ខ្មែរប៉ុស្ដិ៍ Close

ការប្រកួតប្រជែងមីស៊ីលនៅក្នុងតំបន់ដ៏គ្រោះថ្នាក់នៅអាស៊ីបូព៌ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 112
ការប្រកួតប្រជែងមីស៊ីលនៅក្នុងតំបន់ដ៏គ្រោះថ្នាក់នៅអាស៊ីបូព៌ា ការប្រកួតប្រជែងមីស៊ីលនៅក្នុងតំបន់ដ៏គ្រោះថ្នាក់នៅអាស៊ីបូព៌ា

តំបន់អាស៊ីភាគឦសានបានបង្កើនថវិកាក្នុងការពង្រឹងសមត្ថភាពមីស៊ីលទាំងសម្រាប់ការវាយលុកនិងការការពារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ណាមួយដែលអាចនឹងកើតចេញពីសកម្មភាពរបស់ចិននៅកោះតៃវ៉ាន់ និងសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង។

នេះអាចជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រទេសជប៉ុន។ រដ្ឋាភិបាលរបស់លោក Fumio Kishida កំពុងព្យាយាមពង្រឹងឃ្លាំងអាវុធរបស់ជប៉ុន នៅចំពេលកើតមានការសង្ស័យអំពីសមត្ថភាពវាយប្រហារទប់ទល់របស់ខ្លួនដែលបាននិងកំពុងក្លាយជាប្រធានបទដ៏ចម្រូងចម្រាសនៅក្នុងប្រទេសជប៉ុន។

ជប៉ុននៅចងចាំមិនភ្លេចទេអំពីមីស៊ីលរបស់កូរ៉េខាងជើងដែលបានហោះរំលងប្រទេសរបស់ខ្លួនកាលពី ៥ ឆ្នាំមុន នៅពេលកើតមានភាពតានតឹងដ៏ខ្លាំងក្លារវាងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump និងលោក Kim Jong Un។

កាលពីប៉ុន្មានសប្តាហ៍មុន មីស៊ីលរបស់ចិនដែលបានបាញ់ពីលើកោះតៃវ៉ាន់ បានធ្លាក់ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈដែលកាលពីថ្ងៃពុធ ទីក្រុងតៃប៉ិបាននិយាយថា «ដើម្បីរារាំងប្រឆាំងនឹងប្រទេសចិនខ្លួនកំពុងស្តុកទុកអាវុធដែលផលិតដោយសហរដ្ឋអាមេរិកដែលត្រូវបានប្រើដោយអ៊ុយក្រែនដើម្បីទប់ទល់នឹងយោធារបស់រុស្ស៊ី»។

លោក Stephen Nagy ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ «International Christian University» នៅទីក្រុងតូក្យូបាននិយាយថា «ទីក្រុងតូក្យូកំពុងមានការព្រួយបារម្ភថា យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងក្នុងការបាញ់មីស៊ីលជាច្រើនគ្រាប់ក្នុងពេលតែមួយ អាចបង្កនូវផលប៉ះពាល់ដល់ខែលការពាររបស់ជប៉ុន ហើយបញ្ហានេះបានធ្វើឱ្យស្ថាប័នសន្តិសុខចាប់ផ្តើមពិចារណាអំពីការដាក់ចេញនូវវិធានការវាយលុកទុកជាមុន»។

លោក Nagy បានបន្តថា «សមត្ថភាពធ្វើការវាយលុកទុកជាមុននឹងផ្តល់ឱ្យជប៉ុននូវសមត្ថភាពក្នុងការបង្កនូវការគំរាមកំហែងចំពោះកូរ៉េខាងជើង ប្រសិនបើប្រទេសនេះនៅតែបន្តសកម្មភាពបង្កហេតុ»។ ប៉ុន្តែភាពស្របច្បាប់ពាក់ព័ន្ធនឹងរបៀបនិងពេលវេលាដែលជប៉ុនអាចប្រើប្រាស់សមត្ថភាពនេះបាន នៅក្រោមរដ្ឋធម្មនុញ្ញដែលផ្តោតសំខាន់លើសន្តិភាព នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

