ខ្មែរប៉ុស្ដិ៍ Close

តើអឺរ៉ុបអាចនៅបន្តមានប្រតិបត្តិការបានដែរឬទេនៅរដូវរងារនេះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 49
តើអឺរ៉ុបអាចនៅបន្តមានប្រតិបត្តិការបានដែរឬទេនៅរដូវរងារនេះ? តើអឺរ៉ុបអាចនៅបន្តមានប្រតិបត្តិការបានដែរឬទេនៅរដូវរងារនេះ?

សង្គ្រាមថាមពលរបស់អឺរ៉ុបកំពុងនាំមកនូវការបំផ្លាញ។ ជាមួយនឹងការហាមឃាត់រួចហើយ ឬការសន្យាថានឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 បានលើកឡើងនៅថ្ងៃទី ២៨ មិថុនាថា «ពួកគេនឹងរិះរកវិធីកំណត់តម្លៃថាមពល បូករួមនឹងឧស្ម័នរបស់រុស្ស៊ីផងដែរ»។

ចក្រភពអង់គ្លេសបានលើកឡើងថា «ខ្លួននឹងធ្វើកំណែទម្រង់ទីផ្សារថាមពលរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលមកលើតម្លៃក្នុងស្រុក» ខណៈដែលប្រទេស បារាំងបានអំពាវនាវឱ្យអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ថាមពលជាបន្ទាន់។ គោលដៅ​មួយ​នៃ​ការ​វិធានការ​បែប​នេះ គឺ​ដើម្បី​កាត់ផ្តាច់ប្រាក់​ចំណូលដ៏ចាំបាច់របស់​រុស្ស៊ី និងមួយ​ទៀត​គឺ​ដើម្បី​ព្យាយាម​ការពារ​វិបត្តិ​ថាមពល​ ដែល​អាចកើតមាននៅ​អឺរ៉ុប។

កាលពីមួយខែមុន គ្រប់គ្នាគិតថា «វិបត្តិអាចនឹងត្រូវបានបញ្ចៀស»។ នៅពេលដែលអាមេរិកបង្កើនការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន ចំណែកនៃការនាំចូលឧស្ម័នសរុបរបស់អឺរ៉ុបបានកើនឡើងពី ៦% នៅក្នុងខែកញ្ញាដល់ ១៥% ក្នុងខែឧសភា បើទោះបីជាការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះពី ៤០% មកនៅត្រឹម ២៤% ក៏ដោយ។ ប្រទេសរុស្ស៊ី​បាន​ផ្អាកការនាំចេញ​ទៅ​ប៊ុលហ្គារី, ហ្វាំងឡង់ និង​ប៉ូឡូញ បន្ទាប់ពី​ពួកគេ​បានបដិសេធ​មិនទូទាត់ជា​លុយ Roubles។

ស្តុករបស់ទ្វីបនេះក៏ត្រូវបានបង្កើននៅក្នុងកម្រិតមិនធ្លាប់មាន។ បន្ទាប់មក រឿងចំនួនពីរបានកើតឡើង។ នៅថ្ងៃទី ០៨ មិថុនា អគ្គីភ័យបានធ្វើឱ្យរោងចក្រផលិតឧស្ម័ន Freeport នៅក្នុងរដ្ឋតិចសាស់ ត្រូវបិទទ្វារ ហើយការរំខានអាចនឹងអូសបន្លាយរយៈពេល ៩០ ថ្ងៃ ដែលជាហេតុនឹងកាត់បន្ថយ ២,៥% នៃការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប។

នៅមួយសប្តាហ៍ក្រោយមក ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ីបាន និយាយថា «ការផ្គត់ផ្គង់ទៅកាន់អឺរ៉ុបតាមរយៈបំពង់ Nord Stream 1 នឹងត្រូវកាត់បន្ថយមកនៅត្រឹម ៤០%» ដោយក្នុងនោះ ក្រុមហ៊ុន Gazprom បានទម្លាក់កំហុសទៅលើទណ្ឌកម្ម ហើយបញ្ហានេះនឹងកាត់បន្ថយ ៧,៥% ទៀតពីការផ្គត់ផ្គង់សរុបរបស់អឺរ៉ុប។

