ខ្មែរប៉ុស្ដិ៍ Close

អង្គការ NATO សកល បានលេចរូបរាងឡើងនៅមុនកិច្ចប្រជុំអាស៊ាន-អាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 125
អង្គការ NATO សកល បានលេចរូបរាងឡើងនៅមុនកិច្ចប្រជុំអាស៊ាន-អាមេរិក អង្គការ NATO សកល បានលេចរូបរាងឡើងនៅមុនកិច្ចប្រជុំអាស៊ាន-អាមេរិក

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានបង្កឱ្យមានភាពចម្រូងចម្រាសកាលពីសប្តាហ៍មុន នៅពេលដែលលោកស្រីបានលើកឡើងថា «អង្គការ NATO គួរតែព្យាយាមពង្រឹងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការធ្វើការជាមួយសម្ព័ន្ធមិត្តដូចជាជប៉ុន និងអូស្ត្រាលី ក៏ដូចជាជាមួយអាស៊ាន»។

សម្រាប់អ្នកគាំទ្រក្រុម Quad, កិច្ចព្រមព្រៀងសន្តិសុខ AUKUS និងការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយសកលរវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ ការលើកឡើងរបស់លោកស្រីមានន័យស្មើនឹង «ការស្វាគមន៍នូវការពង្រីកយុទ្ធសាស្រ្តស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោកខាងលិច»។

វានឹងចាប់ផ្តើមមានដំណើរការ នៅពេលដែលសហរដ្ឋអាមេរិក និងអាស៊ានរៀបចំកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរ «ទំនាក់ទំនងរយៈពេល ៤ ទសវត្សរ៍កន្លះ» នៅថ្ងៃទី ១២-១៣ ខែឧសភា។

លោកស្រី Truss បាននិយាយថា «អង្គការ NATO ត្រូវតែមានទស្សនវិស័យជាសកលដើម្បីត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការប្រឈមមុខដោះស្រាយការគំរាមកំហែងជាសកល។ យើងត្រូវទប់ស្កាត់ការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការធ្វើការជាមួយសម្ព័ន្ធមិត្ត ដូចជាជប៉ុន និងអូស្ត្រាលីដើម្បីធានាថា តំបន់ប៉ាស៊ីហ្វិកនឹងទទួលបាននូវការការពារ។ យើងត្រូវតែធានាថា ប្រទេសប្រជាធិបតេយ្យ ដូចជាតៃវ៉ាន់ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន»។

ចាប់តាំងពីលោកខាងលិចបានចាប់ផ្តើមប្រឈមមុខជាមួយប្រទេសចិននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ សមាជិកអាស៊ានទាំង១០ បានបន្តរងសម្ពាធឱ្យជ្រើសរើសយកភាគីមួយរវាងលោកខាងលិច និងចិន ហើយកាលពីពេលថ្មីៗនេះ អាស៊ានបានងាកមកផ្តោតកាន់តែខ្លាំងលើបញ្ហាសេដ្ឋកិច្ចនិងនយោបាយនៅក្នុងស្រុករបស់ពួកគេរៀងៗខ្លួន។

ទន្ទឹមនឹងនេះដែរ យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អង្គការ NATO បានលេចរូបរាងឡើងនៅចុងឆ្នាំ ២០២០ នៅពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អង្គការ NATO ត្រូវបានរៀបចំឡើងជា លើកដំបូងជាមួយប្រទេសអូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និងនូវែលសេឡង់ ហើយយុទ្ធសាស្ត្រនេះ ក៏ចាប់ផ្តើមទទួលបានការចាប់អារម្មណ៌កាន់តែខ្លាំង បន្ទាប់ពីកើតមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅពេលឥឡូវនេះ យុទ្ធសាស្ត្រនេះបានក្លាយជាផ្នែកផ្លូវការមួយនៃរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការ NATO។ សហរដ្ឋអាមេរិកក៏បានផ្តល់សញ្ញាផងដែរថា «សមាជិកអាស៊ាននឹងត្រូវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងក្រុម Quad ជាមួយសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌានិងជប៉ុន» ក៏ប៉ុន្តែវានឹងមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួន។