រដ្ឋមន្ត្រីការពារជាតិថ្មី លោក Yasukazu Hamada ដែលបានចូលកាន់តួនាទីកាលពីខែសីហា បានបន្ទរសេចក្តីថ្លែងការណ៍ទាំងនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងបានគូសបញ្ជាក់អំពីមីស៊ីលផ្លោងជាច្រើន ដែលត្រូវបានដាក់ពង្រាយដោយប្រទេសមួយចំនួននៅជុំវិញប្រទេសជប៉ុន។

លោក Hamada បាននិយាយថា «ពិភពលោកកំពុងឈានចូលដល់យុគសម័យថ្មីនៃវិបត្តិ ហើយវាគឺជាពេលវេលាដ៏លំបាកបំផុត បើគិតចាប់តាំងពីការបិទបញ្ចប់សង្គ្រាមលោកលើកទី២ មក»។ លោកចង់ឱ្យគ្រប់ជម្រើសទាំងអស់ដែលមាន ត្រូវបានលើកយកមកពិភាក្សាគ្នា បូករួមទាំងសមត្ថភាពទប់ទល់នឹងការវាយលុក ហើយនេះគឺជាហេតុផលមួយដែលក្រសួងរបស់លោកកំពុងដាក់ស្នើថវិកាយ៉ាងច្រើនបំផុតចំនួន ៥,៦ ទ្រីលានយ៉េន (៤០ ពាន់លានដុល្លារ) នៅឆ្នាំក្រោយ។

របាយការណ៍បានបង្ហាញថា «ប្រទេសជប៉ុនអាចនឹងសម្លឹងមើលការដាក់ពង្រាយមីស៊ីលច្រើនជាង ១០០០ ដែលនឹងផ្តល់ឱ្យជប៉ុននូវសមត្ថភាពវាយប្រហារប្រទេសចិន ក៏ដូចជាកូរ៉េខាងជើងនិងរុស្ស៊ី» ក៏ប៉ុន្តែសព្វាវុធទាំងនេះអាចនឹងមានលក្ខណៈសាមញ្ញ ដោយសារលោក Kishida នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏យូរអង្វែងស្តីពីការមិនតាំងមូលដ្ឋានអាវុធនុយក្លេអ៊ែររបស់សហរដ្ឋ អាមេរិកនៅលើទឹកដីជប៉ុន។

នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលក៏បានច្រានចោលផងដែរនូវការអំពាវនាវឱ្យផ្អាកការដាក់ពង្រាយខែលការពារមីស៊ីល ដែលផលិតដោយសហរដ្ឋអាមេរិក។ ប្រព័ន្ធការពារតំបន់ខ្ពស់ក្នុងដែនអាកាស (Terminal High-Altitude Area Defense system) ឬ THAAD ត្រូវបានរចនាឡើងដើម្បីជួយការពារកូរ៉េខាងត្បូងប្រឆាំងនឹងការវាយប្រហារពីកូរ៉េខាងជើង។

ការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងត្បូងកាលពីពេលកន្លងមក
ការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងត្បូងកាលពីពេលកន្លងមក

ប៉ុន្តែ បន្ទាប់ពីការប្រកាសអំពីការដាក់ពង្រាយនៅឆ្នាំ ២០១៦ ប្រព័ន្ធនេះបានក្លាយជាឧបសគ្គដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសចិននិងកូរ៉េខាងត្បូងនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ជាមួយនឹងការភ័យខ្លាចថា «ប្រព័ន្ធនេះអាចធ្វើឱ្យអាមេរិកត្រួតពិនិត្យលើសមត្ថភាពរបស់ខ្លួន» ប្រទេសចិនបានប្រកាសថា «THAAD គឺជាការគំរាមកំហែង»។

