ខ្មែរប៉ុស្ដិ៍ Close

ភាពស្ងប់ស្ងាត់មិនគួរឱ្យជឿនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងសម័យសង្គ្រាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 71
ភាពស្ងប់ស្ងាត់មិនគួរឱ្យជឿនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងសម័យសង្គ្រាម ភាពស្ងប់ស្ងាត់មិនគួរឱ្យជឿនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងសម័យសង្គ្រាម

មន្ត្រីកំពូលៗរបស់របបយោធាមីយ៉ាន់ម៉ា ប្រាកដជានៅចងចាំព្រឹត្តិការណ៍ដ៏សំខាន់នៅទីក្រុង Pakokku ដែលនោះ គឺការតវ៉ារបស់ព្រះសង្ឃកាលពីឆ្នាំ ២០០៧ ដែលត្រូវបានគេស្គាល់ថាជាបដិវត្តន៍ស្បង់ចីវរ «Saffron Revolution»។

នៅពេលនោះ ព្រះសង្ឃនៅ Pakokku បានចេញមកធ្វើបាតុកម្មប្រឆាំងនឹងរបបយោធារហូតដល់មានការបង្ក្រាប ហើយវាអាចទៅរួចដែលថា «ទីក្រុង Pakokku អាចជាតំបន់មួយដែលត្រូវបានរៀបចំឡើងសម្រាប់ការតស៊ូប្រឆាំងនឹងរបបយោធា ដែលបានដណ្តើមអំណាចកាលពីថ្ងៃទី ០១ កុម្ភៈ ឆ្នាំ២០២១»។

សព្វថ្ងៃ ព្រះសង្ឃជាច្រើនអង្គដែលកំពុងតែសិក្សា, ធ្វើសមាធិ និងបង្រៀននៅក្នុងទីក្រុង Pakokku គឺជាដៃគូដ៏ជិតស្និតរបស់ក្រុម «យុវជនជំនាន់ Z» ដែលកំពុងតែធ្វើការប្រយុទ្ធប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៅតាមដងផ្លូវនៃទីប្រជុំជន និងនៅតាមភូមិនានា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

បើទោះបីជាព្រះសង្ឃមួយចំនួនកំពុងតែផ្តល់ជម្រកដោយសម្ងាត់ដល់ក្រុមអ្នកប្រឆាំង ហើយព្រះសង្ឃមួយចំនួនទៀតក៏បានបង្ហាញពីចេតនា ចង់ចេញមកធ្វើការតស៊ូក៏ដោយក៏រហូតមកដល់ពេលនេះព្រះសង្ឃនៅក្នុងទីក្រុង Pakkoku មិនទាន់ត្រូវបានរបប យោធាចាត់ទុកជាសត្រូវនៅឡើយទេ។

បើទោះបីជាមានការតវ៉ាពីសំណាក់បុគ្គល ឬក្រុមប្រជាជនមួយចំនួនក៏ដោយ ក៏ទីក្រុងនៅក្បែរកំពង់ផែនៃ ទន្លេ Irrawaddy មួយនេះនៅតែមានភាពស្ងប់ស្ងាត់ និងមិនមានការសម្លាប់រង្គាលកើតឡើងឡើយ។

ទីក្រុង Pakokku គឺជាមជ្ឈមណ្ឌលនៃពុទ្ធសាសនិក និងជាកន្លែងបណ្តុះបណ្តាលដ៏សំខាន់ ហើយនៅឆ្នាំ ២០១៩ ជាមួយនឹងប្រជាជនប្រហែល ៤០ម៉ឺននាក់ ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់ទី២ ដោយនៅពីក្រោយទីក្រុង Mandalay បើគិតពីចំនួនព្រះសង្ឃធៀបនឹងចំនួនប្រជាជនសរុប។

