ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ី ជីនពីង ចាំបាច់ត្រូវនិយាយស្តីឱ្យបានរម្យទម និងត្រូវបង្កើនការប្រើប្រាស់អំណាចកែទម្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
លោក ស៊ី ជីនពីង ចាំបាច់ត្រូវនិយាយស្តីឱ្យបានរម្យទម និងត្រូវបង្កើនការប្រើប្រាស់អំណាចកែទម្រង់ លោក ស៊ី ជីនពីង កំពុងថ្លែងសុន្ទរកថានាឱកាសសមាជគណបក្សកុម្មុយនីស្តចិន កាលពីពេលកន្លងទៅ (East Asia Forum)

រយៈពេលជិត ៥ ឆ្នាំ រហូតមកដល់ថ្ងៃដែលលោក ស៊ី ជីនពីង បានប្រកាសអំពី «យុគសម័យថ្មីនៃរបបសង្គមនិយមតាមបែបចិន» អគ្គលេខាធិការបក្សរូបនេះក៏បានវិលមកកាន់វិមានប្រជាជនវិញដើម្បីបន្តរបៀបវារៈរបស់លោកស្តីអំពី «វិបុលភាពរួម» ដែលមានជាប់ទាក់ទងនឹងការធ្វើទំនើបកម្ម និងការស្តារមុខមាត់ប្រទេសជាតិឡើងវិញ។

នៅក្នុងរបាយការណ៍របស់លោកទៅកាន់សមាជបក្សលើកទី ២០ លោក ស៊ី ជីនពីង បានទទួលស្គាល់នូវភាពអាប់អួរកាន់តែខ្លាំងផ្នែកភូមិសាស្ត្រនយោបាយ។ នៅពេលនេះ គេមិនឃើញមានការលើកឡើងណាមួយនោះទេអំពី «សន្តិភាពនិងការអភិវឌ្ឍជាសកល ដែលជាចរន្តមិនអាចប្តូរផ្លាស់បាន» ឬការលើកឡើងអំពី «ប្រទេសដែលកាន់តែមានទំនាក់ទំនងរវាងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក» ដូចដែលមានឃើញនៅក្នុងសុន្ទរកថានៅឯសមាជបក្សលើកទី ១៩ របស់លោក។

លោកបានកត់សម្គាល់ថា «ប្រទេសចិននឹងបង្កើនការប្រុងប្រយ័ត្នជាប្រចាំនៅចំពោះមុខចេតនារបស់តួអង្គខាងក្រៅ ដែលមានបំណងចង់បង្ខូចមុខមាត់, ទប់ស្កាត់, រារាំង និងបង្កើនសម្ពាធជាអតិបរមា»។ ប្រទេសចិននៅតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍ និងការសម្រេចឱ្យបាននូវគោលដៅ ១០០ ឆ្នាំ (Centenary Goal) លើកទី២ របស់ខ្លួនស្តីអំពីការធ្វើទំនើបកម្មរបបសង្គមនិយម ដែលរួមមានការធ្វើទំនើបកម្មកងកម្លាំងការពារជាតិឱ្យបាននៅត្រឹមឆ្នាំ ២០៣៥ និងការក្លាយជាប្រទេសសង្គមនិយមដ៏ទំនើបអស្ចារ្យមួយនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។

ភាពលម្អិតនៃការរៀបចំគោលនយោបាយរបស់លោក ស៊ី ជីនពីង, ការគិតគូរលម្អិតស្តីអំពីការរៀបចំផែនការនៅចំពោះមុខ និងការផ្លាស់ប្តូរទាន់ពេលវេលាពីកំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនទៅកាន់កំណើនសេដ្ឋកិច្ចកាន់តែមានគុណភាពខ្ពស់ គឺសុទ្ធតែជារឿងដ៏ល្អដែលគ្មានកន្លែងណាអាចឱ្យគេរិះគន់បានទេ។

