ខ្មែរប៉ុស្ដិ៍ Close

ប្រទេសទីម័រឡេស្ត ត្រូវបានបដិសេធមិនឱ្យចូលជាសមាជិកអាស៊ាននៅពេលនេះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 90
ប្រទេសទីម័រឡេស្ត ត្រូវបានបដិសេធមិនឱ្យចូលជាសមាជិកអាស៊ាននៅពេលនេះទេ ប្រទេសទីម័រឡេស្ត ត្រូវបានបដិសេធមិនឱ្យចូលជាសមាជិកអាស៊ាននៅពេលនេះទេ

ការរំពឹងទុកដែលថា ទីម័រឡេស្តនឹងត្រូវបានបញ្ចូលជាសមាជិកអាស៊ាននៅឆ្នាំនេះដោយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន មិនបានកើតឡើងទេដោយសារការព្រួយបារម្ភថា «ប្រទេសដ៏តូចមួយនេះនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សមាជិកភាព»។

លោកហ៊ុន សែន ក្នុងនាមជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​នេះ​បាន​លើកឡើង​ថា «ដំណើរ​ការ​នៃ​ការ​បញ្ចូលប្រទេស​ទីម័រឡេស្ត​ កំពុង​វិវឌ្ឍទៅ​មុខ​យ៉ាង​ល្អ ហើយយើងជឿជាក់ថា នៅ​ឆ្នាំ​ក្រោយ​យើង​នឹងអាច​ស្វាគមន៍​ប្រទេស​នេះ​ចូល​មកក្នុង​គ្រួសារ​អាស៊ាន»។

ប៉ុន្តែ នេះគឺគ្រាន់តែជាការលួងលោមដ៏ត្រជាក់សម្រាប់ប្រទេសមួយដែលបានតស៊ូព្យាយាមអស់រយៈពេលជាងមួយទស្សវត្សរ៍ ដើម្បីចូលមកក្នុងប្លុកមួយដែលមាន GDP សរុបចំនួន ៣,២ ពាន់លានដុល្លារ និងជាប្លុកសេដ្ឋកិច្ចធំលំដាប់ទី ៥ របស់ពិភពលោក។

ប្រភពមួយចំនួនបាននិយាយថា «វាមានហេតុផលជាច្រើនដែលនាំមកនូវការបរាជ័យរបស់អាស៊ានក្នុងការប្រមូលផ្តុំការបោះឆ្នោតជាឯកច្ឆ័ន្ទនៅក្នុងចំណោមសមាជិករបស់ខ្លួន»។ ហេតុផលទាំងនោះ រួមមាន សមត្ថភាពរបស់ទីម័រឡេស្តក្នុងការបំពេញតាមតម្រូវការចំណាយ, ទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសនេះជាមួយប្រទេសចិន និងការបរាជ័យក្នុងការរិះគន់របបយោធាមីយ៉ាន់ម៉ា។

ទីម័រឡេស្តមិនបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចកាលពីឆ្នាំមុននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានោះទេ ដែលជាហេតុធ្វើឱ្យក្រុមសិទ្ធិមនុស្សមានការខឹងសម្បារ។ រដ្ឋាភិបាលទីម័រឡេស្តបានរងនូវការចោទប្រកាន់ថា បានព្យាយាមផ្គាប់ចិត្តរបបយោធាមីយ៉ាន់ម៉ានិងប្រទេសកម្ពុជា ដើម្បីប្រមូលផ្តុំការគាំទ្រឱ្យខ្លួនអាចចូលអាស៊ានបានឆាប់រហ័ស។

ក្នុងពេលដែលកម្ពុជាទទួលតំណែងជាប្រធានអាស៊ានកាលពីដើមឆ្នាំនេះ លោក ហ៊ុន សែន បានស្នើឱ្យទីម័រឡេស្តជួយទិញអង្ករកម្ពុជា និងធ្វើការវិនិយោគនៅក្នុងរោងម៉ាស៊ីនកិនស្រូវនិងឃ្លាំងស្តុក បន្ទាប់ពីលោកបានគាំទ្រជាផ្លូវការនូវការស្នើសុំរបស់ទីម័រឡេស្ត ក្នុងការចូលជាសមាជិកទី ១១ របស់អាស៊ាន ដោយក្នុងនោះ លោក ហ៊ុន សែនបានលើកឡើងថា «សមាជិកភាពនេះនឹងអាចសម្រេចបាននៅក្រោមការគ្រប់គ្រងរបស់លោក»។

