ខ្មែរប៉ុស្ដិ៍ Close

តំបន់អាស៊ីអាគ្នេយ៍គួរតែធ្វើពិពិធកម្មលើប្រភពថាមពល និងរៀនសូត្រពីកំហុសរបស់តំបន់អឺរ៉ុបពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
តំបន់អាស៊ីអាគ្នេយ៍គួរតែធ្វើពិពិធកម្មលើប្រភពថាមពល និងរៀនសូត្រពីកំហុសរបស់តំបន់អឺរ៉ុបពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី តំបន់អាស៊ីអាគ្នេយ៍គួរតែធ្វើពិពិធកម្មលើប្រភពថាមពល និងរៀនសូត្រពីកំហុសរបស់តំបន់អឺរ៉ុបពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានធ្វើការព្រមានថា តំបន់អាស៊ីអាគ្នេយ៍ពិតជាងាយទទួលរងគ្រោះដោយសារវិបត្តិថាមពល ដោយសារតម្រូវការនៅក្នុងតំបន់មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយពួកគេគួរតែធ្វើពិពិធកម្មលើប្រភពនាំចូលថាមពលរបស់ខ្លួន។

ថ្លែងប្រាប់សារព័ត៌មាន CNA នៅថ្ងៃអង្គារទី ២៥ ខែតុលា នៅខាងក្រៅកិច្ចប្រជុំថាមពលអន្តរជាតិសិង្ហបុរី លោក Fatih Birol នាយកប្រតិបត្តិ IEA បានជំរុញឱ្យតំបន់នេះរៀនសូត្រពីវិបត្តិដែលកំពុងកើតមានឡើងនៅអឺរ៉ុប ដែលការពឹងផ្អែកខ្លាំងពេកទៅលើថាមពលរបស់រុស្ស៊ីបានធ្វើឱ្យប្រទេសទាំងនោះកំពុងប្រឈមមុខនឹងការចំណាយខ្ពស់ និងជួបប្រទះបញ្ហាក្នុងការផ្គត់ផ្គង់។

លោកបានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍គួរតែវិនិយោគបន្ថែមទៀតទៅលើថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែករយៈពេលវែងរបស់ខ្លួនទៅលើឥន្ធនៈហ្វូស៊ីលដែលងាយនឹងមានការប្រែប្រួលតម្លៃ ហើយអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេស។

លោក Birol បានសង្កត់ធ្ងន់ថា តំបន់អាស៊ីអាគ្នេយ៍គួរតែរៀនសូត្រពីបទពិសោធន៍របស់អឺរ៉ុប និងធ្វើពិពិធកម្មប្រភពនាំចូលថាមពលរបស់ខ្លួន ទាំងប្រេង ឧស្ម័ន និងធ្យូងថ្ម។

គាត់បាននិយាយថា «តំបន់អឺរ៉ុបបានធ្វើកំហុសមួយ ទោះបីជា IEA បានគូសបញ្ជាក់ និងព្រមានអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយថា អ្នកមិនគួរពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដ៏សំខាន់តែមួយគត់សម្រាប់អ្វីៗគ្រប់យ៉ាងនោះឡើយ ក៏ការផ្គត់ផ្គង់ឧស្ម័ននិងប្រេងភាគច្រើន គឺបានមកពីប្រទេសតែមួយគត់ គឺរុស្ស៊ី»។

ដោយសារជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីបានធ្លាក់ចុះ ហើយបណ្តាប្រទេសនៅអឺរ៉ុបកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមក្នុងការស្វែងរកដំណោះស្រាយថ្មីមកជំនួស។ ប្រទេសអាល្លឺម៉ង់ បានដាក់ឱ្យដំណើរការរោងចក្រធ្យូងថ្មឡើងវិញកាលពីខែសីហា ហើយកំពុងបង្កើនការនាំចូលធ្យូងថ្មដើម្បីបន្តដំណើរការស្ថានីយ៍ថាមពល។

