ឯកឧត្តម កើត រិទ្ធិ ហៅប្រតិកម្មរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយប្រឆាំងមួយចំនួន លើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ថា ជាការលើកឡើងដែលមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃវិសោធនកម្មនេះ
ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានហៅប្រតិកម្មរបស់អង្គការសង្គមស៊ីវិល ឬអ្នកវិភាគមួយចំនួនតូច រួមទាំងគណបក្សនយោបាយប្រឆាំងមួយចំនួន មកលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទៅ១០ នេះ ថាជាការលើកឡើងដោយមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ លើសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា និងជាការលើកឡើងដោយមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទៅ១០នេះ។
ឯកឧត្តម កើត រិទ្ធិ បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម កើត រិទ្ធ បានបន្ថែមថា ការប្រតិកម្មដែលអង្គការសង្គមស៊ីវិលបានលើកឡើងកន្លងមកគឺ ជាការលើកឡើង ដោយមិនបានសិក្សាស៊ីជម្រៅនៃគោលបំណងពិតប្រាកដ នៃការធ្វើវិសោធនកម្មលើកទី១០នេះ បើទោះបីជាខ្លឹមសារនៃវិសោធនកម្មនេះ ត្រូវបានចែងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយតំណាងរាជរដ្ឋាភិបាល ក៏បានធ្វើសន្និសីទ្ធពន្យល់បន្ថែមអំពីខ្លឹមសារ និងគោលបំណងរួចហើយក៏ដោយ ជារួមសេចក្តីថ្លែងការណ៍នេះ គ្រាន់តែជាការបំពងសម្លេងបន្ថែមរបស់អ្នកវិភាគ អ្នកនយោបាយ ឬគណបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ៕