ខ្មែរប៉ុស្ដិ៍ Close

អាស៊ាន និងសហភាពអឺរ៉ុបការពារការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងពិភពលោកដែលពោរពេញទៅដោយការបែកបាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 94
អាស៊ាន និងសហភាពអឺរ៉ុបការពារការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងពិភពលោកដែលពោរពេញទៅដោយការបែកបាក់ លោក Anwar Ibrahim

បើទោះបីជាមានផ្លូវដើរខុសគ្នាខ្លាំងក៏ដោយ ក៏អាស៊ាន និងសហភាពអឺរ៉ុប ដែលឆ្នាំនេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងរបស់ពួកគេ បានកសាងខ្លួនយ៉ាងជោគជ័យ និងបានក្លាយជាអង្គការថ្នាក់តំបន់ចំនួន២ ដែលបានទទួលជោគជ័យបំផុតនៅក្នុងពិភពលោក។

ខណៈពេលដែលសហភាពអឺរ៉ុបគឺជាមជ្ឈមណ្ឌលសមាហរណកម្មតំបន់ដែលផ្តោតលើសន្តិភាពនៅក្រោយសង្គ្រាម មូលដ្ឋានគ្រឹះរបស់អាស៊ានគឺឈរនៅ លើផែនការមនោគមវិជ្ជាដែល មានគោលបំណងប្រឆាំងនឹងការគំរាមកំហែងពីលទ្ធិកុម្មុយនិស្ត និងការ បង្កើតប្លុកក្នុងតំបន់មួយដោយមានការគាំទ្រពីខាងក្រៅ ដើម្បីទប់ទល់នឹងនិន្នាការសើរើ (Revisionist Tendencies) នៅក្រោយសង្គ្រាម។

សម្រាប់តួនាទីរបស់ខ្លួននៅក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ អាស៊ានបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងច្រើនទាក់ទងនឹងការរៀបចំគោលការណ៍, ចំណុចអាទិភាព និងសូម្បីតែចក្ខុវិស័យ, បេសកកម្ម និងការយល់ឃើញ។ បិតាស្ថាបនិករបស់អាស៊ានមិនដែលបានគិតទាល់តែសោះអំពីគោលគំនិតដ៏អង់អាចនិងដ៏មានមហិច្ឆតា ដូចជា «មជ្ឈភាពអាស៊ាន»។

ការផ្លាស់ប្តូរនៅក្នុងការយល់ឃើញផ្ទាល់ខ្លួនរបស់អាស៊ានបានបង្កនូវផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅ។ ក្នុងនាមជាអង្គការក្នុងតំបន់ដ៏ទំនើប សហភាពអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ាន ដោយក្នុងនោះអាស៊ានតែងតែកោតសរសើរប្លុកអឺរ៉ុបដោយសារភាពធន់នៃស្ថាប័ន បូករួមនឹងភាពស្អិតរមួតនៃទំនាក់ទំនងរវាងពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនង​ដ៏យូរ​អង្វែង​របស់​សហភាព​អឺរ៉ុប​ជាមួយ​អាស៊ាន​ មិន​មាន​បញ្ហា​រកាំរកូសរវាងគ្នានោះទេ។ វាមានចំណុចជាច្រើនដែលអង្គការតំបន់ដ៏ចំណាស់ទាំងពីរនេះមិនយល់ស្របគ្នា ក៏ប៉ុន្តែចំណុចទាំងនោះមិនបានរារាំងពួកគេពីការបន្តបង្កើនទំនាក់ទំនងរវាងគ្នាឡើយ។

កាលពីឆ្នាំ ២០២០ អាស៊ាននិងសហភាពអឺរ៉ុបបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេឱ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដោយក្នុងនោះវានឹងជំរុញកម្រិតនៃការចូលរួមរបស់ពួកគេឱ្យបានកាន់តែច្រើនជាងមុន ទន្ទឹមនឹងការបង្កើតឱ្យមានកិច្ចសន្ទនាកម្រិតកំពូលជាទៀងទាត់ (បើទោះបីជាមិនបានរៀងរាល់ឆ្នាំក៏ដោយ)។

ការដំឡើងកម្រិតនៃភាពជាដៃគូសន្ទនារបស់ពួកគេឱ្យទៅជាលក្ខណៈយុទ្ធសាស្ត្រមានភាពកាន់តែមានភាពទូលំទូលាយ និងស៊ីជម្រៅជាងអ្វីដែលគេនឹកស្មានទៅទៀត។ អង្គការថ្នាក់តំបន់ទាំងពីរនេះ បានចងភ្ជាប់គ្នាយ៉ាងស៊ីជម្រៅ ហើយក៏មានបទដ្ឋាននិងគុណតម្លៃរួមគ្នាផងដែរ បើទោះបីជាស្ថិតក្នុងកម្រិតខុសគ្នាក៏ដោយ។

ជំនឿយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់ គឺជាចំណុចដ៏សំខាន់មួយនៃភាពជាដៃគូនេះ។ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះពហុភាគីនិយម និងការប្តេជ្ញាចិត្តចំពោះការធ្វើពាណិជ្ជកម្មដែលមានលក្ខណៈសេរី និងយុត្តិធម៌ បានធ្វើឱ្យវាកាន់តែមានភាពចាំបាច់ជាងមុនសម្រាប់ពួកគេក្នុងការស្វែងរកមធ្យោបាយធ្វើការរួមគ្នាដើម្បីការពារ និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិបែបលោកសេរីដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់មហាអំណាច។

បញ្ហាប្រឈមដែលបណ្តាលមកពីការប្រកួតប្រជែងដែលកំពុងបន្តរវាងសហរដ្ឋអាមេរិកនិងចិនកំពុងបង្កផលប៉ះពាល់យ៉ាងធំធេងមិនត្រឹមតែនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កផលប៉ះពាល់ផងដែរនៅក្នុងទ្វីបអឺរ៉ុប។ អាស៊ាននិងសហភាពអឺរ៉ុបមិនបានព្រងើយកន្តើយចំពោះទំនួលខុសត្រូវ និងតួនាទីដ៏គួរឱ្យជឿជាក់របស់ពួកគេនោះទេ។

ផ្អែកលើបញ្ហានេះ ភាគីទាំងពីរ បានដាក់ចេញនូវផែនការសកម្មភាពមួយនៅឆ្នាំនេះ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យចំនួន៤ គឺសេដ្ឋកិច្ច, សន្តិសុខ, ការតភ្ជាប់ប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ វិស័យសំខាន់មួយដែលត្រូវបានកត់សម្គាល់នៅក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺការលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរីនិងយុត្តិធម៌ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិឆ្លងព្រំដែន។

ជាអកុសល ការនិយាយគឺងាយស្រួលជាងការធ្វើ ពីព្រោះសូម្បីតែនៅក្នុងវិស័យដែលមិនសូវមានភាពចម្រូងចម្រាស់រវាងគ្នាក៏ដោយ ក៏អាស៊ាននិងសហភាពអឺរ៉ុបនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន។ ជាឧទាហរណ៍ : កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបអាចជារឿងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទំនាក់ទំនងរវាងពួកគេ។

ដោយបានព្រមព្រៀងគ្នាកាលពីឆ្នាំ ២០០៧ គំនិតផ្តួចផ្តើមនេះនៅតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយនៅឡើយ មុននឹងអាចឈានទៅរកការអនុវត្តជាក់ស្តែង។ សព្វ​ថ្ងៃ EU មាន​កិច្ចព្រមព្រៀងសេរី (FTA) តែជាមួយ​សមាជិក​អាស៊ានចំនួន២ ប៉ុណ្ណោះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្លុកមួយនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយឥណ្ឌូណេស៊ី, ហ្វីលីពីន និងថៃ ខណៈដែលការចរចាជាមួយម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ត្រូវបានផ្អាកហើយ។ ទោះជាយ៉ាងណាក៏ដោយ ការ​ពិភាក្សា​ជារួមបាន​ដំណើរការ​យ៉ាងយឺតយ៉ាវជាទីបំផុត។

ប៉ុន្តែដំណឹង​ល្អ​មួយ​ចំនួន​កំពុងកើតមាន ដោយក្នុងនោះកាលពីខែមីនាកន្ល ងទៅ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី បាននិយាយថា «ផែនការជាច្រើនកំពុងត្រូវបានរៀបចំដើម្បីចាប់ផ្តើមការចរចាដែលបានជាប់គាំងតាំងពីឆ្នាំ ២០១២ មក»។ គេនៅមិនទាន់ឃើញមានសញ្ញាច្បាស់លាស់ណាមួយនៅឡើយនោះទេពាក់ព័ន្ធនឹងជំហានបន្ទាប់ របស់រដ្ឋាភិបាលរបស់លោក Anwar Ibrahim ស្តីពីកិច្ចព្រមព្រៀង FTA រវាងម៉ាឡេស៊ី-សហភាពអឺរ៉ុប។ ក៏ប៉ុន្តែការវិវឌ្ឍអាចមានលក្ខណៈវិជ្ជមាន។

