ខ្មែរប៉ុស្ដិ៍ Close

ការខាតបង់ដ៏ធំនៃការកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
ការខាតបង់ដ៏ធំនៃការកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ប្រទេសចិន ការខាតបង់ដ៏ធំនៃការកាត់ផ្តាច់ទំនាក់ទំនងសម្រាប់ប្រទេសចិន

អស់ពេលជាង ៣ ទសវត្សរ៍កន្លងមក សេដ្ឋកិច្ចពិភពលោកត្រូវបានកំណត់ដោយការធ្វើសមាហរណកម្ម និងការពឹងផ្អែកលើគ្នាទៅវិញទៅមក។ គ្មានជម្លោះនយោបាយហើយក៏គ្មានសង្គ្រាមក្នុងតំបន់ណាមួយដែលអាចបន្ថយល្បឿនសាកលភាវូបនីយកម្មបាននោះដែរ។

ប៉ុន្តែពេលនេះ អ្វីៗបានប្រែប្រួលហើយ។ នៅក្នុងយុគថ្មីនៃការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច ការផ្តាច់ទំនាក់ទំនងបានក្លាយជាចំណុចអាទិភាពមួយ។ ខណៈពេលដែលចរន្តនេះនឹងបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ច, បង្កើនការចំណាយលើធុរកិច្ច (តាមរយៈការរៀបចំ រចនាសម្ព័ន្ធខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឡើងវិញ) បូករួមនឹងការកើនឡើងនៃតម្លៃសម្រាប់មនុស្សគ្រប់គ្នា សេដ្ឋកិច្ច ដែលរងនូវខាតបង់ខ្លាំងជាងគេគឺសេដ្ឋកិច្ចរបស់ប្រទេសចិន។

សាធារណៈរដ្ឋប្រជាមានិតចិននឹងមិនអាចមានបានដូចសព្វថ្ងៃនេះទេ ប្រសិនបើគ្មានសាកលភាវូបនីយកម្មនោះ។ ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ, ការវិនិយោគ, និងការឈានជើងចូលទីផ្សារមូលធន បានរុញច្រានកំណើនសេដ្ឋកិច្ច ខណៈដែលការផ្ទេរចំណេះដឹងដែលជំរុញដោយការធ្វើទំនាក់ទំនងជាមួយគ្នាក្នុងចំណោមនិស្សិត, អ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញ បានជួយលើកកម្ពស់វិស័យបច្ចេកវិទ្យា។

ទំនាក់ទំនងជាមួយពិភពខាងក្រៅបានអនុញ្ញាតឱ្យប្រទេសចិនបង្កើតប្រព័ន្ធច្បាប់មួយដែលមានសមត្ថភាពក្នុងការបង្កើត និងអនុវត្តកិច្ចសន្យានិងច្បាប់កម្មសិទ្ធិបញ្ញា ហើយការរីកធំនៃអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអនុញ្ញាតឱ្យប្រទេសនេះអាចពង្រឹងអំណាចរបស់ខ្លួនបានតែខ្លាំងក្លានៅបរទេស។

ប៉ុន្តែ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ការបើកចំហដែលបានជួយទ្រទ្រង់ដល់ការធ្វើសាកលភាវូបនីយកម្ម បានធ្លាក់ចូលទៅក្នុងផ្នត់គំនិតដែលផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយ និងដែលផ្តោតលើការ «យកឈ្នះ-ចាញ់គ្នាដាច់ខាត»

ការធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិបានងាកផ្តោតទៅលើកិច្ចការសន្តិសុខជាតិកាន់តែខ្លាំង ខណៈដែលការគ្រប់គ្រងលើការនាំចេញ, ការដាក់ក្រុមហ៊ុននានាក្នុងបញ្ជីខ្មៅ និងការរឹតត្បិតលើសិទ្ធិចូលទៅក្នុងទីផ្សារនៅក្នុងវិស័យរសើបៗមួយចំនួនដូចជាវិស័យបច្ចេកវិទ្យាទំនើប ក៏បានកើតមានកាន់តែធំទូលំទូលាយនៅក្នុងពេលបច្ចុប្បន្ននេះ។

ការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិកបានពន្លឿនការប្រែប្រួលនេះ។ សហរដ្ឋអាមេរិកបានផ្តោតគោលដៅលើប្រទេសចិនតាមរយៈការដាក់ចេញនូវវិធានការជាច្រើន ដែលរួមមានការរឹតត្បិតលើការនាំចូល-នាំចេញ និងការវិនិយោគ ហើយក៏បានបន្ថែមក្រុមហ៊ុនចិនមួយចំនួនទៅក្នុងបញ្ជីរឹតត្បិតលើការធ្វើពាណិជ្ជកម្ម (Entity List) របស់ខ្លួនផងដែរ។

ទន្ទឹមនឹងនោះដែរ ប្រទេសផ្សេងៗទៀតក៏បានបង្កើនការប្រុងប្រយ័ត្នលើការវិនិយោគរបស់ចិន ហើយក៏បានរឹតត្បិតលើប្រភេទមួយចំនួននៃការផ្តោះប្តូរពាណិជ្ជកម្មជាមួយប្រទេសចិនផងដែរ។ ការដាក់ទណ្ឌកម្មលើការរំលោភបំពានសិទ្ធិមនុស្សរបស់ប្រទេសចិននៅក្នុងតំបន់ Xinjiang និងនៅហុងកុង ក៏ត្រូវបានប្រទេសមួយចំនួនដាក់ចេញផងដែរ។

ប្រទេសចិនប្រហែលជាមិនបានផ្តួចផ្តើមដំណើរការនៃការកាត់ផ្តាច់ទំនាក់ទំនងនោះទេ ក៏ប៉ុន្តែចិនអាចនឹងចង់ឱ្យវាកើតឡើងដោយឯកឯង។ តាមរយៈការបដិសេធមិនថ្កោល ទោសសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែននោះមេដឹកនាំចិនបានបង្ហាញយ៉ាងច្បាស់នូវការយល់ឃើញរបស់ខ្លួនថា «សហរដ្ឋអាមេរិកនិងលោកខាងលិចកំពុងធ្លាក់ចុះឥទ្ធិពលហើយ។ ដូច្នេះ នេះជាពេលវេលាដែលត្រូវប្រកួត ប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន»។

ក្រៅពីការដាក់ទណ្ឌកម្មនិងការយកពន្ធគយដើម្បីសងសឹកវិញ ប្រទេសចិនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រទំនើបៗ តាមរយៈការដាក់ចេញ នូវគោលនយោបាយឧស្សាហកម្មគាំពារនិយម។ គោលដៅរបស់ចិនគឺ «ការការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដាក់ទណ្ឌកម្ម ជាពិសេសតាមរយៈការផ្តាច់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីសហរដ្ឋអាមេរិក»។

ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ចិនក្នុងការ សម្រេចបាននូវការពឹងផ្អែកលើខ្លួនឯងនឹងមិនអាចទទួលបានជោគជ័យនៅគ្រប់វិស័យនោះទេ។ កាសែត The Economist បានរាយការណ៍នៅខែកុម្ភៈថា «ប្រទេសចិន កំពុងស្ថិតក្នុងភាពត្រដាបត្រដួសបំផុតនៅក្នុងផ្នែកដែលខ្សែសង្វាក់ផ្គត់ផ្គង់មានភាពស្មុគស្មាញខ្លាំង ដែលរួមមានដូចជាវ៉ាក់សាំងប្រភេទ mRNA, សារធាតុគីមីនៅក្នុងវិស័យកសិកម្ម, ប្រព័ន្ធដំណើរការកុំព្យូទ័រ និងប្រព័ន្ធទូទាត់ប្រាក់ជាដើម»។