ទីក្រុងនេះក៏ធ្លាប់បានរងនូវអំពើហិង្សាដែរ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារយោធា។ ដូចគ្នានឹងតំបន់ Mandalay, Magway និង Sagaing ដែរ ប្រជាជនមួយចំនួននៅក្នុងតំបន់ Pakokku បានចូលរួមនៅក្នុងការធ្វើបាតុកម្ម និងបានទទួលរងនូវអំពើឃោរឃៅពីសំណាក់របបយោធា។

ក្រុមសិស្សមួយចំនួនតូចនៅក្នុងទីក្រុងនេះបានចេញមកដើរដង្ហែរក្បួនតាមដងផ្លូវ ដូចក្រុមបាតុករនៅក្នុងទីក្រុងផ្សេងៗដែរបន្ទាប់ពីកើតមានការធ្វើរដ្ឋប្រហារ។ សហជីពនិស្សិត, សមាគមកសិករ, សហជីពការងារ, គណៈកម្មាធិការធ្វើកូដកម្មទូទៅ និងអង្គការសង្គមស៊ីវិល មានការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋប្រហារយោធា។

សមាគមផ្តល់ជំនួយសម្រាប់អ្នកទោស នយោបាយ (AAPP) បានឱ្យដឹងថា «មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងទីក្រុង Pakokku ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១» ក៏ប៉ុន្តែអវត្តមាននៃការសម្លាប់រង្គាលជាចង្កោម បានបង្ហាញថា «ទីក្រុងនេះមិនមានការប៉ះទង្គិចគ្នាខ្លាំងក្លារវាងក្រុមអ្នកគាំទ្រនិងក្រុមអ្នកប្រឆាំងនឹងរបបយោធានោះទេ»។

ដូចគ្នានេះដែរមានមនុស្សត្រឹមតែ ៣២ នាក់ប៉ុណ្ណោះ ដែលត្រូវបានគេចាប់ឃុំខ្លួននៅទូទាំងសង្កាត់ និងភូមិនៅក្នុងទីក្រុង Pakokku ហើយប្រភពព័ត៌មានពីសំណាក់ AAPP បានបញ្ជាក់ថា «មានការចោទប្រកាន់អំពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋលើមនុស្សតែ ៦ នាក់ប៉ុណ្ណោះ ខណៈដែលមនុស្សដទៃទៀតមិនបានរងនូវការចោទប្រកាន់អ្វីទេ»។ ករណីនៃការចាប់ខ្លួនមនុស្សនិងធ្វើទារុណកម្មរហូតដល់ស្លាប់ផ្សេងទៀតគឺច្រើនតែជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Pakokku ក៏មានជាប់ពាក់ព័ន្ធផងដែរនឹងការធ្វើសង្រ្គាមនៅទូទាំងប្រទេស បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១។ ទីក្រុង Pakokku គឺជាទីស្នាក់ការកណ្តាលនៃអង្គភាពកងពលថ្មើរជើងទី ១០១ (101st Light Infantry Division-LID) និងកងពលតូចថ្មើរជើងចំនួន ៤។

ក្បួនរថយន្តរបស់កងកម្លាំង 101st LID ដែលបានធ្វើដំណើរឆ្ពោះទៅទិសខាងលិច និងខាងជើងទៅកាន់ទីប្រជុំជន Kalay និងរដ្ឋ Chin ត្រូវបានវាយប្រហារដោយកងកម្លាំងតស៊ូតូចៗនៅក្នុងទីប្រជុំជន និងតាមទីតាំងផ្សេងៗទៀតនៅលើដងផ្លូវ។

កងកម្លាំងការពារក្នុងតំបន់ក៏បានធ្វើការវាយប្រហារមួយខែម្តងមកលើផ្លូវដឹកជញ្ជូនរបស់យោធាផងដែរ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាត់ផ្តាច់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់កងទ័ពនៅសមរភូមិ។ យ៉ាងហោចណាស់ មានកងកម្លាំងការពារក្នុងស្រុកចំនួន ២ និងអាចមានច្រើនរហូត ដល់ទៅ ៨ ក្រុមដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Pakokku។

