កិច្ចប្រជុំកំពូល G20 ៖ តើអ្នកណាជាអ្នកបង្កើតច្បាប់ពិភពលោក?
ខណៈពេលដែលមេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកបាននាំគ្នាធ្វើដំណើរទៅកាន់កោះបាលីដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ទស្សនៈវិស័យផ្សេងៗគ្នារបស់ពួកគេអំពីសណ្តាប់ធ្នាប់ពិភពលោក និងប្រទេសដែលគួរជាអ្នកបង្កើតច្បាប់គ្រប់គ្រងនៅក្នុងសតវត្សរ៍ទី២១ អាចនឹងត្រូវបានលាតត្រដាង។
នៅម្ខាងគឺជាក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មជឿនលឿនរបស់ពិភពលោកដែលរួមមានទាំងក្រុមប្រទេស G7 ដែលតំណាងឱ្យជិត ៣០% នៃ GDP សរុបរបស់ពិភពលោក ខណៈដែលម្ខាងទៀតគឺជាក្រុមចម្រុះនៃមេដឹកនាំដែលតំណាងឱ្យសហគមន៍អន្តរជាតិជាច្រើន ជាពិសេសនៅតំបន់ Global South ដែលមានទស្សនៈពិភពលោកខុសគ្នាពីក្រុមប្រទេស G7។
ក្រុម G7 គឺជាក្រុមដែលមានភាពស៊ីសង្វាក់គ្នា។ បណ្តាមេដឹកនាំរបស់ពួកគេមានការយល់ឃើញស្របគ្នាចំពោះបញ្ហាប្រឈមជាសកល និងបានផ្តោតជាពិសេសលើដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រ/គូប្រជែងជាប្រព័ន្ធរបស់ពួកគេ ដែលនោះគឺ «ប្រទេសរុស្ស៊ី និងចិន»។ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មេដឹកនាំក្រុម G7 បានលើកឡើងថា «ប្រទេសរុស្ស៊ីបានបំពានលើសណ្តាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់» និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា «ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ, សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
មេដឹកនាំក្រុមG7 តែងតែលើកឡើងថា «សណ្តាប់ធ្នាប់អន្តរជាតិបច្ចុប្បន្នមានប្រភពចេញពីសំណុំវិធានទូទៅដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ ជាក់ស្ដែង លោកប្រធានាធិបតីបារាំង Emmanuel Macron បានពណ៌នាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា «ការវិលត្រឡប់ទៅកាន់សម័យចក្រពត្តិនិយម» ដែលកំពុងបង្កការបំផ្លាញដល់សណ្តាប់ធ្នាប់ពិភពលោក។
លោក Macron បានសង្កត់ធ្ងន់ថា «វាមិនមែនជាការជ្រើសរើសរវាងជំរុំភាគខាងកើត និងខាងលិចនោះទេ ក៏ប៉ុន្តែវាគឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នាក្នុងការគោរពចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ ស្រដៀងគ្នានេះដែរ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា «ប្រទេសភាគច្រើនចង់បានសណ្តាប់ធ្នាប់ដែលមានស្ថិរភាពនិងបើកចំហ និងដែលពឹងផ្អែកលើច្បាប់»។
ប៉ុន្តែក្រៅពីក្រុម G7 គេឃើញមានការព្រមព្រៀងគ្នាតិចតួចណាស់ពាក់ព័ន្ធនឹងច្បាប់និងការអនុវត្ត។ ភាពខុសប្លែកគ្នាយ៉ាងខ្លាំងត្រូវបានបង្ហាញឱ្យឃើញនៅក្នុងទស្សនវិស័យរបស់ក្រុមប្រទេស G20 ជាពិសេសទាក់ទងនឹងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ដែលបង្កឡើងដោយរុស្ស៊ីនិងចិន។
យោងតាមការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយអង្គការ Open Society Foundation : «អ្នកឆ្លើយតបដែលមកពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត បានបង្ហាញអំពីទស្សនៈមិនច្បាស់លាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងថែមទាំងបានបង្ហាញអំពីការអាណិត អាសូរចំពោះរុស្ស៊ីទៀតផង»។
ខណៈពេលដែលសមាជិកក្រុម G7 ទាំងអស់បានដាក់ទណ្ឌកម្ម និងកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីរុស្ស៊ី ប្រទេសជាសមាជិកក្រុម G20 ជាច្រើននៅតែបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ជាពិសេសគឺការធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថាមពល។ ទស្សនៈប្រឆាំងកាន់តែខ្លាំងឡើងរបស់ក្រុម G7 ចំពោះប្រទេសចិន ក៏មិនបានកើតមាននៅទូទាំងពិភពលោកទាំងមូលនោះដែរ។
យោងតាមរបាយការណ៍ Democracy Perception Index 2022 «ប្រទេសចំនួន ៥ ក្នុងចំណោមក្រុម G20 មានទស្សនៈវិជ្ជមានចំពោះប្រទេសចិន» ដោយក្នុងនោះរួមមានប្រទេសរុស្ស៊ី អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក, អាហ្រ្វិកខាងត្បូង និងអាហ្សង់ទីន។ ការស្ទាបស្ទង់មតិសាធារណៈនៅក្នុងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកចំនួន ១៥ ក៏បានរកឃើញផងដែរថា «អ្នកឆ្លើយតបមកពីប្រទេសដែលជិតស្និទ្ធជាមួយលោកខាងលិចមានទំនោរប្រកាន់ទស្សនៈអវិជ្ជមានចំពោះប្រទេសចិន»។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីកណ្តាល, អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ដែលរួមមានទាំងប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅឆ្នាំនេះផងដែរ ដែលនោះគឺ «ឥណ្ឌូណេស៊ី»។ ភាពខុសគ្នាក៏បានកើតមាននៅក្នុងការវាយតម្លៃចំពោះសហរដ្ឋអាមេរិកផងដែរ ដោយក្នុងនោះសមាជិកចំនួន ៤ នៃ ក្រុមប្រទេស G20 ដែលរួមមានចិន, រុស្ស៊ី, ឥណ្ឌូណេស៊ី និងតួកគី មានទស្សនៈអវិជ្ជមានចំពោះអាមេរិក។
សមាជិក G20 ចំនួន៥ ដែលរួមមាន ចិន, ឥណ្ឌូណេស៊ី និងរុស្ស៊ី គិតថា «សហរដ្ឋអាមេរិកបានជះឥទ្ធិពលអវិជ្ជមានទៅលើលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក»។ ប្រទេសជាច្រើនដែលស្ថិតនៅក្រៅក្រុម G7 មិនចង់ក្លាយជាផ្នែកមួយនៃការប្រកួតប្រជែងរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការនោះទេ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា «ប្រទេសរបស់លោកស្រី នឹងបដិសេធមិនធ្វើជាកូនអុកនៅក្នុងសង្គ្រាមត្រជាក់ថ្មីនោះឡើយ» និងបានចាត់ទុកក្រុមប្រទេសតូចៗ
(ទំនងជាចង់សំដៅទៅលើក្រុម Quad និងសម្ព័ន្ធភាពរវាងអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក) ជា «ឧបករណ៍ដែលត្រូវបានប្រើដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ទំនាក់ទំនង»។
