ខ្មែរប៉ុស្ដិ៍ Close

លោកខាងលិច​ដើរ​តាម​គំរូ «ខ្សែក្រវ៉ាត់ និង​ផ្លូវ» របស់ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 83
លោកខាងលិច​ដើរ​តាម​គំរូ «ខ្សែក្រវ៉ាត់ និង​ផ្លូវ» របស់ចិន ទិដ្ឋភាពពីលើអាកាសនៃកំពង់ផែផ្លូវដែក Qingbaijiang ពីកន្លែងដែលរថភ្លើងដឹកទំនិញធ្វើដំណើរចាប់ពីប្រទេសចិន ទៅកាន់តំបន់អឺរ៉ុប ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នៅទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនកាលពីថ្ងៃទី 30 ខែមេសា ឆ្នាំ 2019។ រូបថត៖ Yi Fang / Imaginechina តាមរយៈ AFP

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានសាងសង់ផ្លូវថ្នល់ និងផ្លូវដែកជាង ១០ម៉ឺនគីឡូម៉ែត្រនៅក្នុងទ្វីបអាហ្វ្រិក។ គម្រោងដ៏ធំមួយនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដែលជាបណ្តាញសកលមួយ នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថល ដឹកនាំដោយប្រទេសចិន។

ការសាងសង់រួចរាល់ជាស្ថាពរនូវគម្រោងផ្លូវហាយវេអន្តរទ្វីបអាហ្វ្រិកលេខ ៥ (Trans-African Highway 5 – TAH5) គឺជាគម្រោងមួយក្នុងចំណោមគម្រោងរបស់ BRI នៅទ្វីបអាហ្រ្វិក។ ផ្លូវហាយវេមួយខ្សែនេះតភ្ជាប់ទីក្រុង Dakar របស់ប្រទេសសេណេហ្គាល់ ទៅកាន់កាន់រដ្ឋធានី N’Djamena របស់ប្រទេសឆាដ។ នៅទីបំផុតទៅ ផ្លូវ TAH5 នឹងតភ្ជាប់ទៅដល់ប្រទេស Djibouti នៅតំបន់ស្នែងអាហ្វ្រិក (Horn of Africa) ដែលមានចំងាយ ៨ ៧០០ គម ភាគខាងកើតទីក្រុង Dakar។

ការ​វិនិយោគ​របស់​ចិន​នៅក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធនៅ​អាហ្រ្វិក​ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំជាសកលរបស់​ចិន​។ ក្រុមហ៊ុនចិនកំពុងសាងសង់ផ្លូវថ្នល់, កំពង់ផែ និងផ្លូវដែក នៅទូទាំងតំបន់អាស៊ី, មជ្ឈិមបូព៌ា និងនៅអាមេរិក ឡាទីន។

គំនិតផ្ដួចផ្ដើម BRI មិនមានត្រឹមតែផ្លូវថ្នល់ និងផ្លូវរថភ្លើងល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរនូវរោងចក្រវារីអគ្គិសនី, ការអភិវឌ្ឍទេសចរណ៍, មន្ទីរពេទ្យ, អណ្តូងរ៉ែ, បំពង់បង្ហូរប្រេង, ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងសូម្បីតែអគារនៃស្ថាប័ននីតិបញ្ញត្តិ ក៏មានដែរ។ ជាក់ស្ដែង អគារ​រដ្ឋសភា​ថ្មី​តម្លៃ ១៤០ លាន​ដុល្លារ​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ ត្រូវ​បាន​សាងសង់​ឡើងដោយ​ប្រទេស​ចិន។

គំនិតផ្ដួចផ្ដើម BRI ត្រូវការទំនុកចិត្តលើខ្លួនឯងសម្បើមណាស់ដើម្បីអាចបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាសកលនៅទូទាំងទ្វីបជាច្រើនបាន។ ប្រទេសចិនបានសន្យាចំណាយច្រើនជាង ១ ទ្រីលានដុល្លារទៅ លើគម្រោងចំនួន ១៣ ០០០ នៅក្នុងប្រទេសជាង ១៥០ ។ ប្រទេសដែលចូលរួម រួមមានរបបផ្តាច់ការយោធា, របបដែលដឹកនាំដោយនិកាយសាសនា និងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

