ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបានដឹកនាំសប្បុរសជនចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់អង្គរជិត២០០គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
អាជ្ញាធរជាតិអប្សរាបានដឹកនាំសប្បុរសជនចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់អង្គរជិត២០០គ្រួសារ អាជ្ញាធរជាតិអប្សរាបានដឹកនាំសប្បុរសជនចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់អង្គរជិត២០០គ្រួសារ

សៀមរាប៖ ប្រជាពលរដ្ឋក្រីក្រក្នុងឃុំបាគង ស្រុកប្រាសាទបាគង នៃរមណីយដ្ឋានអង្គរ បានទទួលអំណោយពីសប្បុរសជនមកពីប្រទេសម៉ាឡេស៊ី តាមរយៈការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា។ ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋប្រមាណ ១៧៩គ្រួសារនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវត្តលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្រី TEOH តំណាងមូលនិធិ TEOH & GOH Foundation បានបង្ហាញនូវភាពសប្បាយរីករាយដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្វះខាតនៅទីនេះ។ លោកស្រីបញ្ជាក់ថា មូលនិធិរបស់លោកស្រីបានដំណើរការជួយជនក្រខ្សត់ជាច្រើនឆ្នាំមកហើយ ទាំងប្រទេសផ្សេងៗរួមទាំងកម្ពុជាផង។ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានជួយជ្រោមជ្រែងរៀបចំឲ្យមានកម្មវិធីមនុស្សធម៌នេះឡើង។

លោក ម៉ក់ សំភារ អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយសប្បុរសធម៌នៅពេលនេះ ជាគ្រួសារដែលមានក្នុងបញ្ជីពលរដ្ឋក្រីក្រសរុប ១៧៩គ្រួសារ។ លោកក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអាជ្ញាធរជាតិអប្សរាតាមរយៈលោក សុខ សង្វារ ដែលបានគិតគូរដល់សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក។

មានប្រសាសន៍សំណេះសំណាលជាមួយម្ចាស់ជំនួយ និងប្រជាពលរដ្ឋក្នុងឱកាសនេះ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ TEOH & GOH Foundation ដែលបានលះបង់ទ្រព្យធន ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់រមណីយដ្ឋានអង្គរនៅពេលនេះដែរ។

លោកអគ្គនាយករងបញ្ជាក់ថា មិនថានៅក្នុងប្រទេសណាទេ មនុស្សក្នុងសង្គមមិនមានជីវភាពដូចៗគ្នានោះទេ។ ដោយសារកម្រិតជីវភាពមិនដូចគ្នានេះហើយ ទើបសង្គមយើងត្រូវការជួយសង្គ្រោះគ្នា។ ការជួយគ្នាមិនត្រឹមតែធ្វើឲ្យអ្នកខ្វះខាតបានប្រសើរឡើងនោះទេ តែជាការបង្កើតនូវសម្ព័ន្ធភាព ការស្រឡាញ់រាប់អាន និងភាពស្មោះត្រង់ ដែលធ្វើឲ្យសង្គមយើងមានសន្តិភាពពិតប្រាកដ។

ជាមួយគ្នានេះ លោក សុខ សង្វារ ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។ ជាក់ស្តែងគឺ គោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរក្សានូវសន្តិភាព និងស្ថិរភាពនយោបាយជូនមាតុភូមិកម្ពុជាគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌នៅពេលនេះ គឺពលរដ្ឋមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងអំបិល១កញ្ចប់៕

អត្ថបទទាក់ទង