មតិរបស់មេដឹកនាំក្រុម G20 ផ្សេងៗទៀតក៏បានបង្ហាញអំពីភាពខុសគ្នានៃការយល់ឃើញចំពោះវិធីសាស្រ្តរបស់ក្រុម G7 ផងដែរ ជាពិសេសគឺពាក់ព័ន្ធនឹងករណីប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានទទូចថា «ដំណោះស្រាយដ៏សំខាន់គឺការដោះស្រាយក្តីកង្វល់ផ្នែកសន្តិសុខសម្រាប់គ្រប់ភាគីទាំងអស់» (ការទទូចនេះទំនងជាសំដៅទៅលើបំណងប្រាថ្នារបស់រុស្ស៊ីក្នុងការបង្កើត ឱ្យមានតំបន់ទ្រនាប់ «Buffer Zone» ជាមួយអឺរ៉ុប)។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានស្តីបន្ទោសក្រុមប្រទេសប្រជាធិបតេយ្យចំពោះគំនិតស្អប់ខ្ពើមរុស្ស៉ី «Russophobia» ដែលលោកចង់សំដៅទៅលើការទម្លាក់កំហុសមកលើប្រទេសរបស់លោក ចំពោះការកើតមានសង្គ្រាម។ មេដឹកនាំពិភពលោកមួយចំនួនបានលើកឡើងថា «ប្រទេសរុស្ស៊ីមិនមែនជាភាគីតែមួយគត់ដែលត្រូវទទួលខុសត្រូវចំពោះជម្លោះនៅអ៊ុយក្រែននោះទេ»។
ជាក់ស្ដែង លោកLuiz Inacio Lula da Silva ដែលមកពីប្រទេសប្រេស៊ីលបាននិយាយថា «ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនចង់បានសង្រ្គាមទេ លោកត្រូវបង្កើនការចរចាបន្ថែមទៀត»។ ក្រុមប្រទេស G20 មានចំណែកជិត ២/៣ នៃចំនួនប្រជាជនពិភពលោក និង ៤/៥ នៃទិន្នផលសេដ្ឋកិច្ច ហេតុដូច្នេះហើយជំហរដែលមានលក្ខណៈខុសគ្នាពីក្រុម G7 ពិតជាមិនអាចមើលរំលងបានឡើយ។
លោកស្រី Lee Sue-Ann បានសរសេរថា «មានការលើកឡើងនូវការមិនសប្បាយចិត្តយ៉ាងពិតប្រាកដនៅក្នុងតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀតចំពោះរឿងរ៉ាវដែលបាននិងកំពុងកើតឡើង ហើយអ្វីដែលជាការពិតនោះគឺ សណ្តាប់ធ្នាប់អន្តរជាតិសេរីកំពុងរងនូវការបែកបាក់»។ កិច្ចប្រជុំកំពូល G20 នៅពេលខាងមុខនឹងត្រូវរៀបចំឡើងដោយម្ចាស់ផ្ទះដែលជាប្រទេសមានទស្សនៈវិជ្ជមានខ្លាំងចំពោះរុស្ស៊ីនិងចិន បើប្រៀបធៀបទៅនឹងក្រុម G7។
ឥណ្ឌូណេស៊ីគឺជាប្រធានក្រុម G20 សម្រាប់ឆ្នាំ ២០២២ ហើយបន្ទាប់មកគឺឥណ្ឌា (ឆ្នាំ ២០២៣ ), ប្រេស៊ីល (ឆ្នាំ ២០២៤) និងអាហ្វ្រិកខាងត្បូង (ឆ្នាំ ២០២៥)។ តើក្រុម G7 នឹងព្យាយាមបញ្ចុះបញ្ចូលប្រទេសផ្សេងៗទៀតឱ្យទទួលយកទស្សនៈរបស់ខ្លួនចំពោះសណ្តាប់ធ្នាប់ដែលពឹងផ្អែកលើច្បាប់ដែរឬទេ? តើការបែកបាក់គ្នា នៃក្រុម G20 អាចនឹងកើតមាន ហើយអាចកាត់បន្ថយការរួបរួមគ្នានៅក្នុងពិភពលោកពហុប៉ូលនេះដែរឬទេ?
សំណួរនេះគឺមានពាក់ព័ន្ធនឹងអ្នកដែលនឹងត្រូវបង្កើតច្បាប់សម្រាប់សតវត្សរ៍ទី ២១ នេះ។ បើទោះបីជាមេដឹកនាំនៅទីក្រុងវ៉ាស៊ីនតោន និងនៅកន្លែងផ្សេងទៀតសង្ឃឹមថា «ពួកគេអាចក្លាយជាអ្នកកំណត់ច្បាប់ទាំងនេះក៏ដោយ» ក៏ការពិតដ៏សំខាន់មួយគឺ «ពួកគេនឹងត្រូវព្យាយាមបញ្ចុះបញ្ចូលបណ្តារដ្ឋសំខាន់ៗជាច្រើននៅក្នុងកម្រិតខ្លាំងក្លាជាងអ្វីដែលពួកគេធ្លាប់បានធ្វើរហូតមកដល់បច្ចុប្បន្ន»។ ប្រទេសរុស្ស៊ី, ចិន និងប្រទេសផ្សេងៗទៀត ទំនងជានឹងមិនចូលរួមនៅក្នុងចក្ខុវិស័យនេះទេ។
ប៉ុន្តែប្រទេស G7 ត្រូវតែខិតខំបញ្ចុះបញ្ចូលសមាជិកក្រុម G20 ជាពិសេសគឺឥណ្ឌូណេស៊ី, ឥណ្ឌា, ទួកគី, ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ប្រសិនបើក្រុម G7 ចង់ឱ្យចក្ខុវិស័យរបស់ខ្លួនស្តីអំពីសណ្តាប់ធ្នាប់ពិភពលោកទទួលបានជោគជ័យ។ «សណ្តាប់ធ្នាប់សកលដែលពឹងផ្អែកលើច្បាប់» មិនអាចពិពណ៌នាថាមានលក្ខណៈជា «សកល» បានទេ ប្រសិនបើវាមិនត្រូវបានទទួលយកដោយប្រទេសភាគច្រើននៃពិភពលោក៕
Fulcrum