នៅក្នុងផ្នែកបន្ទះអេឡិកត្រូនិក ប្រទេសចិននៅតែពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស បើទោះបីជារដ្ឋាភិបាលបានបង្កើនការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារក៏ដោយ។ ដូចគ្នានេះដែរ ប្រទេសចិនបានបរាជ័យក្នុងការផ្តាច់ខ្លួនចេញពីការពឹងផ្អែកលើបរទេសនៅក្នុងវិស័យដែនអាកាស និងយានយន្ត។

កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើតប្រព័ន្ធទូទាត់ប្រាក់និងហិរញ្ញវត្ថុ ដែលយកប្រាក់យ័នជាមូលដ្ឋានដើម្បីជំនួសឱ្យប្រព័ន្ធដែលប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏មិនទាន់កើតចេញជាផ្លែផ្កានៅឡើយដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការពឹងផ្អែកលើខ្លួនឯងនឹងមិនត្រឹមតែទទួលបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះឥទ្ធិពលអាក្រក់ត្រឡប់មកលើប្រទេសចិនវិញផងដែរ។ សេចក្តីរាយការណ៍របស់កាសែត The Economist បានគូសបញ្ជាក់ថា «នៅពេលក្រុមហ៊ុនចិនត្រូវបានកាត់ផ្តាច់ចេញពីការប្រកួតប្រជែងជាអន្តរជាតិ និងពីអ្នកជំនាញបរទេស សមត្ថភាពរបស់ចិននឹងរងនូវការជាប់គាំង»។

បើទោះបីជាមានផលវិបាកផ្នែកសេដ្ឋកិច្ចខ្លាំងក៏ដោយ ក៏ការផ្តាច់ទំនាក់ទំនងដែលជំរុញដោយបញ្ហាភូមិសាស្ត្រនយោបាយនឹងនៅតែបន្តកើតមាន។ ប្រទេសចិននឹងព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុផ្សេងមួយទៀត ហើយសហរដ្ឋអាមេរិកអាចនឹងលុបក្រុមហ៊ុនចិនចេញពីទីផ្សារភាគហ៊ុនរបស់ខ្លួនដែរ។

តាមសេចក្តីរាយការណ៍ សភាសហរដ្ឋអាមេរិកកំពុងពិចារណាលើបទប្បញ្ញត្តិច្បាប់ដើម្បីរឹតត្បិត ឬហាមឃាត់ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យរសើបៗមួយចំនួន ដែលនេះគឺដូចគ្នាទៅនឹងអ្វីដែលអាមេរិកបានធ្វើទៅលើការវិនិយោគរបស់ចិននៅសហរដ្ឋអាមេរិក។

ខណៈដែលដំណើរការផ្តាច់ទំនាក់ទំនងនឹងបន្តវិវឌ្ឍទៅមុខ វិស័យសំខាន់ៗជាច្រើនដូចជាអ៊ីនធឺណិត ទំនងជាអាចត្រូវបានបំបែកទៅជាប្លុក ២ ផ្សេងគ្នា ដោយក្នុងនោះប្លុកនីមួយៗនឹងមានវិធានច្បាប់ និងស្តង់ដារផ្ទាល់ខ្លួនរបស់ពួកគេ។ ការបែកបាក់គ្នានៅក្នុងផ្នែកស្តង់ដារឌីជីថល, ការគ្រប់គ្រងលើទិន្នន័យ, ការបែងចែកការប្រើប្រាស់ក៏ដូចជាសម្ភារៈភ្ជាប់បណ្តាញ និងសេវាសារទូរគមនាគមន៍ នឹងរីកកាន់តែធំបូករួមនឹងការរឹតត្បិតលើសិទ្ធិចូលទៅកាន់ទីផ្សារ ក៏ដូចជាលើលក្ខខណ្ឌក្នុងការផ្តល់ការអនុញ្ញាត និងអាជ្ញាបណ្ណថ្មីៗ។

ការប្រែប្រួលទាំងនេះកើតឡើងចំពេលដែលប្រទេសចិនកំពុងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរជាច្រើនរួចស្រេចទៅហើយ ដូចជាកត្តាប្រជាសាស្ត្រមិនអំណោយផល, ទីផ្សារអចលនទ្រព្យទន់ខ្សោយ, ភាពរីកធំជ្រុលនៃវិស័យធនាគារ, ផលិតភាពជាប់គាំង, អភិបាលកិច្ចដែលមានលក្ខណៈនយោបាយនីយកម្ម និងផលវិបាកផ្សេងៗទៀតដែលចេញពីគោលនយោបាយ «Zero Covid»។