ស្ថានីយ៍ LNG ក៏កំពុងដំណើរការដោយលំអៀងផងដែរ ដោយក្នុងនោះ មានឧស្ម័នតិចតួចប៉ុណ្ណោះដែលអាចហូរឆ្លងតាមបំពង់ពីអាល់ហ្សេរី, អាហ្សែបៃហ្សង់ ឬន័រវែស។ ការចាប់ផ្តើមឡើងវិញនូវស្ថានីយ៍ឧស្ម័ន Groningen របស់ប្រទេសហូឡង់ ដែលធ្លាប់ផ្តល់នូវការផ្គត់ផ្គង់ច្រើនដូច «Nord Stream» ក៏ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីបង្កគ្រោះរញ្ជួយដី។

​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Rystad Energy បានលើកឡើងថា «បញ្ហានេះនឹងធ្វើឱ្យកន្លែង​ស្តុក​ឧស្ម័ន​របស់សហភាពអឺរ៉ុបនឹង​អាចស្តុកបានត្រឹមតែ ២/៣ ​ប៉ុណ្ណោះនៅ​ត្រឹមចុងខែ​តុលា ដែលជាចំនួនទាបជាងគោលដៅ​របស់​ប្លុក ដែល​បានកំណត់ ៤/៥»។

មនុស្សមួយចំនួនបានលើកឡើងនូវការភ័យខ្លាចថា «Nord Stream ដែលគ្រោងនឹងចាប់ផ្តើមផ្តល់សេវាឡើងវិញនៅក្នុងខែកក្កដា អាចនឹងមិនចាប់ផ្តើមដំណើរការទេ បើទោះបីជាការជួសជុលបានបញ្ចប់ ហើយក៏ដោយ»។ បើដូច្នេះមែន នៅរដូវរងានេះស្តុករបស់អឺរ៉ុបនឹងមានចំនួនត្រឹមតែ ៦០% ប៉ុណ្ណោះ។

សំណួរមួយត្រូវបានលើកឡើងដែលនោះគឺ «តើអឺរ៉ុបនឹងមានសមត្ថភាពរក្សាកំដៅបានដែរឬទេនៅក្នុងរដូវរងានេះ»?

ការផលិតថាមពល ដោយប្រើឧស្ម័នបានក្លាយទៅជាប្រភពផ្គត់ផ្គង់អគ្គិសនីដ៏កម្រមួយកាលពីឆ្នាំមុន នៅអឺរ៉ុបខាងលិច ហើយតម្លៃរបស់វាបានក្លាយជាកត្តាកំណត់តម្លៃថាមពលនៅទូទាំងតំបន់។

កាលពីឆ្នាំមុន បញ្ហានេះ​បណ្តាលមកពី​ការ​បង្កើត​ថាមពល​កកើត​ឡើង​វិញ​បានរងនូវផលប៉ះពាល់ដោយ​គ្រោះ​រាំង​ស្ងួត បូករួមនឹងកម្លាំង​ខ្យល់​បក់​ខ្លាំង​មិន​គ្រប់គ្រាន់ ហើយលើកនេះបញ្ហាគឺបណ្តាលមកពIគម្រោងនុយក្លេអ៊ែរ នៅប្រទេសបារាំងត្រូវការនូវការជួសជុលនិងថែទាំ និងកំពុងមានដំណើរការតិចជាងពាក់កណ្តាលនៃសមត្ថភាពពេញលេញរបស់វា។

បញ្ហានេះកំពុងធ្វើឱ្យការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបរងនូវការធ្លាក់ចុះ ខណៈដែលរលកកំដៅនៅភាគខាងត្បូងកំពុងជំរុញតម្រូវការសម្រាប់ម៉ាស៊ីនត្រជាក់។ តម្លៃថាមពលនៅ ប្រទេសបារាំងជាមធ្យមមានតម្លៃ $២០៦ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង នៅក្នុងខែឧសភា បើធៀបនឹង $១៥ កាលពីឆ្នាំមុន។

វិធីមួយដែលអឺរ៉ុបអាចទប់ទល់នឹងអតុល្យភាពនេះគឺ «ការធ្វើពាណិជ្ជកម្ម»។ ប្រទេស​បារាំង​ដែល​ធ្លាប់​ជា​ប្រទេស​នាំ​ចេញ​ថាមពល​ធំ​ជាង​គេ​ក្នុង​តំបន់ ឥឡូវ​នេះ​កំពុង​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង។ ឧស្ម័នលក់ដុំឥឡូវនេះមានតម្លៃថ្លៃខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់និងអឺរ៉ុបខាងកើត ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់តាមរយៈបំពង់ Nord Stream។