អតីតក្រុមប្រឹក្សា ស្តារនីតិសម្បទានិងសណ្តាប់ធ្នាប់រដ្ឋមីយ៉ាន់ម៉ា (SLORC) បានបង្កើតទីស្នាក់ការកណ្តាលថ្មីរបស់កងកម្លាំង 101st LID នៅ ក្នុងទីក្រុង Pakokku កាលពីឆ្នាំ ១៩៩១។ ភ្នាក់ងារ SLORC ចង់ឱ្យអង្គភាពខាងលើនេះដើរតួជាចំណុចស្នូលក្នុងការដាក់ពង្រាយកងទ័ពបង្ក្រាបនៅតាមដងផ្លូវ, ផ្លូវដែក និងតាមដងទន្លេ Irawaddy និង Chindwin ក្នុងករណីកើតមានព្រឹត្តិការណ៍អស្ថិរភាពណាមួយ។

មន្ត្រីដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ប្រទេសមីយ៉ាន់ម៉ាសុទ្ធតែធ្លាប់បានធ្វើជាមេបញ្ជាការ នៃកងកម្លាំង 101st LID ដែលរួមមានទាំងរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន គឺឧត្តមសេនីយ Mya Tun Oo និងរដ្ឋមន្ត្រីមហាផ្ទៃបច្ចុប្បន្ន គឺឧត្តមសេនីយ៍ Soe Htut ដែលត្រូវបានគេស្គាល់ថាជាកូនសិស្សរបស់ឧត្តមសេនីយ Min Aung Hlaing។

ទីក្រុង Pakokku គឺជាទីតាំងដ៏សំខាន់របស់ស្ថាប័នចម្បងមួយគឺ «យោធា» ជាពិសេសនៅពេលដែលជម្លោះស៊ីវិលនៅក្នុងប្រទេសបាននិងកំពុងបន្តកើតមាន។ ចុះចំណែកស្ថាប័នធំៗផ្សេងទៀត ដូចជាស្ថាប័នរបស់ព្រះសង្ឃ? តើព្រះសង្ឃកំពុងស្ថិតនៅឯណា ខណៈពេលដែលសណ្តាប់ធ្នាប់សង្គមរបស់ប្រទេសកំពុងជួបប្រទះនូវភាពចលាចល?

«ហេតុអ្វីបានជារឿងរ៉ាវដូចកាលពីឆ្នាំ ២០០៧ មិនកើតឡើងជាថ្មីម្តងទៀត បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងតែជួបប្រទះនឹងការលំបាក?» នៅក្នុងឆ្នាំនោះព្រះសង្ឃនៅក្នុងទីក្រុង Pakokku បានដណ្តើមការកាន់កាប់ស្ថាប័ននានានៅក្នុងតំបន់ ហើយក្រោយមកក៏បានក្លាយទៅជាគោលដៅនៃការសម្លាប់របស់ពួកយោធា។

បើទោះបីជានៅពេលនោះមានការបង្ហោះនៅលើបណ្តាញសង្គម Facebook តិចតួចក៏ដោយ ក៏សកម្មភាពរបស់ព្រះសង្ឃបានក្លាយជាកម្លាំងជំរុញឱ្យប្រជាជននាំគ្នាងើបឡើងតវ៉ាប្រឆាំងនឹងរបបយោធា។ បច្ចុប្បន្ន ព្រះសង្ឃជាច្រើនអង្គដែល ភាគច្រើនជាព្រះសង្ឃចាស់ៗ បានសឹកត្រឡប់ទៅផ្ទះវិញ ឬបានសុគតនៅក្នុងអំឡុងពេលកើតមានរលកទី៣ នៃការរាតត្បាតនៃវីរុសកូវីដ-១៩ កាលពីពាក់កណ្តាលឆ្នាំ ២០២១។