«ភាពមហាអស្ចារ្យនៃសេដ្ឋកិច្ចរបស់ប្រទេសចិន» អាចនឹងចាប់ផ្តើមធ្លាក់ចុះមកវិញហើយ បន្ទាប់ពីបានឡើងដល់ចំណុចកំពូល។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ចិនអាចធ្លាក់ចុះក្នុងចំនួនចន្លោះពី ២% ទៅ ៣% នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ដែលនេះមានន័យថា «គោលដៅផ្លូវការនៃការបង្កើនប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ និង GDP ឱ្យបានទ្វេដងនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣៥ នឹងមិនអាចសម្រេចបានទេ»។

ការធ្លាក់ចុះនេះនឹងនាំមកនូវផលវិបាកយ៉ាងធំធេង។ ដំបូង សមត្ថភាពរបស់ចិនក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកនឹងធ្លាក់ចុះខ្សោយ ហើយសេដ្ឋកិច្ចរបស់ចិន ប្រហែលជាមិនអាចប្រជែងឈ្នះសេដ្ឋកិច្ចរបស់អាមេរិកបាននោះទេ ជាពិសេសប្រសិនបើតម្លៃប្រាក់យ័នរងនូវការធ្លាក់ចុះក្នុងចំនួន ២០% ទៅ ២៥% នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

លើសពីនេះទៅទៀត តម្លៃផលិតផលមួយចំនួន ជាពិសេសផលិតផលដែលមានសារៈសំខាន់ចំពោះវិស័យផ្ទះសម្បែង និងវិស័យសំណង់របស់ប្រទេសចិន ក៏អាចនឹងដាំក្បាលចុះផងដែរ។ លំហូរវិនិយោគពីបរទេសចូលទៅក្នុងប្រទេសចិន នឹងដាំក្បាលចុះ ដោយក្នុងនោះការផ្តល់ហិរញ្ញវត្ថុនឹងងាកទៅរកបណ្តាប្រទេសអាស៊ីផ្សេងទៀត ឬទៅកាន់ទីផ្សារកំពុងរីកលូតលាស់ផ្សេងទៀតជំនួសវិញ។

បើទោះបីជាចិននឹងមិនក្លាយជាប្រទេសដែល «មិនអាចវិនិយោគបាន » ក៏ដោយ (ប្រសិនបើជម្លោះយោធាមិនផ្ទុះឡើង) ក៏វិនិយោគិនអន្តរជាតិនឹងរក្សាផែនការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិនក្នុងកម្រិត ដែលកាន់តែតិចជាងមុន។ ទោះបីជាប្រាក់យ័នចិនអាចមានតម្លៃប្រហាក់ប្រហែលប្រាក់យេនរបស់ជប៉ុន, ប្រាក់ផោនរបស់ចក្រភពអង់គ្លេស និងប្រាក់ដុល្លាររបស់កាណាដាក៏ដោយ ក៏វានឹងមិនអាចឈានទៅជំនួសប្រាក់ដុល្លារអាមេរិកបាននោះទេ។

ប្រធានាធិបតីចិន Xi Jinping បានផ្ញើភាពស្របច្បាប់របស់រដ្ឋាភិបាលរបស់លោកលើការបន្តផ្តល់វិបុលភាពដល់ប្រទេសចិន។ ប៉ុន្តែវិបុលភាពនេះកំពុងជួបប្រទះនឹងការលំបាកកាន់តែខ្លាំងក្នុងការសម្រេចបាន ហើយការផ្តាច់ទំនាក់ទំនងគឺជាមូលហេតុដ៏សំខាន់ដែលនៅពីក្រោយរឿងនេះ៕ Project Syndicate

អត្ថបទទាក់ទង