ខ្មែរប៉ុស្ដិ៍ Close

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 35
សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា(JQA)។ គោលបំណងនៃសវនកម្មតាមដានគឺដើម្បីបញ្ជាក់ថាអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តកិច្ចការអនុលោមស្របតាមតម្រូវការស្តង់ដារ ISO14001 ដែរឬទេ។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើងតាមរយៈវីដេអូ Zoom ថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងការតវ៉ាផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ បើសិនមានការតវ៉ាកើតឡើងនៅឆ្នាំមុន ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។

សូមជម្រាបថា សវនកម្មនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២ ដោយពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់៕

អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុ រិទ្ធី