ្រង់ទ្រាយធំនៃវីរុសកូវីដ-១៩»។

ចាប់តាំងពីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ០៧ ខែធ្នូ នូវចំណុចចំនួន ១០ ដែលរួមមាន «អ្នកជំងឺកូវីដ-១៩ អាចជ្រើសរើសធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីចៀសវាងការបិទខ្ទប់ទីក្រុង និងដើម្បីកាត់បន្ថយការធ្វើតេស្ត PCR» ចំនួនអ្នកដែលមានអាការៈគ្រុនក្តៅនៅក្នុងទីក្រុងសំខាន់ៗបានបន្តកើនឡើង។

កាលពីថ្ងៃចន្ទ លោក Li Ang ដែលជាអ្នកនាំពាក្យរបស់គណៈកម្មការសុខភាពនៅទីក្រុងប៉េកាំងបាននិយាយថា «ចំនួនមនុស្សដែលស្វែងរកការព្យាបាលជំងឺគ្រុនក្តៅនៅតាមគ្លីនិកនៅក្នុងទីក្រុងមានចំនួន ២២ ០០០ នាក់ នៅថ្ងៃទី ១១ ខែធ្នូ ដោយបានកើនឡើងប្រហែល ១៦ ដងខ្ពស់ជាងចំនួនកាលពីមួយសប្តាហ៍មុន»។

លោក Li បានបន្តថា «មនុស្សប្រហែល ១៩ ០០០ នាក់ត្រូវបានគេរកឃើញថាមានរោគសញ្ញាជំងឺគ្រុនផ្តាសាយនៅក្នុងសប្តាហ៍ដែលបានបញ្ចប់ទៅនៅថ្ងៃទី ១១ ខែធ្នូ ដោយបានកើនឡើងប្រហែល ៦ ដងខ្ពស់ជាងកម្រិតដែលត្រូវបានរាយការណ៍កាលពីសប្តាហ៍មុនមួយ»។

លោកបានឱ្យដឹងទៀតថា «មនុស្សជាង ៣០ ០០០ នាក់ បានហៅមកកាន់ខ្សែទូរសព្ទបន្ទាន់លេខ ១២០ ជារៀងរាល់ថ្ងៃ ដោយបានកើនខ្ពស់ជាងធម្មតាប្រហែល ៦ ដង។ តួលេខទាំងនេះបានបង្ហាញថា ការរីករាលដាលយ៉ាងឆាប់រហ័ស និងយ៉ាងទូលំទូលាយនៃវីរុសកូវីដ-១៩ ទំនងជាកំពុងបន្តកើតមាននៅទីក្រុងប៉េកាំង»។

គណៈកម្មការសុខភាពជាតិបានប្រកាសថា «ករណីឆ្លងវីរុសកូវីដ-១៩ ថ្មីៗសរុបចំនួន ៦ ១៩៧ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ដោយបានធ្លាក់ចុះពីចំនួន ៨ ៨៣៨ កាលពីថ្ងៃអាទិត្យ»។ កាលពីថ្ងៃអង្គារ ចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ២ ២៩១ ដោយក្នុងនោះ ករណីគ្មានរោគសញ្ញាទាំងអស់ត្រូវបានដកចេញ។

អ្នក​ជំងឺ​កូវីដ​ព្យាយាម​ចូល​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង។ រូបថត៖ រូបថត Weibo

គណៈកម្មការនេះបានឱ្យដឹងថា «គេមិនអាចទទួលបានចំនួនត្រឹមត្រូវនៃករណីគ្មានរោគសញ្ញានោះទេ ដោយសារការធ្វើតេស្ត PCR លែងជាកាតព្វកិច្ចទៀតហើយ»។ លោក Hu Xijin ដែលជាអតីតនិពន្ធនាយកនៃកាសែត The Global Times របស់គណបក្សកុម្មុយនីស្តចិនបាននិយាយកាលពីសប្តាហ៍មុនថា «ការថយចុះនៃចំនួនករណីវិជ្ជមានដែលត្រូវបានប្រកាសជាផ្លូវការ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពរាតត្បាតពិតនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិននោះទេ»។

លោក Jiang Debin ដែលជាអ្នកសរសេរអត្ថបទ ដែលមានមូលដ្ឋាននៅទីក្រុង Guangdong បាននិយាយថា «ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការមិនរាប់បញ្ចូលករណីគ្មានរោគសញ្ញា គឺជារឿងសមហេតុផល ពីព្រោះវាអាចជួយបន្ធូរបន្ថយការភ័យស្លន់ស្លោជាសាធារណៈអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះ»។