ប្រធានាធិបតីទីម័រឡេស្ត លោក José Ramos-Horta បានបញ្ជាក់រួចហើយថា «លោកដឹងថា ប្រទេសរបស់លោកអាចនឹងមិនទទួលបានការអនុញ្ញាតនៅឆ្នាំនេះទេ» ដោយលោកបានបន្ថែមថា «ការឡើងទៅកាន់ឋានសួគ៌ ប្រហែលជារឿងងាយស្រួលធ្វើសម្រាប់ប្រទេសកាតូលិករបស់លោក ជាងការចូលជាសមាជិកអាស៊ាន»។

លោក Ramos-Horta បាន និយាយទៅកាន់សហគមន៍គោលនយោបាយការបរទេសរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងទីក្រុងហ្សាកាតាកាលពីខែមុនថា «ខ្ញុំមានអារម្មណ៍ខកចិត្តខ្លាំង។ វាហាក់ បីដូចជាផ្លូវទៅកាន់ឋានសួគ៌ គឺងាយស្រួលជាងផ្លូវទៅកាន់អាស៊ាន។ ដើម្បីឈានទៅដល់អាស៊ាន, អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌទាំងអស់ដើម្បីអាចចូលទៅកាន់ឋានសួគ៌ ទើបអ្នកអាចចូលទៅកាន់​អាស៊ានបានតាមក្រោយ»។

បើទោះបីជាត្រូវបានគេចាត់ទុកជាប្រទេសក្រីក្រជាមួយនឹងចំនួនប្រជាជនត្រឹមតែ ១,៣ លាននាក់ក៏ដោយ ក៏ទីម័រឡេស្តបានជាប់ចំណាត់ថ្នាក់ជា «ប្រទេសប្រជាធិបតេយ្យដ៏រឹងមាំ»។

កិច្ចប្រជុំកំពូលអាស៊ានដូចជានៅពេលនេះជាដើម តែងតែរងនូវការចំអកថាជា «ពិធីនិយាយគ្នាឥតប្រយោជន៍» និង «មានបែបបទច្រើនជាងខ្លឹមសារជាក់ស្តែង»។ គ្មាន​ប្រទេស​អាស៊ាន​ណា​មួយ​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ជា «​ប្រទេសសេរី​» នោះទេ នៅក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ ២០២២ ស្តីអំពី​សិទ្ធិ​នយោបាយដែល​ធ្វើឡើងដោយអង្គការ «Freedom House» ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ មានតែ​ទីម័រឡេស្ត​ប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ថាជាប្រទេសសេរី។

ប្រទេសឥណ្ឌូណេស៊ីដែលជាមហាអំណាចមួយនៅក្នុងអាស៊ាននឹងចូលកាន់តំណែងជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជានៅឆ្នាំ ២០២៣ ដែលនេះគឺជាសញ្ញាបញ្ជាក់ថា «ឆ្នាំខាងមុខនឹងមានភាពខុសគ្នាខ្លាំង» ហើយឥណ្ឌូណេស៊ីក៏បានបង្ហាញការគាំទ្ររួចហើយចំពោះការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត។

សមាជិកភាពនឹងផ្តល់នូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសំខាន់ៗជាច្រើនតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគ្របដណ្តប់លើវិស័យឧស្សាហកម្មចំនួន ៨ ដែលអាចជួយឱ្យទីម័រឡេស្តអាចធ្វើការងារបាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងការបើកទីផ្សាររបស់ខ្លួនដល់ប្រជាជនប្រហែល ៦៥៥ លាននាក់។ ប្រទេសទីម័រឡេស្តបានដឹងយ៉ាងច្បាស់អំពីឧបសគ្គ ក៏ដូចជាសក្តានុពលជាច្រើនទៀតដែលខ្លួនអាចទទួលបានតាមរយៈការបន្តតស៊ូ ជាជាងការបោះបង់ចោល។ «វាតែងតែមានឆ្នាំក្រោយជានិច្ច»

The Diplomat

អត្ថបទទាក់ទង