មេដឹកនាំអាស៊ាន-ឥណ្ឌា បើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា
មេដឹកនាំអាស៊ាន-ឥណ្ឌា នៅម៉ោង ៩៖៥០ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា (19th ASEAN – India Summit to Commemorate the 30th Anniversary of ASEAN – India Dialogue Relations) ដែលរៀបចំដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និងលោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រ ទេសប្រ៊ុយណេ ដា រូ សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partnership) ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ (Dialogue Dartnership) ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕
Fresh News