ករណីនេះអាចនឹងជំរុញលំហូរពីចក្រភពអង់គ្លេសនិងអេស្ប៉ាញ ដែលមានស្ថានីយ៍ប្រេង ក៏ប៉ុន្តែវានឹងមិនអាចបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងថាមពលបានច្រើននោះទេ ហើយ​​សញ្ញា​មួយចំនួនបាន​បង្ហាញ​ថា​ «ការ​រួប រួម​គ្នា​អាច​នឹងរងនូវការ​បែកបាក់នៅ​ក្នុង​គ្រា​ដ៏លំបាកនេះ»។ នៅថ្ងៃទី ២៩ មិថុនា វិធានការមួយរបស់ចក្រភពអង់គ្លេសនៅក្នុងគ្រាអាសន្នគឺការ «កាត់ផ្តាច់ឧស្ម័នទៅកាន់អឺរ៉ុបដីគោក»។

ដូច្នេះហើយបណ្តាប្រទេសអឺរ៉ុប កំពុងព្យាយាមស្វែងរកជម្រើសជំនួសឱ្យឧស្ម័ន។ ប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរផែនការកាត់បន្ថយឱ្យបានច្រើនជាង ១/៥ នៃស្ថានីយ៍ថាមពលដើរដោយធ្យូងថ្មរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលប្រទេសអូទ្រីស, អង់គ្លេស, បារាំង និងហូឡង់ បាននិយាយថា «ពួកគេអាចពន្យារពេលបិទ ឬអាចនឹងបើកដំណើរការរោងចក្រធ្យូងថ្មឡើងវិញ»។

រោងចក្រនុយក្លេអ៊ែរអឺរ៉ុបមួយចំនួនក្នុងចំណោមរោងចក្រនុយក្លេអ៊ែរទាំង ៧ ដែលនឹងត្រូវបិទនៅចុងរដូវរងា ក៏អាចនឹងបន្តដំណើរការបានយូរជាងការគ្រោងទុកផងដែរ។ បើទោះ​បី​ជា​អាចសម្រេចបាននូវកិច្ចការទាំងនេះក៏​ដោយ ក៏​តម្លៃឧស្ម័ន​ប្រហែល​ជា​នឹង​បន្ត​ធ្វើឱ្យ​តម្លៃ​អគ្គិសនីមានការកើនឡើង។

កង្វះខាតការផ្គត់ផ្គង់នឹងបង្កផលប៉ះពាល់ដល់តម្រូវការ ហើយការដំឡើងតម្លៃអាចជាមធ្យោបាយមួយ។ ប៉ុន្តែការបែងចែកឡើងវិញក៏អាចត្រូវបានដាក់លើក្រុមហ៊ុនដែលមានតម្រូវការឧស្ម័ននិងថាមពលខ្ពស់ផងដែរ ដូចជាក្រុមហ៊ុនផលិតជី, កញ្ចក់ និងដែក។

វានឹងអាស្រ័យលើសន្លឹកបៀរចំនួនពីរសន្លឹកថា «តើការទប់ស្កាត់ទាំងនោះនឹងមានសភាពធ្ងន់ធ្ងរប៉ុណ្ណា ហើយថាតើវាអាចត្រូវបានពង្រីកដល់ប្រជាពលរដ្ឋទូទៅដែរឬអត់» ដែលនោះគឺ «សីតុណ្ហភាពត្រជាក់នៅរដូវរងារ និងវិសាលភាពដែលប្រទេសចិនអាចងើបឡើងវិញពីការបិទខ្ទប់»។

រហូតមកដល់ពេលនេះ អឺរ៉ុបកំពុងបន្តរងនូវបញ្ហានៅក្នុងសង្គ្រាមថាមពលរបស់ខ្លួនជាមួយរុស្ស៊ី។ ប្រសិនបើអឺរ៉ុបចង់មានដំណើរការរហូត ដល់រដូវផ្ការីក នោះពួកគេនឹងត្រូវផ្លាស់ប្តូរវិធានការ៕

The Economist