គម្រោងដ៏អស្ចារ្យមួយនៃគំនិតផ្ដួចផ្ដើម BRI គឺស្ពាន Mohammed VI នៅក្នុងប្រទេសម៉ារ៉ុកដែលជាស្ពានធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក។ សមាគមឧស្សាហកម្មសំណង់ចិន (China Construction Industry Association) បានផ្តល់ដល់ក្រុមហ៊ុនសាងសង់ស្ពានរបស់ចិននូវពានរង្វាន់ Luban ដ៏មានកិត្យានុភាព។ Lu Ban គឺជាឈ្មោះរបស់ស្ថាបត្យករបុរាណម្នាក់របស់ចិន និងជាស្ថាបនិកដ៏ឆ្នើមនៃក្រុមហ៊ុនសាងសង់របស់ចិន។

ស្ពាន Mohammed VI ក្នុងប្រទេសម៉ារ៉ុក រូបថត៖ Signify

ប្រទេសចិនអាចផ្តល់ហិរញ្ញប្បទានដល់គំនិតផ្ដួចផ្ដើម BRI តាមរយៈការធ្វើពាណិជ្ជកម្មនៅខាងក្រៅ។ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកតែមួយ មានប្រហែល ១ ពាន់លានដុល្លារក្នុងមួយថ្ងៃ និងប្រហែល ៣០០ លានដុល្លារក្នុងមួយថ្ងៃជាមួយសហភាពអឺរ៉ុប។ ប្រាក់ចំណេញមួយផ្នែកនៃអតិរេកពាណិជ្ជកម្មដ៏ច្រើននេះ ត្រូវបានយកទៅប្រើនៅក្នុងគម្រោងនានារបស់ BRI ដែលក្នុងនោះទ្វីបអាហ្រ្វិកជាអ្នកទទួលច្រើនជាងគេ។

លោក Cobus van Staden អ្នកជំនាញផ្នែកទំនាក់ទំនងចិន-អាហ្រ្វិកនៅទីក្រុង Johannesburg បានចង្អុលបង្ហាញថា ក្រុមហ៊ុនចិនបានបង្ហាញឱ្យឃើញថា ខ្លួនមានសមត្ថភាពក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងទ្វីបអាហ្វ្រិក និងថាគំនិតផ្ដួចផ្ដើម BRI បានធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគ។

លោក​បាន​កត់​សម្គាល់​នៅ​ក្នុង​ឯកសារ​ស្តី​ពី​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ក្នុង​គម្រោងផ្លូវ TAH5 ថា «ខ្ញុំយល់ថា ភាពជោគជ័យនៃការអភិវឌ្ឍដំបូងៗទាំងនេះ បានវាយបំបាក់នូវភាពលម្អៀងដែលប្រឆាំងនឹងការផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាហ្វ្រិកពីសំណាក់អ្នកផ្តល់មូលនិធិផ្សេងៗទៀត។ គម្រោងផ្លូវ TAH5 នេះនឹងបង្កើនល្បឿនដើម្បីឈានទៅធ្វើការបញ្ចប់នូវគំរោងនៃការតភ្ជាប់រវាងអាហ្វ្រិកខាងកើត និងខាងលិច»។

ក្រៅតែពីការយកប្រាក់ដុល្លារ និងប្រាក់អឺរ៉ូទៅប្រើប្រាស់ឡើងវិញ ប្រទេសចិនបានទទួលអត្ថប្រយោជន៍ពីការទាញយកធនធានធម្មជាតិនៅទ្វីបអាហ្វ្រិក ទន្ទឹមនឹងការបង្កើតទីផ្សារសម្រាប់បន្ទះសូឡារបស់ខ្លួន បច្ចេកវិទ្យាទូរគមនាគមន៍ ព្រមទាំងជាអ្នកផលិតទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ជាច្រើន។ ប្រទេសចិនបានជំនួសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដោយបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក។