អ្នកវិភាគជនជាតិថៃ លោក Kavi Chongkittavorn បានកត់សម្គាល់ថា «សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានដាក់សម្ពាធលើសមាជិកអាស៊ានឱ្យធ្វើការជ្រើសរើសយកភាគីណាមួយ។ សមាជិកទាំងអស់សុទ្ធតែជាអ្នកគាំទ្រធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអធិបតេយ្យភាពជាតិ ក៏ប៉ុន្តែពួកគេមានការអនុវត្តខុសៗគ្នា»។

ប្រទេសធំៗចំនួន៣ គឺឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន សុទ្ធតែជាប្រទេសប្រជាធិបតេយ្យ ហើយពួកគេមានលក្ខណៈអំណោយផលខ្លាំងចំពោះផែនការដ៏ធំរបស់លោក Joe Biden ស្តីពីសម្ព័ន្ធភាពសន្តិសុខដែលអាចមានសមត្ថភាពទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិន។

យោធាមីយ៉ាន់ម៉ាមិនមានជម្រើសអ្វីច្រើននោះទេក្រៅតែពីការងាកទៅរកប្រទេសចិន ហើយបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នឹងផ្តល់នូវការធានាថា «ប្រទេសឡាវនឹងនៅតែជារដ្ឋចំណុះរបស់ចិន»។ ប្រទេសប្រ៊ុយណេមានសេរីភាពជាងគេក្នុងការបោះជំហានទៅមុខ ខណៈដែលផលប្រយោជន៍របស់វៀតណាមបានបន្តពឹងផ្អែកលើទីផ្សារនាំចេញទៅកាន់លោកខាងលិច បើទោះបីជារចនាបទរដ្ឋាភិបាលរវាងពួកគេ មិនស៊ីសង្វាក់គ្នាក៏ដោយ។

លោក Kavi បានកត់សម្គាល់ថា «បណ្តាប្រទេសដែលមានបញ្ហាលទ្ធិប្រជាធិបតេយ្យដូចជាកម្ពុជា, ថៃ និងសិង្ហបុរី អាចនឹងមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសយកភាគីណាមួយ ហើយពួកគេអាចនឹងបន្តប្រកាន់យកយុទ្ធសាស្ត្រពន្យារពេលរហូតដល់ពួកគេលែងមានជម្រើស ឬអស់ផ្លូវដើរ»។ ទោះជាយ៉ាងណាក៏ដោយ សញ្ញានៃការផ្លាស់ប្តូរកំពុងលេចរូបរាងឡើង។

កម្ពុជាបាននិងកំពុងងាកទៅរកប្រទេសជប៉ុនកាន់តែខ្លាំង ដែលនេះក៏ដោយសារតែប្រទេសជប៉ុនគឺជាស្ពានតភ្ជាប់រវាងតំបន់ខាងកើត និងខាងលិច។ គោលបំណងរបស់កម្ពុជាគឺ «ការស្តារទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក និងការស្វែងរកប្រភពជំនួសមូលនិធិបរទេស នៅពេលដែលចិនបានបន្តកាត់បន្ថយភាពសប្បុរស»។

ប្រទេសសិង្ហបុរី និងកម្ពុជាបានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ហើយពួកគេអាចនឹងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រឡេស្ត ក្នុងការចូលជាសមាជិកភាពអាស៊ាន ដោយសារតែទំនាក់ទំនងកាន់តែរីកចម្រើនរបស់ទីម័រឡេស្តជាមួយប្រទេសចិន។

កាលពីថ្ងៃចន្ទ ប្រទេសជប៉ុននិងថៃបានប្រកាសអំពីផែនការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បូករួមនឹងកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យមានការការពារ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសជប៉ុន ហើយពួកគេក៏បានកត់សម្គាល់ផងដែរអំពី «ទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសជប៉ុនជាមួយនឹងយោធាអាមេរិក»។

ជនជាតិអាមេរិកមានការអាក់អន់ស្រពន់ចិត្តជាខ្លាំង នៅពេលដែលកាលបរិច្ឆេទដំបូងសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះត្រូវបានពន្យារពេលកាលពីខែមីនា ដោយសារតែកាលវិភាគមិនចុះសម្រុងគ្នា។ ក៏ប៉ុន្តែឥឡូវនេះ ពួកគេបាននិងកំពុងត្រៀមរៀបចំយ៉ាងល្អសម្រាប់កិច្ចប្រជុំកំពូលជាលើកដំបូងដែលនឹងធ្វើឡើងនៅរដ្ឋធានីរបស់អាមេរិក។ វាគឺជាកិច្ចប្រជុំមួយ ដែលគួរទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់៕ The Diplomat