ផែនការរបស់អាល្លឺម៉ង់ក្នុងការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ទៅប្រើថាមពលស្អាតជាងមុនត្រូវបានរំខានដោយសារជម្លោះនៅអ៊ុយក្រែន។ (រូបថត AP / Michael Probst)

លោក Birol បានបន្ថែមថា ការពឹងផ្អែកទៅលើប្រេងឥន្ធនៈបានធ្វើឱ្យប្រទេសនានាងាយរងគ្រោះ ដោយសារតែការប្រែប្រួលនៃតម្លៃលើសពីការគ្រប់គ្រងរបស់ពួកគេ។ លោកបាននិយាយថា «តម្លៃទាំងនោះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុននាំចេញថាមពលធំៗមួយចំនួន ហើយហេតុផលនយោបាយ ឬហេតុផលផ្សេងទៀតអាចធ្វើឱ្យពួកគេផ្លាស់ប្តូរចិត្តរបស់ពួកគេ ហើយពួកគេក៏អាចជំរុញឱ្យតម្លៃមានការកើនឡើងដែរ។ ហើយសេដ្ឋកិច្ចរបស់ប្រទេសអ្នកនឹងងាយរងគ្រោះដោយសារតែតម្លៃដ៏ខ្ពស់នោះ»។

លោក Birol បាននិយាយថា «ដំណោះស្រាយដ៏ល្អបំផុតនៅក្នុងកាលៈទេសៈបែបនេះ គឺការងាកទៅរកជម្រើសថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងជីវថាមពល ក៏ដូចជាការងាកមកប្រើប្រាស់យានជំនិះមួយចំនួនដូចជារថយន្តអគ្គិសនី»។

លោក Birol បាន និយាយថា «ទោះបីជាយ៉ាងណាក៏ដោយ IEA នៅតែជឿជាក់ថា ខណៈដែលវិបត្តិកំពុងតែកើតមាន គេនឹងអាចរកឃើញនូវប្រព័ន្ធថាមពលប្រកបដោយនិរន្តរភាព និងមានសុវត្ថិភាពជាងនេះ»។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol កំពុងផ្ដល់បទសម្ភាសន៍ឱ្យទីភ្នាក់ងារព័រ៌មានសិង្ហបុរី CNA នៅក្នុងកម្មវិធី Energy Week 2022។ (រូបថត៖ CNA)

លោកបានលើកឡើងទៀតថា ការងាកចេញរបស់ ប្រទេសផ្សេងៗទៅរកប្រេងឥន្ធនៈបែបប្រពៃណីគឺគ្រាន់តែ ជាការឆ្លើយតបជាបណ្តោះអាសន្ន និងភ្លាមៗចំពោះវិបត្តិនេះតែប៉ុណ្ណោះ ប៉ុន្តែមិនបានផ្លាស់ប្តូរផ្លូវសម្រាប់ឈានទៅរកថាមពលស្អាតនៅក្នុងរយៈពេលវែងនោះទេ។

លោកបាននិយាយថា «ជាឧទាហរណ៍ នៅទ្វីបអឺរ៉ុបដែលខ្ញុំកំពុងរស់នៅ ឥឡូវនេះប្រទេសនានាកំពុងផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេក្នុងរយៈពេលខ្លីងាកមកប្រើប្រាស់ធ្យូងថ្ម ដែលជាឥន្ធនៈដ៏កខ្វក់បំផុត។ ប៉ុន្តែទាំងនេះគឺជាដំណោះស្រាយរយៈពេលខ្លីខណៈគេក៏កំពុងតែបង្កើនល្បឿនដើម្បីផលិតថាមពលស្អាតនៅទូទាំងពិភពលោក»។

លោក Birol បានឱ្យដឹងទៀតថា ការបង្កើនល្បឿនខាងលើត្រូវបានជំរុញដោយកត្តាសំខាន់ ៣ គឺសន្តិសុខថាមពល, ការប្តេជ្ញាចិត្តដើម្បីថែរក្សាអាកាសធាតុ និងកត្តាដែលបណ្តាប្រទេសនានាកំពុងខិតខំស្វែងរកដំណោះស្រាយថាមពលស្អាតសម្រាប់ហេតុផលគោលនយោបាយឧស្សាហកម្ម។