ស្ពាន Bamako ទី៣ ប្រទេសម៉ាលី។ រូបថត៖ ក្រុមហ៊ុន China Energy Engineering Group Co

គំនិតផ្ដួចផ្ដើម BRI ក៏​កំពុង​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​របស់​​ចិន​ជាមួយ​បណ្តា​ប្រទេស​នៅអាស៊ានផងដែរ ដែលមានដូចជាឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ម៉ាឡេស៊ី និង​ថៃ។ តម្លៃកម្លាំងពលកម្ម និងថ្លៃដើមផ្សេងៗទៀតនៅក្នុងប្រទេសចិនកំពុងហក់ឡើង ជាហេតុធ្វើឱ្យក្រុមហ៊ុនវាយនភណ្ឌរបស់ចិន នឹងចាប់ផ្តើមផលិតកម្មរបស់ខ្លួននៅបរទេសវិញម្ដង ដូចជាទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬទ្វីបអាហ្វ្រិកជាដើម។

ដោយទើបតែបានបង្កើតកាលពី ១០ ឆ្នាំមុន ឥឡូវនេះគំនិតផ្ដួចផ្ដើម BRI បានគ្របដណ្តប់លើទ្វីបអឺរ៉ាស៊ីទាំងមូល ដោយចាប់ពីភាគខាងកើតប្រទេសចិនរហូតដល់អឺរ៉ុបខាងលិច។ ក្នុងចំណោមនោះ មានគម្រោងសំខាន់ៗដូចជា៖

  • ស្ពាន New Eurasian Land Bridge ដែលតភ្ជាប់ពីភាគខាងលិចប្រទេសចិន ទៅកាន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ដោយឆ្លងកាត់តាមប្រទេសកាហ្សាក់ស្ថាន។
  • ច្រករបៀងចិន-អាស៊ីកណ្តាល-អាស៊ីខាងលិច ដែលនឹងតភ្ជាប់​ពីភាគខាងលិចប្រទេសចិនទៅកាន់ប្រទេសទួរគី។
  • ច្រករបៀងសេដ្ឋកិច្ចចិន-ឧបទ្វីបឥណ្ឌូចិន ដែលតភ្ជាប់ភាគខាងត្បូងប្រទេសចិនជាមួយប្រទេសឡាវ, ថៃ, ម៉ាឡេស៊ីនិងសិង្ហបុរី។
  • ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៦២ ពាន់លានដុល្លារ បូករួមទាំងកំពង់ផែ Gwadar សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្របន្តទៅទ្វីបអាហ្វ្រិក និងអាស៊ីខាងលិច។
  • បណ្តាញតភ្ជាប់ដ៏ធំឆ្លងកាត់ភ្នំ Himalaya ដែលប្រែក្លាយប្រទេសនេប៉ាល់ ពីប្រទេសដែលគ្មានការតភ្ជាប់ (Landlocked) ឱ្យទៅជាប្រទេសដែលមានការតភ្ជាប់ឡើងវិញ។

ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចដែលកំពុងជាប់ដៃជាមួយអ៊ុយក្រែន ភាគច្រើនមិនបានអើពើនឹងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការ សៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាននាពេលថ្មីៗនេះទេ។ អង្គការ SCO គឺជាផ្នែកមួយនៃឥទ្ធិពលនយោបាយជាច្រើននៃគំនិតផ្ដួចផ្ដើម BRI។

សមាជិករបស់អង្គការ SCO រួមមាន ចិន, ឥណ្ឌា, ប៉ាគីស្ថាន, កាហ្សាក់ ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន,អ៊ូសបេគីស្ថាន និងសមាជិកថ្មីមួយទៀត គឺអ៊ីរ៉ង់។ ប្រទេសទួរគីដែលត្រូវបានបដិសេធដោយសហភាពអឺរ៉ុប បានបង្ហាញឱ្យឃើញថា ខ្លួននឹងចូលរួមជាមួយអង្គការ SCO នេះផងដែរ។