ព្រះចៅអធិការវត្តភាគច្រើននៅក្នុងទីក្រុង Pakokku ក៏បានបង្ហាញអំពីចេតនាមិនចង់ចូលរួមនៅក្នុងសមរភូមិណាមួយរវាងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ, គណបក្សសម្ព័ន្ធភាពអភិវឌ្ឍន៍ដែលមានទំនាក់ទំនងនឹងក្រុមយោធា និងក្រុមចលនាជាតិនិយមព្រះពុទ្ធសាសនាជ្រុលនិយម។

ប្រហែលជាការធ្វើបុណ្យជាប្រចាំរបស់មន្ត្រីយោធាជាន់ខ្ពស់ជាមួយព្រះសង្ឃបានធ្វើឱ្យព្រះសង្ឃទាំងនោះផ្លាស់ប្តូរចិត្ត ហើយវាក៏អាចកើតមានរឿងរ៉ាវមួយចំនួន ដូចជានៅក្នុងទីក្រុង Yangoon ដែលក្រុមប៉ូលិសបានធ្វើការគំរាមកំហែងដោយផ្ទាល់ទៅលើ ព្រះសង្ឃឱ្យអនុវត្តធម៌វិន័យឱ្យបានតឹងរ៉ឹងនៅតាមវត្តអារាម, សាលារៀន និងព្រះវិហារនានា។

ក្រៅពីនេះ វាអាចទៅរួចដែលថា «ដោយបានមើលឃើញពីការឈឺចាប់នៅក្នុងជីវិត និងនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ន ព្រះសង្ឃទាំងនេះអាចនឹងយល់ថា តួនាទីចម្បងរបស់ពួកគេគួរតែជាការផ្តល់ទីសក្ការៈបូជា ជាជាងជាការចូលរួមនៅក្នុងជម្លោះ»។

ប៉ុន្តែអ្វីដែលអាចជាការពន្យល់ដែលទំនងជាងនេះគឺ «ក្រៅពីកងទ័ពកន្លែងតែមួយគត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាទីជម្រកដ៏គួរឱ្យទុកចិត្តបានសម្រាប់មនុស្សនៅក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងដូចបច្ចុប្បន្ន គឺស្ថាប័នព្រះសង្ឃ»។

ព្រះសង្ឃនៅសព្វថ្ងៃនេះចង់រក្សានូវសណ្តាប់ធ្នាប់ ហើយពួកគេអាចនឹងចាត់ទុកការតស៊ូជាការបំផ្លាញដល់ «ភាពកតញ្ញូទាំង៥» ដែលត្រូវបានគេបង្រៀនតៗគ្នា នៅក្នុងសាលា និងដល់ព្រះសង្ឃអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ឱ្យមានការគោរពចំពោះព្រះពុទ្ធ-ព្រះធម៌-ព្រះសង្ឃ, ឪពុកម្តាយ និងលោកគ្រូ-អ្នកគ្រូ។

ទោះជាយ៉ាងណាក៏ដោយ ការតវ៉ាដ៏តិចតួចប្រឆាំងនឹងរបបយោធានៅក្នុងទីក្រុង Pakokku មិនគួរត្រូវបានគេចាត់ទុកជា «ស្ថានភាពដ៏ស្ងប់សុខ» នោះទេ ។ នៅតាមសាលារៀន និងសាកលវិទ្យាល័យនៅក្នុងទីក្រុង Pakokku ស្ទើតែមិនមានសិស្សវិលត្រលប់ចូលរៀនវិញទេ ចាប់តាំងពីទីតាំងទាំងនោះបានបើកដំណើរការឡើងវិញ ហើយចរាចរណ៍នៅកំពង់ផែក៏មានតិចតួចបំផុតផងដែរ។ ដូចនេះ វាគឺដូចគ្នានឹងសុភាសិតមួយឃ្លាដែលពោលថា «ក្តៅស៊ីរាក់ ត្រជាក់ ស៊ីជ្រៅ»៕ Fulcrum

អត្ថបទទាក់ទង