ក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រទេសជាច្រើនបានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទសម្រាប់អ្នកដែលបានធ្វើតេស្តវិជ្ជមាននៅតាមផ្ទះ ដើម្បីរាយការណ៍អំពីករណីរបស់ពួកគេ ដោយស្ម័គ្រចិត្ត ដែលការធ្វើបែបនេះបានជួយឱ្យអ្នកជំនាញផ្នែកជំងឺឆ្លងអាចតាមដានតួលេខ Rt ដែលជាអត្រានៃការបន្តពូជរបស់វីរុស។ «Rt តិចជាង ១,០ មានន័យថា ការឆ្លងមិនបានរីករាលដាលទេ»។

ការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Hong Kong ដែលបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា បានប៉ាន់ប្រមាណថា «មនុស្ស ៦៨៤ នាក់ក្នុងចំណោម ១ លាននាក់ អាចនឹងស្លាប់នៅក្នុងការបើកដំណើរការប្រទេសចិនឡើងវិញ ដោយសារមនុស្សជាច្រើននៅមិនទាន់បានទទួលការចាក់វ៉ាក់សាំង»។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «ប្រសិនបើប្រទេសចិនពន្យារពេលបើកឡើងវិញដល់ខែមករា ឆ្នាំ ២០២៣ ហើយអាចបង្កើនអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស នោះចំនួនអ្នកស្លាប់អាចធ្លាក់ចុះរហូតដល់ ២៦%»។ ក្រុមការងារក៏បានណែនាំផងដែរថា «ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងនៅក្នុងប្រទេសចិនអាចនាំមកនូវការកើតមានវីរុសកូវីដ-១៩ ទម្រង់ថ្មីៗ»។

នៅទីក្រុងប៉េកាំង អ្នកផ្តល់សេវាពិធីបុណ្យសព និងបូជាសព បាននិយាយថា «នៅក្នុងសប្តាហ៍នេះ ពួកគេទទួលបានអតិថិជនកាន់តែច្រើន»។ វីដេអូមួយបានបង្ហាញនូវរូបភាព «រថយន្តជាច្រើនកំពុងតម្រង់ជួរនៅខាងមុខទីតាំងរៀបចំបុណ្យសព Babao Mountain Funeral House» ក៏ប៉ុន្តែគណៈកម្មការសុខាភិបាលជាតិមិនបានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូវីដ-១៩ នោះទេ។

គិលានុបដ្ឋាយិកាម្នាក់នៅក្នុងប្រទេសចិន កំពុងរៀបចំចាក់វ៉ាក់សាំង Sinovac ។ រូបថត៖ AFP / George Calvelo / NurPhoto

អ្នកនិពន្ធដែលមានឈ្មោះថា «City Data Group» បានសរសេរនៅក្នុងអត្ថបទមួយថា «ទីក្រុងប៉េកាំង, Baoding និង Shijiazhuang ឥឡូវនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃវីរុសយ៉ាងធ្ងន់ធ្ងរបំផុត ខណៈដែលការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិតនូវពាក្យគន្លឹះ «គ្រុនក្តៅ» បានកើនឡើងដល់កម្រិតដ៏ខ្ពស់»។ អ្នកនិពន្ធរូបនេះបានបន្ថែមថា «សន្ទស្សន៍គ្រុនក្តៅ (Fever Index) អាចត្រូវបានប្រើដើម្បីតាមដានការចម្លងនៃវីរុសនេះ»។

លោកបាននិយាយទៀតថា «សន្ទស្សន៍បានកើនឡើងដល់ ១,៥៧ នៅទីក្រុងសៀងហៃក្នុងខែមេសា និង ២,៦ នៅទីក្រុង Urumqi ក្នុងខែតុលា ដោយបានកើនលើសពីកម្រិតធម្មតា (១,០)។ ឥឡូវនេះ សន្ទស្សន៍នេះបានបន្តកើនឡើងដល់ ៣,៩៨ នៅទីក្រុងប៉េកាំង, ៤,៩៨ នៅទីក្រុង Baoding និង ៤,០ នៅទីក្រុង Shijiazhuang ហើយមនុស្សយ៉ាងហោចណាស់ ១,៧ លាននាក់អាចនឹងត្រូវស្លាប់ នៅក្នុងរលកនៃការរីករាលដាលនៃវីរុសកូវីដ-១៩ នៅពេលបច្ចុប្បន្ននេះ»។

កាលពីថ្ងៃពុធ ក្រុមហ៊ុន «China National Pharmaceutical Group Corp» បាននិយាយថា «ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer ដើម្បីនាំចូលថ្នាំគ្រាប់ព្យាបាលវីរុសកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Paxlovid»។ បច្ចុប្បន្ន ថ្នាំនេះត្រូវបានលក់នៅតាមបណ្តាញអ៊ីនធឺណិតក្នុងតម្លៃ ២ ៩៨០ យ័នក្នុងមួយប្រអប់ (៤២៦,៨ ដុល្លារអាមេរិក)៕

Asia Times

អត្ថបទទាក់ទង