នៅក្នុងសារ Tweeter ដែលបានធ្វើឡើងកាលពីខែមករានៅក្នុងអំឡុងពេលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Anwar បានលើកឡើងថា «សូមឱ្យសម្ព័ន្ធភាពនេះ [ម៉ាឡេស៊ីនិងសហភាពអឺរ៉ុប] ត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត នៅក្នុងបុព្វហេតុផលប្រយោជន៍រួម»។ ទោះជាយ៉ាង​ណា​ក៏​ដោយ វានៅ​មាន​បញ្ហា​ប្រឈម​ជាច្រើនទៀតនៅពេល​ខាង​មុខ​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ចរចា​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។

គោលជំហរដ៏រឹងមាំរបស់សហភាពអឺរ៉ុបចំពោះការភ្ជាប់ទំនាក់ទំនងរវាងបញ្ហាសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការធ្វើពាណិជ្ជកម្មនឹងបន្តធានាថា «ដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនឹងក្លាយជាដំណើរដ៏លំបាក»។ និយាយបែបនេះ​មិន​មែន​មានន័យថា «កិច្ចព្រមព្រៀង FTA មិន​អាច​ទៅ​រួច​នោះ​ទេ»។

ដូចដែលកិច្ចព្រមព្រៀង FTA រវាងសហភាពអឺរ៉ុប និងវៀតណាមបានបង្ហាញនូវការយកឈ្នះលើការខ្វែងគំនិតគ្នា ពិតជាអាចសម្រេចបាន ប្រសិនបើវាមានឆន្ទៈនយោបាយដ៏រឹងមាំពីភាគីទាំងពីរ ក្នុងការឈានទៅរកកិច្ចព្រមព្រៀង។ ក្នុងន័យនេះ បើទោះបីជាការចរចាដែលនៅសេសសល់ត្រូវបានបញ្ចប់ដោយជោគជ័យក៏ដោយ ក៏បញ្ហាប្រឈមនឹងមិនថយចុះនោះទេ ប្រសិនបើភាគីនីមួយៗនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង FTA រវាងអាស៊ាននិងសហភាពអឺរ៉ុបនឹងផ្តល់នូវផលចំណេញយ៉ាងធំធេង ដោយក្នុងនោះវាមិនត្រឹមតែនឹងក្លាយជាកិច្ចព្រមព្រៀង FTA ដ៏ធំមួយដែលនឹងទៅបំពេញបន្ថែមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងដែលអាចធានាឱ្យមានការធ្វើពាណិជ្ជកម្មសេរីកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្តល់នូវការធានាបានផងដែរថា «ស្មារតីនៃសមាហរណកម្មសេដ្ឋកិច្ចនឹងបន្តរីកចម្រើនទៅមុខ»។

ហានិភ័យនៃការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងចិន អាចនាំមកនូវការបែកបាក់នៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងពិភពលោកដែលអាចបង្ខំឱ្យប្រទេសនានាត្រូវជ្រើសរើសយកមហាអំណាចណា មួយ ដោយផ្អែកលើមនោគមវិជ្ជា ជាជាងផ្អែកលើសេដ្ឋកិច្ច។ បញ្ហានេះអាចរារាំងដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្ដាប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាស៊ាននិងសហភាពអឺរ៉ុបគឺជាប្រភពដ៏សំខាន់នៃការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក ហើយបើផ្អែកលើការស្ទង់មតិប្រចាំឆ្នាំរបស់អាស៊ាន «ប្រជាជនអាស៊ីអាគ្នេយ៍បានចាត់ទុកសហភាពអឺរ៉ុបជាដៃគូដ៏គួរឱ្យទុកចិត្ត»។ ដូចគ្នានេះដែរ ប្លុកអឺរ៉ុបបានទទួលស្គាល់មជ្ឈភាពរបស់អាស៊ានដែលមានលក្ខណៈស្របទៅតាមយុទ្ធសាស្ត្រផ្ទាល់របស់ខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅពេលដែលអាស៊ាននិងសហភាពអឺរ៉ុបប្រារព្ធខួបនៃទំនាក់ទំនងរបស់ពួកគេ ពួកគេចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដងដើម្បីមើលឱ្យឃើញអំពីបញ្ហា ហើយវាគ្មានពេលណាដែល​ពួកគេអាចធ្វើរឿងនេះបានល្អដូចពេលនេះនោះទេ៕

Asia Times

អត្ថបទទាក់ទង