ប្រសិនបើគោលការណ៍ «វិបុលភាពរួម» របស់លោក ស៊ី ជីនពីង ស្តីអំពីកាលានុវត្តភាពដែលពឹងផ្អែកលើការពង្រីកសេដ្ឋកិច្ច, បរិយាប័ន្ន និងការរក្សាតុល្យភាពឡើងវិញ ទទួលបានជោគជ័យក្នុងការបង្កើតរចនាសម្ព័ន្ធបែងចែកប្រាក់ចំណូលនៅក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ វានឹងបន្សល់ទុកនូវកំណត់ត្រាស្តីអំពីសេដ្ឋកិច្ចទីផ្សារសង្គមនិយមរបស់ចិនដែលមានឥទ្ធិពលខ្លាំងដូច «ការធ្វើទំនើបកម្មទាំង៤» របស់លោក តេង ស៊ាវពីង នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ដូច្នោះដែរ។

សូមអាន ការខ្វែងគំនិតគ្នាក្នុងការដឹកនាំប្រទេស ១៨០ ដឺក្រេ រវាងលោក ស៊ី ជីនពីង និងលោក តេង ស៊ាវពីង

អ្វីដែលលោក ស៊ី ជីនពីង នៅមានការខ្វះខាតខ្លាំងគឺ «ការអនុវត្តគោលនយោបាយ»។ ការរក្សាស្ថិរភាពដែលត្រូវបានប្រើដើម្បីបិទបាំងគោលជំហរជាតិនិយមជ្រុល ដែលបានបង្កការរំខានចំពោះវឌ្ឍនភាពរបស់ប្រទេស និងបានញុះញង់លោកខាងលិច តែងទទួលបានការផ្តល់អាទិភាពខ្ពស់ជានិច្ច។

នៅក្នុងរបាយការណ៍នៅក្នុងសមាជបក្សលើកទី ១៩ នៅឆ្នាំ ២០១៧ លោក ស៊ី ជីនពីង បានប្តេជ្ញាងាកចេញពីម៉ូដែលកំណើនសេដ្ឋកិច្ច ដែលពឹងផ្អែកលើការវិនិយោគជ្រុលលើទ្រព្យសកម្ម ហើយលោកនឹងពង្រឹងតួនាទីគ្រឹះនៃការចាយវាយរបស់ពលរដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងរយៈពេល ៣ ឆ្នាំក្រោយមក សូម្បីតែនៅមុនពេលកើតមានវីរុសកូវីដ-១៩ ក្ដី ចំណែកនៃការចាយវាយក្នុងស្រុករបស់ពលរដ្ឋ មិនបានឈានដល់កម្រិត ៤០% នៃ GDP នោះទេ ដោយបានស្ថិតនៅក្រោមកម្រិតមធ្យមរបស់ពិភពលោកចំនួន ២០ ពិន្ទុពេញ។

នៅក្នុងសមាជបក្សលើកទី ១៩ លោក ស៊ី ជីនពីង បានប្តេជ្ញាពង្រឹងមិត្តភាព និងភាពជាដៃគូជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ។ នៅក្នុងការកាន់អំណាចអស់រយៈពេល ១០ ឆ្នាំ ប្រធានាធិបតី ស៊ី ជីនពីង បានបរាជ័យក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងជាច្រើន សូម្បីតែកិច្ចព្រមព្រៀងដែលទាក់ទងនឹងការធ្វើនេសាទជាមួយប្រទេសជិតខាង។

រាប់ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក គ្រប់មេដឹកនាំចិនទាំងអស់តែងតែព្យាយាមបង្កើតគោលការណ៍ដោះស្រាយជម្លោះ ឬបានដោះស្រាយជម្លោះពាក់ព័ន្ធនឹងអធិបតេយ្យភាព។ ក៏ប៉ុន្តែលោក ស៊ី ជីនពីង ពុំបានធ្វើបែបនោះទេ។ ជាក់ស្តែង អតីតប្រមុខរដ្ឋ លោក ម៉ៅ សេទុង ក៏បានដោះស្រាយជម្លោះព្រំដែនគោកផងដែរ ដែលរួមមានទាំងការបញ្ចូលដែនដីអធិតេយ្យដែលមិនជាប់ជម្លោះទៅក្នុងកិច្ចព្រមព្រៀងដ៏ធំជាមួយប្រទេសមីយ៉ាន់ម៉ា។