ដោយសារប្រព័ន្ធនេះ ប្រទេសចិនបានប្រកាសសង្គ្រាមពាណិជ្ជកម្មក្រៅផ្លូវការជាមួយប្រទេសកូរ៉េខាងត្បូង ដែលបានបង្កនូវផលប៉ះពាល់ដល់ក្រុមហ៊ុន Lotte Group បូករួមនឹងការកាត់បន្ថយប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍ ហើយ K-pop ក៏បានរងនូវផលប៉ះពាល់ផងដែរ។ នេះគឺវាវិធានការដ៏ធ្ងន់ធ្ងរនិងម៉ឺងម៉ាត់របស់ចិន ហើយវាគួរតែជាសារព្រមានមួយសម្រាប់សហរដ្ឋអាមេរិកអំពីរបៀបដែលចិនអាចធ្វើដាក់ប្រទេសជិតខាងរបស់ខ្លួន។

លោក Moon Jae-in ដែលបានចូលកាន់តំណែងនៅឆ្នាំបន្ទាប់ បានធ្វើតាមការទាមទាររបស់ចិន ជាមួយនឹងគោលនយោបាយ «គ្មាន៣ — Three Nos» របស់លោក ដែលនោះគឺ «គ្មានការដាក់ពង្រាយ THAAD បន្ថែមទៀត, គ្មានការចូលរួមនៅក្នុងបណ្តាញការពារមីស៊ីលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងគ្មានការចូលរួមនៅក្នុងកិច្ចព្រមព្រៀងសម្ងាត់ជាមួយសហរដ្ឋអាមេរិក និងជប៉ុន»។

អ្នកស្នងតំណែងបន្តពីលោក គឺលោក Yoon Suk Yeol បានប្តេជ្ញាថានឹងពង្រីកប្រព័ន្ធ THAAD ក៏ប៉ុន្តែការដាក់ពង្រាយបន្ថែមទៀត អាចនឹងមិនកើតឡើងភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក Yoon បានច្រានចោលគោលនយោបាយ «Three Nos»។

នៅពេលនេះ ហានិភ័យពីទីក្រុងប៉េកាំងអាចមានកម្រិតទាបជាងមុន ក៏ប៉ុន្តែការគំរាមកំហែងពីប្រទេសកូរ៉េខាងជើងនៅមិនទាន់រលាយបាត់ទៅណានោះទេ ជាពិសេសទីក្រុង​ព្យុងយ៉ាង​បានបន្ត​បាញ់​មីស៊ីល​បាលីស្ទិកជាច្រើន នៅក្នុង​ឆ្នាំ ២០២២ នេះ។ ការស្ទង់មតិមួយបានបង្ហាញថា «ប្រជាជនកូរ៉េខាងត្បូងជាង ៧០% ចង់ឱ្យប្រទេសរបស់ខ្លួនអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន»។

ដូចគ្នានេះដែរ ជាមួយនឹងការព្រមានអស់រយៈពេលជាច្រើនឆ្នាំអំពីការគំរាមកំហែង ដែលបង្កឡើងដោយសារការពង្រីកខ្លួនរបស់ចិន ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញកាន់តែច្បាស់ដល់ជប៉ុនអំពីស្ថានភាពរបស់តំបន់ដែលខ្លួនកំពុងរស់នៅ។

បន្ទាប់ពីបានបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាជម្លោះទឹកដីដ៏រ៉ាំរ៉ៃជាមួយរុស្ស៊ី ជប៉ុន​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​ទំនាក់​ទំនង​ដែលអាចវិវឌ្ឍទៅកាន់តែតានតឹងខ្លាំង។ បញ្ហា​កំពុង​តែកើន​ឡើង​កម្ដៅ​នៅក្នុង​តំបន់​ដ៏គ្រោះ​ថ្នាក់​៕

Channel News Asia

អត្ថបទទាក់ទង