ខ្មែរប៉ុស្ដិ៍ Close

នៅចំពេលមានការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងចិន សហភាពអឺរ៉ុបបានផ្តល់ជាជម្រើសថ្មីដល់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 110
នៅចំពេលមានការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងចិន សហភាពអឺរ៉ុបបានផ្តល់ជាជម្រើសថ្មីដល់អាស៊ាន ទង់របស់ EU ឈរក្បែរអាស៊ាន និងប្រទេសសមាជិកទាំង ១០ នៅសិង្ហបុរី៖ បើនិយាយពីយុទ្ធសាស្ត្រ ប្លុកទាំងពីរមានចំណុចដូចគ្នាច្រើននា។ © Reuters

ខណៈបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប និងអាស៊ាន មានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នា និងមានគំនិតផ្ទុយគ្នាចំពោះបញ្ហាមួយចំនួនដូចជាសិទ្ធិមនុស្ស និងការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនក៏ដោយ ក៏ប្លុកទាំង២ បានចែករំលែកនូវបំណងប្រាថ្នារួមគ្នាក្នុងការស្វែងរកស្វ័យភាពជាយុទ្ធសាស្ត្រ និងចង់រួមចំណែកដល់ការរក្សាសណ្តាប់ធ្នាប់ពហុប៉ូល ខណៈដែលការប្រកួតប្រជែងរវាងមហាអំណាចកាន់តែមានភាពកើនឡើង។

កិច្ចប្រជុំកំពូលដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Brussels នៅថ្ងៃពុធដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូត រវាងតំបន់ទាំងពីរ នឹងក្លាយជាការជួបជុំរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់បណ្តាប្រទេសជាសមាជិករបស់ពួកគេជាលើកដំបូង ហើយវាក៏ជាការផ្តល់ឱកាសសម្រាប់ការពិភាក្សាអំពីគោលបំណងខាងលើផងដែរ ។

ជាប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងអាស៊ានបានវិវត្តពីអ្នកផ្តល់ជំនួយ និងអ្នកទទួលជំនួយ ទៅជាដៃគូពាណិជ្ជកម្មស្មើភាពគ្នា។

សម្រាប់សហភាពអឺរ៉ុប ការកើនឡើងនៃចំនួនប្រជាជនរបស់អាស៊ានដល់ជិត ៧០០ លាននាក់ ដែលភាគច្រើនជាយុវជន និងពលរដ្ឋវណ្ណៈកណ្តាលគឺតំណាងឱ្យឱកាសនៃសេដ្ឋកិច្ច។ មិនដូចសហរដ្ឋអាមេរិកនោះទេ សហភាពអឺរ៉ុបបានបើកចំហចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងទូលំទូលាយជាមួយអាស៊ាន បើទោះបីជាការរៀបចំកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសជាសមាជិកនីមួយៗកំពុងត្រូវបានផ្អាកក៏ដោយ។

កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបលើមុខទំនិញរវាងសហភាពអឺរ៉ុប និងអាស៊ានបានកើនដល់ជិត ២៧០ ពាន់លានដុល្លារ ហើយពួកគេក៏សុទ្ធតែជាដៃគូរពាណិជ្ជកម្មធំជាងគេរវាងគ្នាទៅវិញទៅមកផងដែរ។ កាលពីឆ្នាំមុន តំបន់អឺរ៉ុបក៏ជាប្រភពនៃលំហូរវិនិយោគផ្ទាល់ពីបរទេសធំជាងគេទី២ របស់អាស៊ាន ដោយស្ថិតនៅក្រោយតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

