ខ្មែរប៉ុស្ដិ៍ Close

ភាពរឹងមាំរបស់តំបន់អាស៊ីប្រឆាំងនឹង អតិផរណាសកលកំពុងឈានចូលដល់ទីបញ្ចប់ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 39
ភាពរឹងមាំរបស់តំបន់អាស៊ីប្រឆាំងនឹង អតិផរណាសកលកំពុងឈានចូលដល់ទីបញ្ចប់ហើយ ភាពរឹងមាំរបស់តំបន់អាស៊ីប្រឆាំងនឹង អតិផរណាសកលកំពុងឈានចូលដល់ទីបញ្ចប់ហើយ

ប្រទេសជាច្រើននៅក្នុងពិភពលោកបាននិងកំពុងខិតខំព្យាយាមទប់ស្កាត់បញ្ហាអតិផរណាដែលកំពុងដំណើរការយ៉ាងក្តៅគគុកអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ នៅពេលឥឡូវនេះ អត្រាអតិផរណាពិភពលោកជាមធ្យម កំពុងស្ថិតក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភ (៧,៤%)។ នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ អតិផរណាបានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ។

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាមេរិកឡាទីនក៏បានជួបប្រទះនូវកម្រិតខ្ពស់បំផុតផងដែរនៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ហើយអត្រាជារួមនៅអនុតំបន់សាហារ៉ាអាហ្រ្វិក (Sub-Saharan Africa) ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១២,២% នៅឆ្នាំនេះ។ អតិផរណារបស់ប្រទេសហូឡង់នៅឆ្នាំនេះបានកើនឡើងជិត ៣ ដងដល់ចំនួន ៩,២% ខណៈដែលប្រទេសអូស្ត្រាលីបានកើនឡើងទ្វេដង ដល់ ៥,៣%។

ទោះជាយ៉ាងណាក៏ដោយ តំបន់អាស៊ីអាចបន្តមានភាពរឹងមាំយ៉ាងខ្លាំងប្រឆាំងនឹងនិន្នាការពិភពលោក។ រហូតមកទល់នឹងពេលនេះ អតិផរណារបស់ប្រទេសថៃបានកើនឡើងដល់ ៧,១% នៅក្នុងខែឧសភា ដែលបានកើនលឿនជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច (៥,៩%) និងលឿនបំផុតបើគិតចាប់តាំងពីឆ្នាំ ២០០៨ មក។

នៅក្នុងប្រទេសឥណ្ឌូណេស៊ី តម្លៃទំនិញប្រើប្រាស់បានកើនឡើងក្នុងអត្រាលឿនបំផុតបើគិតចាប់តាំងពីឆ្នាំ ២០១៧ ខណៈដែលអតិផរណានៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនលើសការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ចជារៀងរាល់ខែ បើគិតចាប់តាំងពីខែមករាមក។ អតិផរណានៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៧,០៤%។

អ្នកជំនាញកំពុងព្រមានថា «ការកើនឡើងនៃតម្រូវការដោយសារតែការបន្ធូរបន្ថយការរឹតបន្តឹង និងការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ អាចជំរុញឱ្យមានការកើនឡើងនៃអតិផរណាលើតម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិននៅចុងឆ្នាំនេះ»។

បរិយាកាសអតិផរណាបាននិងកំពុងវិវឌ្ឍទៅកាន់តែអាក្រក់នៅទូទាំងតំបន់ដែលភាគច្រើន បណ្តាលមកពីការរំខាននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន ហើយស្ថានភាពនេះនឹងបង្ខំឱ្យធនាគារកណ្តាលជាច្រើនត្រូវចាត់វិធានការដំឡើងអត្រាការប្រាក់។

ធនាគារកណ្តាលរបស់ម៉ាឡេស៊ីទើបតែបានធ្វើបែបនេះ ហើយយើងរំពឹងថា «ធនាគារកណ្តាលនៅក្នុងបណ្តាប្រទេសផ្សេងទៀតនឹងបន្តធ្វើតាមនៅក្នុងប៉ុន្មានខែខាងមុខ បូករួមទាំងប្រទេសឥណ្ឌា, ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ»។

ដើម្បីការពារនិងបង្កើនទ្រព្យសម្បត្តិក្នុងអំឡុងពេលកើតមានបញ្ហាអតិផរណា អ្នកវិនិយោគគួរត្រួតពិនិត្យឡើងវិញលើភាគហ៊ុន (Portfolios) របស់ពួកគេដើម្បីធានាថា «ពួកគេនឹងនៅតែអាចមានជំហររឹងមាំល្អនៅក្នុងបរិយាកាសថ្មីៗ»។

វិនិយោគិនគួរតែបន្តវិនិយោគនៅក្នុងទីផ្សារ ហើយត្រូវធានាថា «ភាគហ៊ុនរបស់ពួកគេត្រូវបានធ្វើពិពិធកម្ម ពីព្រោះការធ្វើពិពិធកម្មគឺជាគន្លឹះដែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងការប្រែប្រួល»។

ឥឡូវនេះ វាក៏ជាពេលដែលត្រូវពិចារណាលើការធ្វើសមតុល្យភាគហ៊ុនឡើងវិញផងដែរ ពីព្រោះមូលបត្របំណុលរបស់បណ្តា ប្រទេសដែលមិនបានត្រៀមរៀបចំខ្លួនសម្រាប់វិធានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិកដែលនឹងអាចកើតមាននៅសប្តាហ៍នេះអាចនឹងទទួលរងនូវការខាតបង់យ៉ាងខ្លាំង។

កាសែត Bloomberg បានរាយការណ៍ថា «នៅពេលដែលធនាគារកណ្តាលដំឡើងតម្លៃខ្ចីប្រាក់ (Borrowing Cost) លឿនជាងការរំពឹងទុកបណ្តាប្រទេសអាស៊ីអាចនឹងត្រូវប្រឈមមុខនឹងហានិភ័យនៃការហូរចេញនៃមូលធន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើន»។

សរុបមក អ្វីៗបាននិងកំពុងដំណើរការយ៉ាងលឿន ហើយនេះមិនមែនជាពេលវេលាដែលវិនិយោគិនអាចធ្វេសប្រហែសបាននោះទេ ប្រសិនបើពួកគេមានបំណងចង់កសាងទ្រព្យសម្បត្តិរយៈពេលវែង៕ Asia Times