អង្គការ SCO សង្កត់ធ្ងន់លើអធិបតេយ្យភាព និងផលប្រយោជន៍រួមគ្នា។ ទស្សនវិស័យនយោបាយរបស់អង្គការនេះ គឺប្រហាក់ប្រហែលនឹងសន្និសីទទីក្រុង Bandung ឆ្នាំ ១៩៥៥ ដែលជាកិច្ចប្រជុំនៃរដ្ឋអាស៊ី-អាហ្រ្វិកដែលទើបតែទទួលបានឯករាជ្យពីអឺរ៉ុប និងបាននាំឱ្យមានការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធនៅក្នុងឆ្នាំ ១៩៦១។

ឥទ្ធិពលនយោបាយទី២ នៃគំនិតផ្ដួចផ្ដើម BRI គឺក្រុម BRICS ដែលរួមមានប្រទេសប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង។ បង្កើតឡើងកាលពីឆ្នាំ ២០០៩ បច្ចុប្បន្ននេះ ក្រុមនេះមានរួមបញ្ចូលទាំងសមាជិកធំៗជាច្រើន ដែលភាគច្រើនជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC)។

ក្រុម BRICS ត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។ ទីផ្សាររូបិយវត្ថុដែលគ្រប់គ្រងដោយប្រាក់ដុល្លារ បានដួលរលំបន្ទាប់ពីវិបត្តិគ្មានប្រាក់បង់សងត្រឡប់ (Subprime Mortgage Crisis) នៅសហរដ្ឋអាមេរិក ហើយបានបង្កជាសំណួរអំពីភាពជឿជាក់ និងនិរន្តរភាពនៃប្រព័ន្ធចាយប្រាក់ដុល្លារ។ ការបង្កើតជម្រើសមួយជំនួសឱ្យប្រព័ន្ធចាយប្រាក់ដុល្លារ គឺជារបៀបវារៈកំពូលរបស់ក្រុម BRICS។

លោកខាងលិច មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ថា គំនិតផ្ដួចផ្ដើម BRI អាចជាកម្លាំងចលករនៃការផ្លាស់ប្ដូរដ៏ធំមួយ។ ដំបូងឡើយ លោកខាងលិចបានហៅគំនិតផ្ដួចផ្ដើម BRI ថាជា «គម្រោងរបស់ចិន» និងបានអះអាងថា វាជាអន្ទាក់បំណុល។ ប៉ុន្តែ នោះគឺគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ ២០២០ អ្នកផ្តល់ប្រាក់កម្ចីរដ្ឋនិងឯកជនរបស់ចិនបានផ្ដល់ប្រាក់កម្ចីចំនួន ១២% នៃបំណុលខាងក្រៅសរុប ៦៩៦ ពាន់លានដុល្លាររបស់ទី្វបអាហ្វ្រិក។ កម្ចីដែលនៅសល់ពីនោះ ភាគច្រើនជាបំណុលជំពាក់លោកខាងលិចដែលជាទូទៅមានអត្រាការប្រាក់ខ្ពស់ជាងចិន។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក លោកខាងលិចបានចាក់បញ្ចូលជំនួយអភិវឌ្ឍយ៉ាងច្រើនទៅក្នុងទ្វីបអាហ្រ្វិក ប៉ុន្តែជំនួយទាំងនោះទទួលបានផលមកវិញតិចតួច ឬគ្មានទាល់តែសោះ ពោលគឺវា​មិន​បាន​នាំ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ឬបង្កើន​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជនអាហ្វ្រិកឱ្យបានខ្ពស់ជាងមុននោះទេ។

