ខ្មែរប៉ុស្ដិ៍ Close

មធ្យោបាយមួយដើម្បីកម្ចាត់មីន គឺត្រូវទប់ស្កាត់មិនឱ្យមានសង្រ្គាម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65
មធ្យោបាយមួយដើម្បីកម្ចាត់មីន គឺត្រូវទប់ស្កាត់មិនឱ្យមានសង្រ្គាម មធ្យោបាយមួយដើម្បីកម្ចាត់មីន គឺត្រូវទប់ស្កាត់មិនឱ្យមានសង្រ្គាម

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានដំណោះស្រាយមួយចំពោះបញ្ហាមីនគឺមិនត្រូវឱ្យមានសង្រ្គាមទៀតទេ។ ប្រសិនបើមានសង្រ្គាម ភាគីម្ខាងៗរកវិធីកម្ចាត់គ្នា រកវិធីសម្លាប់គ្នា ទោះបីជាមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ក៏វានៅតែប្រើដែរ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើយើងអាចបញ្ចប់បញ្ហាមីននៅកម្ពុជា វាជាកុសលផលបុណ្យរបស់យើង ដែលប្រទេសមួយនេះរងគ្រោះច្រើនពេកហើយ សង្រ្គាមបានចប់ ប៉ុន្តែបញ្ហាមីនវាមិនទាន់ចប់នៅឡើយទេ ពោលគឺ៣០ឆ្នាំនេះគឺជារយៈពេលមួយយូរ ប៉ុន្តែយើងនៅតែដោះមីនមិនទាន់អស់នៅឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា សង្រ្គាមកើតនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្រោយមកគឺរបបប្រល័យពូជសាសន៍ ទម្រាំយើងមានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ គឺសង្រ្គាមមានរយៈពេលនៃសង្រ្គាមគឺ១៨ឆ្នាំ ប៉ុន្តែបញ្ហាគ្រាប់មីនយើងដោះ៣០ឆ្នាំហើយ នៅតែដោះមិនទាន់អស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើគ្មានការប្តេជ្ញាចិត្តនោះទេ យើងមិនអាចធ្វើឱ្យអស់មីនពីលើទឹកដីកម្ពុជាបានទេ។ ដូច្នេះ យើងមានតែអំពាវនាវទៅដល់មិត្តភ័ក្រ្តពីខាងក្រៅ សប្បុរសជននៅក្នុងប្រទេសដែលមានចិត្តចង់ជួយដោះមីននៅកម្ពុជា និងប្រើប្រាស់ថវិកាជាតិយើងដើម្បីដោះស្រាយបញ្ហាមីន៕


អត្ថបទទាក់ទង