លោកបានចង្អុលទៅសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប ឥណ្ឌា និងចិន សម្រាប់ជាឧទាហរណ៍ ខណៈដែលរដ្ឋាភិបាលទាំងនោះកំពុងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ផ្តល់ការឧបត្ថម្ភធន និងផ្តល់ការគាំទ្រផ្សេងៗ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ។

លោកបានបន្ថែមទៀតថា «នៅពេលខ្ញុំពិនិត្យមើលទៅលើតួលេខដែលយើងធ្វើនៅ IEA ស្ទើរតែរាល់ថ្ងៃ ខ្ញុំឃើញថានៅឆ្នាំនេះយើងនឹងមើលឃើញអំពីកំណើនជាង ២០% នៃផលិតផលដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលនេះគឺជាតួលេខដែលមិនធ្លាប់មាននោះទេនៅក្នុងប្រវត្តិសាស្ត្រ»។

លោកក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងនៃការទទួលយករថយន្តអគ្គិសនីនៅជុំវិញពិភពលោក ហើយឆាប់ៗនេះ រាល់រថយន្តលំដាប់ទី២ ដែលត្រូវលក់នៅក្នុងប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងក្លាយជារថយន្តប្រើប្រាស់អគ្គិសនី។

លោក Birol បាននិយាយថា «អ្វីដែលជាលទ្ធផលដែលគេទទួលបានពីវិបត្តិថាមពលនៅពេលនេះ គឺថាមពលដែលអាចនឹងមានភាពប្រសើរជាងមុន ស្អាតជាងមុន និងមានសុវត្ថិភាពជាងមុននៅថ្ងៃអនាគត»។

លោក Birol បាននិយាយថា វិបត្តិថាមពលដែលកំពុងបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន នឹងធ្វើឱ្យស្ថានភាពរបស់ប្រទេសនានាកាន់តែមានភាពអាក្រក់ឡើង។ ហើយរុស្ស៊ីកំពុងតែចាញ់សង្គ្រាមថាមពលនេះយ៉ាងធ្ងន់ធ្ងរ។

លោក Vladimir Putin

នៅក្នុងការបង្អាក់ទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប ប្រទេសរុស្ស៊ីបានបាត់បង់ទីផ្សារដ៏ធំបំផុតរបស់ខ្លួន ហើយបើទោះបីជាពួកគេទទួលបានគម្រោងថ្មីនៅក្នុងប្រទេសចិន និងឥណ្ឌាក៏ដោយ ក៏អឺរ៉ុបនៅតែអតិថិជនដ៏ធំដែលនឹងពិបាកក្នុងការស្វែងរកប្រទេសដទៃមកជំនួស។

លោក Birol បាននិយាយថា «ប្រហែល ៧៥ %នៃការនាំចេញឧស្ម័ន និង ៥៥% នៃការនាំចេញប្រេងរបស់រុស្ស៊ី ត្រូវបានធ្វើឡើងទៅកាន់តំបន់អឺរ៉ុប។ មកទល់ពេលនេះ អឺរ៉ុបគឺជាអតិថិជនដ៏ធំបំផុតរបស់រុស្ស៊ី»។

លោក Birol បាននិយាយថា ដោយសារតែការដាក់ទណ្ឌកម្មដែលកំពុងតែបន្ត រុស្ស៊ីក៏នឹងលែងមានសមត្ថភាពក្នុងការប្រមូលនិងដឹកជញ្ជូនប្រេងនិងឧស្ម័នប្រកបដោយប្រសិទ្ធភាពទៀតហើយ ដោយសារក្រុមហ៊ុនបរទេសដែលមានជំនាញបានចាកចេញពីប្រទេសរុស្ស៊ីអស់ហើយ៕

Channel News Asia

អត្ថបទទាក់ទង