បញ្ហាបន្ទាន់ជាពិសេសសម្រាប់តំបន់អឺរ៉ុបនៅពេលបច្ចុប្បន្ននេះ គឺការស្វែងរកប្រភពថាមពលថ្មី ខណៈដែលពួកគេកំពុងព្យាយាមផ្តាច់ខ្លួនចេញពីប្រេងនិងឧស្ម័នរបស់រុស្ស៊ី ក្រោយការធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ប្រទេសអាល្លឺម៉ង់ ដែលពីមុនជាប្រទេសនាំចូលឥន្ធនៈពីរុស្ស៊ីឈានមុខគេ នឹងក្លាយជាប្រទេសនាំចូលធ្យូងថ្មធំជាងគេទី៣ របស់ឥណ្ឌូណេស៊ីនៅឆ្នាំក្រោយ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅទីក្រុង Brussels សហភាពអឺរ៉ុបមានបំណងជំរុញការចរចាពាណិជ្ជកម្មសេរីជាមួយឥណ្ឌូណេស៊ី ជាពិសេសប្រសិនបើសិនជាជម្លោះជុំវិញការរឹតបន្តឹងរបស់ទីក្រុងហ្សាកាតាលើការនាំចេញរ៉ែនីកែលអាចត្រូវបានដោះស្រាយ។ តំបន់អឺរ៉ុបក៏សង្ឃឹមថានឹងអាចបន្តកិច្ចចរចាជាមួយហ្វីលីពីននិងម៉ាឡេស៊ីឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលរបស់ពួកគេបានផ្លាស់ប្តូរនៅពេលថ្មីៗនេះដើម្បីអាចត្រួសត្រាយផ្លូវសម្រាប់ការបង្កើនទំនាក់ទំនងកាន់តែរលូន រួមជាមួយនឹងប្រទេសថៃផងដែរ។

ប្រធានបទផ្សេងៗទៀតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលរួមមាន ភាពជាដៃគូបៃតង ការតភ្ជាប់ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ នៅក្នុងខែតុលា តំបន់ទាំងពីរ បានសម្រេចបាននូវកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយមួយជាលើកដំបូងដើម្បីបើកផ្លូវពាណិជ្ជកម្ម និងការធ្វើដំណើរឱ្យកាន់តែទូលាយបន្ថែមទៀត។ កិច្ចព្រមព្រៀងនោះពិតជាមានសារៈសំខាន់ណាស់ នៅពេលដែលសហភាពអឺរ៉ុប មើលឃើញថាអាស៊ានគឺជាទីតាំងសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។

ជាយុទ្ធសាស្ត្រ តំបន់ទាំងពីរ មានចំណុចដូចគ្នាច្រើន។ នៅក្នុងពិភពលោក ដែលកំពុងតែពោរពេញទៅដោយការប្រមូលផ្តុំជាលក្ខណៈទ្វេភាគី និងជាក្រុមៗតំបន់ទាំងពីរ គឺជាអង្គការពហុភាគីដែលកំពុងតែព្រួយបារម្ភអំពីការរួមតូច នៃជម្រើសដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចធំៗ។

នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីចេតនារបស់ខ្លួនក្នុងការបង្កើនការចូលរួមជាមួយតំបន់អាស៊ីអាគ្នេយ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ កាលពីមួយឆ្នាំមុន តំបន់ទាំងពីរបានបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

សម្រាប់អាស៊ាន សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ជាជម្រើសការពារកំពូលប្រឆាំងនឹងការប្រកួតប្រជែងរវាងមហាអំណាច។ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយសម្ព័ន្ធក្រុមប្រទេស Quad ឬកិច្ចព្រមព្រៀង AUKUS ការអំពាវនាវរបស់សហភាពអឺរ៉ុបចំពោះមជ្ឈភាពរបស់អាស៊ានគឺពិតប្រាកដ។

សម្រាប់តំបន់អឺរ៉ុប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ គឺជាការទទួលស្គាល់នូវចំណុចដូចគ្នាដ៏សំខាន់នៅក្នុងរបៀបវារៈភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់តំបន់ទាំងពីរ។

ការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនបានផ្តល់ការធ្វើតេស្តជាលើកដំបូងមួយ។ ខណៈដែលអឺរ៉ុបចាត់ទុកប្រទេសរុស្ស៊ីជាបញ្ហាអត្ថិភាព សមាជិកអាស៊ានភាគច្រើនបានចៀសវាងពីការជ្រើសរើសយកភាគីណាមួយ។

មានតែប្រទេសសិង្ហបុរីទេដែលបានចេញមកថ្កោលទោសរុស្ស៊ី និងបានដាក់ទណ្ឌកម្ម។ ប្រទេសថៃ ឡាវ និងវៀតណាម ស្ថិតក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន ៣៥ ដែលបានធ្វើអនុប្បវាតនៅក្នុងការបោះឆ្នោតមហាសន្និបាតកាលពីខែតុលា ស្តីពីការបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាព ឯករាជ្យ ឯកភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