គោលនយោបាយដ៏គគ្លើនជាច្រើននៅអាណត្តិដំបូងរបស់ប្រធានាធិបតី ស៊ី ជីនពីង បាននិងកំពុងវិលត្រឡប់មកលងបន្លាចរូបលោកវិញ។ គោលនយោបាយទាំងនោះរួមមានការដាក់ទណ្ឌកម្មលើពួកម៉ូស្លីម Uyghur ក៏ដូចជាប្រតិបត្តិការបង្កើនឥទ្ធិពល និងកម្មវិធីជ្រើសរើសមនុស្សមានទេព្យកោសលនៅឯបរទេស។

ភាពប្រញាប់ប្រញាល់របស់លោកក្នុងការផ្លាស់ប្តូរប្រទេសដែលមានប្រាក់ចំណូលមធ្យមឱ្យក្លាយទៅជាមហាអំណាចជាតិនិយមបច្ចេកាធិបតេយ្យនៅក្នុងអំឡុងអាណត្តិដឹកនាំរបស់លោក បាននាំមកនូវការសងសឹកក្នុងទម្រង់ជាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញ និងការបដិសេធមិនលក់ទំនិញឱ្យ។

ប៉ុន្តែ វាក៏មានសមិទ្ធផលសំខាន់ៗមួយចំនួនផងដែរនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។ រចនាសម្ព័ន្ធនិងសេវាកម្មយោធា ត្រូវបានរៀបចំឡើងវិញយ៉ាងសកម្ម ភាពក្រីក្រយ៉ាងច្រើនត្រូវបានលុបបំបាត់, អំពើពុករលួយកម្រិតខ្ពស់ត្រូវបានបោសសម្អាត, ច្បាប់វិនិយោគបរទេសថ្មី និងការការពារកម្មសិទ្ធិបញ្ញាកាន់តែស៊ីជម្រៅត្រូវបានបង្កើតឡើង ហើយការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ី ក៏បានក្លាយជាចំណុចស្នូលនៅក្នុងផែនការអភិវឌ្ឍជាតិ។

គ្មានមេដឹកនាំណាម្នាក់ រាប់ចាប់ពីលោក ម៉ៅ សេទុង មក អាចមានសមត្ថភាពប្រមូលផ្តុំអំណាចបានច្រើនដូចលោក ស៊ី ជីនពីង នោះទេ។ នៅក្នុងសមាជបក្សលើកទី ២០ និងនៅក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ ២០១៨ លោក ស៊ី ជីនពីង នឹងបន្តកាន់អំណាចសម្រាប់អាណត្តិទី៣ ហើយនឹងបន្តដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយជាមួយក្រុមមនុស្សដែលមានភក្តីភាពស្មោះត្រង់ចំពោះលោក។

សូមអាន  ទិសដៅតែមួយគត់សម្រាប់របបដឹកនាំផ្តាច់ការរបស់លោក ស៊ី ជីនពីង

កាលពីមុន នៅក្នុងសមាជបក្សលើកទី ១៩ លោក ស៊ី ជីនពីង ត្រូវបានប្រកាសថាជា «បុគ្គលស្នូលនៃគណៈកម្មាធិការមជ្ឈឹមបក្ស» ហើយគោលគំនិតរបស់លោកក៏ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ខណៈដែលក្រុមតូចៗចំនួន៤ ដែលមានលោក ស៊ី ជីនពីង ជាប្រធាន ក៏ត្រូវបានដំឡើងទៅកាន់កម្រិតគណៈកម្មការបក្សដែរ។

ដើម្បីឱ្យការប្រមូលផ្តុំអំណាចគ្មានទីបញ្ចប់របស់លោកក្លាយជារឿងប្រកបដោយអត្ថន័យ «ការប្តេជ្ញារបស់លោក ស៊ី ជីនពីង ចំពោះគណបក្ស និងពលរដ្ឋត្រូវតែលេចចេញជារូបរាងពិតប្រាកដ»។ សេចក្តីសម្រេចនៅក្នុងសមាជបក្សលើកទី ២០ របស់លោក ស៊ី ជីនពីង បានកត់សម្គាល់យ៉ាងច្បាស់ថា «ការនិយាយចោលៗ នឹងមិនជួយអ្វីដល់ប្រទេសនោះទេ។ មានតែការងារជាក់ស្តែងប៉ុណ្ណោះដែលអាចធ្វើឱ្យប្រទេសរីកលូតលាស់ ទៅមុខបាន»៕

East Asia Forum

អត្ថបទទាក់ទង