លោក Peter Bauer អ្នកសេដ្ឋកិច្ចអភិវឌ្ឍន៍ជនជាតិអង់គ្លេស និងជាអ្នករិះគន់លើគំរូនៃជំនួយរបស់លោកខាងលិចដ៏ល្បីល្បាញ បានហៅជំនួយអភិវឌ្ឍន៍បែបប្រពៃណីនេះថា «គឺជាការផ្ទេរធនធានពីអ្នកបង់ពន្ធ នៃប្រទេសម្ចាស់ជំនួយទៅឱ្យរដ្ឋាភិបាលនៃប្រទេសអ្នកទទួលជំនួយ»។

កាលពីខែធ្នូឆ្នាំ ២០២១ គណៈកម្មការអឺរ៉ុប (EC) បានសម្រេចចិត្តធ្វើតាមគំរូរបស់ចិន ដោយបានប្រកាសអំពីគំនិតផ្ដួចផ្ដើម «Global Gateway» និងបានស្នើកញ្ចប់ថវិកាសម្រាប់ចំណាយចំនួន ៣០០ ពាន់លានអឺរ៉ូក្នុងរយៈ ពេល ៥ ឆ្នាំខាងមុខ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោក។

គណៈកម្មការអឺរ៉ុប EC បានហៅគំនិតផ្ដួចផ្ដើម Global Gateway ថាជាគំនិតផ្ដួចផ្ដើមដ៏មានសីលធម៌ ជំនួសឱ្យគំនិតផ្ដួចផ្ដើម BRI ដោយបាននិយាយថា «តាមរយៈការផ្តល់ជម្រើសប្រកបដោយនវានុវត្តន៍សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសកលដោយផ្អែកលើតម្រូវការរបស់ដៃគូរបស់យើង គំនិតផ្ដួចផ្ដើម Global Gateway នឹងក្លាយជាការវិនិយោគលើស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គំនិតផ្ដួចផ្ដើម Global Gateway អាចបង្ហាញអំពីរបៀបដែលតម្លៃប្រជាធិបតេយ្យផ្តល់នូវភាពជាក់លាក់និងតម្លាភាពសម្រាប់អ្នកវិនិយោគ, និរន្តរភាពសម្រាប់ដៃគូ និងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សនៅជុំវិញពិភពលោក»។

កាលពីខែមិថុនាឆ្នាំនេះ សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះ។ នៅឯកិច្ចប្រជុំមួយនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក, កាណាដា, អាល្លឺម៉ង់, ជប៉ុន និងប្រទេសសមាជិកផ្សេងទៀត នៃក្រុម G7 បានប្រកាសអំពី «ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល (Partnership for Global Infrastructure and Investment)» ដែលមានគោលបំណងរៃអង្គាសប្រាក់ចំនួន ៦០០ ពាន់លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសកលនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ដោយសារការវិវឌ្ឍនៅអ៊ុយក្រែន ពិភពលោកមិនគួររំពឹងទេថា គំរូមួយទៀតនៃគំនិតផ្ដួចផ្ដើម BRI របស់លោកខាងលិចនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនោះ។ បណ្តាប្រទេសលោកខាងលិចនឹងត្រូវចំណាយប្រាក់រាប់រយពាន់លានដុល្លារ និងអឺរ៉ូ ដើម្បីជួសជុលការខូចខាតដែលបណ្តាលមកពីការផ្តាច់ខ្លួនរបស់ពួកគេចេញពីប្រទេសរុស្ស៊ី។

ឥឡូវនេះថាមពលរបស់រុស្ស៊ីដែលមានតម្លៃទាប បានហូរទៅកាន់តំបន់អាស៊ី ដែលនឹងធ្វើឱ្យអឺរ៉ុបកាន់តែពិបាកប្រកួតប្រជែងជាមួយតំបន់នេះ។ តម្លៃដ៏ខ្ពស់នៃថាមពលអាចបង្ខំឱ្យឧស្សាហកម្មអឺរ៉ុបដែលពឹងផ្អែកខ្លាំងលើថាមពល ផ្លាស់ទីទៅកាន់តំបន់អាស៊ី អាមេរិក ឬអាហ្រ្វិក៕

Asia Times

អត្ថបទទាក់ទង