អ្នកឃ្លាំមើលនៅសាលមហាសន្និបាតអង្គការសហប្រជាជាតិបង្ហាញលទ្ធផលនៃការបោះឆ្នោតលើដំណោះស្រាយថ្កោលទោសការបញ្ចូលផ្នែកខ្លះរបស់អ៊ុយក្រែនទៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១២ ខែតុលា៖ ប្រទេសថៃ ឡាវ និងវៀតណាមស្ថិតក្នុងចំណោម ៣៥ ប្រទេសដែលបានបោះឆ្នោតអនុប្បវាទ។ © Reuters

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅទីក្រុង Brussels សហភាពអឺរ៉ុបនឹងលើកឡើងអំពីការឈ្លានពានរបស់រុស្ស៊ី និងបញ្ជាក់អំពីផលប៉ះពាល់ជាសកលនៃសង្រ្គាម។ ការកើនឡើងនៃតម្លៃថាមពល និងអាហារកំពុងជំរុញឱ្យអត្រាអតិផរណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍កើនឡើង ទោះបីជាពេលនេះវានៅមានកម្រិតទាបនៅកន្លែងផ្សេងទៀតក៏ដោយ។

សហភាពអឺរ៉ុបអាចនឹងព្យាយាមទាញយកការប្តេជ្ញាចិត្តជាសាធារណៈពីអាស៊ានលើសារៈសំខាន់នៃការគោរពចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងការមិនប្រើប្រាស់កម្លាំង ខណៈដែលទីក្រុង Brussels កំពុងតែព្យាយាមរារាំងការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងតំបន់អាស៊ីអាគ្នេយ៍ និងរុស្ស៊ី។ ទីក្រុង Brussels នឹងផ្តល់ការធានាថាពួកគេនឹងប្តេជ្ញាចំពោះគោលការណ៍ខាងលើដូចគ្នា ចំពោះករណីនៅសមុទ្រចិនខាងត្បូង។

ចំពោះប្រទេសចិនភាពស្របគ្នារវាងអាស៊ាន-សហភាពអឺរ៉ុប អាចនឹងកាន់តែជិតស្និទជាងអ្វីដែលបានបង្ហាញឱ្យឃើញ ដោយសារតែអឺរ៉ុបក៏មិនសូវគាំទ្រចំពោះវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានធ្វើដាក់ប្រទេសចិននោះដែរ ខណៈទីក្រុង Brussels ហាក់លែងខឹងចំពោះប្រទេសចិន ជាពិសេសចាប់តាំងពីមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែនមក។

លោក Josep Borrell ប្រធានអ្នកការទូតរបស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា តំបន់នេះនឹងមិនតែងតែប្រកាន់យកវិធីសាស្ត្រដូចគ្នាជាមួយសហរដ្ឋអាមេរិកចំពោះប្រទេសចិនឡើយ ខណៈដែលប្រទេសហូឡង់ដែលជាតួអង្គសំខាន់នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ Semiconductor កំពុងជំរុញឱ្យមានការដកការរឹតបន្តឹងមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនបានដាក់មកលើវិស័យឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។ ទន្ទឹមនឹងនេះ មេដឹកនាំអឺរ៉ុបដោយរាប់ចាប់តាំងពីអធិការបតីអាល្លឺម៉ង់ Olaf Scholz រហូតដល់ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel ក៏បានឈរនៅខាងលោកស៊ី ជីនពីង ផងដែរ។

ទំនាក់ទំនងរវាងអាស៊ាន និង សហភាពអឺរ៉ុប នឹងបន្តមានភាពចាស់ទុំ ដោយសារភាគីទាំងពីរ ទទួលបានផលច្រើនពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ។ ភាពខុសគ្នានៅក្នុងបញ្ហាមួយចំនួន ដូចជាប្រទេសរុស្ស៊ី ទំនងជាមិនអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះនោះទេ ទោះបីជាការទទួលស្គាល់ចំពោះគោលការណ៍សកលរបស់ពួកគេដូចជាស្ថិតនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ ។

ខណៈការប្រកួតប្រជែងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនកាន់តែកើនឡើង ភាពស្របគ្នាកាន់តែជិតស្និទ្ធរវាងសហភាពអឺរ៉ុប និងអាស៊ានអាចផ្តល់ឱ្យភាគីនីមួយៗនូវចន្លោះកាន់តែច្រើន ដើម្បីអោយពួកគេធ្វើសកម្មភាពបានដោយខ្លួនឯង៕

Nikkei Asia