ខ្មែរប៉ុស្ដិ៍ Close

បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍ស្ថិតក្នុងអាយុដ៏សមស្រប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 30
បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍ស្ថិតក្នុងអាយុដ៏សមស្រប បណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍ស្ថិតក្នុងអាយុដ៏សមស្រប

នៅឆ្នាំ ១៩៨៩ សង្រ្គាមត្រជាក់ត្រូវបានបញ្ចប់ លទ្ធិប្រជាធិបតេយ្យក៏ត្រូវបានស្ដារឡើងវិញនៅក្នុងប្រទេសហ្វីលីពីន ហើយកងកម្លាំងវៀតណាមក៏បានដកខ្លួនចេញពីប្រទេសកម្ពុជា ហើយកិច្ចចរចាសន្តិភាពក៏បានដំណើរការនៅទីក្រុងប៉ារីសដើម្បីដោះស្រាយជម្លោះនៅតំបន់ឥណ្ឌូចិន។

គណបក្សកុម្មុយនីស្តវៀតណាម និងឡាវ មានពេល ៣ ឆ្នាំដើម្បីធ្វើការកែទម្រង់ទីផ្សាររបស់ពួកគេឡើងវិញ ហើយប្រទេសមីយ៉ាន់ម៉ាក៏ បានបង្ហាញអំពីសញ្ញាចង់ងាកត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយការតវ៉ារបស់ក្រុមនិស្សិតនៅទូទាំងប្រទេស។

ចាប់តាំងពីឆ្នាំ ១៩៨០ មក GDP របស់សិង្ហបុរីបានកើនឡើង ១៥៥% ខណៈម៉ាឡេស៊ីបានកើនឡើងពី ២៤,៤ ពាន់លានដុល្លារដល់ ៣៨,៨ ពាន់លានដុល្លារ។ ដំណាក់កាលដំបូង នៃមូលធននិយមក៏បានចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា។

ប្រវត្តិសាស្ត្រត្រូវបានបញ្ចប់ ហើយអ្វីៗទាំងឡាយគឺថ្មី និងមានលក្ខណៈកាន់តែទំនើប ខណៈដែលតំបន់នេះកំពុងតែឈានដល់ចំណុចនៃការផ្លាស់ប្តូរ បូករួមនឹងការបោះជំហានចេញពីសោកនាដកម្មនៃសង្គ្រាមត្រជាក់ដើម្បីឈានទៅកាន់ដំណាក់កាលថ្មីនៃវិបុលភាព និងសន្តិភាព។

ប៉ុន្តែ «តើអ្នកយល់ថា បណ្តាមេដឹកនាំនៅក្នុងតំបន់មានវ័យចំណាស់ពេកទេ សម្រាប់សម័យទំនើបថ្មីនេះ?»

លោក Lee Kuan Yew មានអាយុ ៦៦ ឆ្នាំ, លោក Mahathir Mohamad មានអាយុ ៦៤ ឆ្នាំ, លោក Chatichai Choonhavan របស់ប្រទេសថៃមានអាយុ ៦៩ ឆ្នាំ, មេដឹកនាំផ្តាច់ការរបស់ឥណ្ឌូណេស៊ី Suharto មានអាយុ ៦៨ ឆ្នាំ។

នៅប្រទេសវៀតណាម ឥស្សរជនចាស់វស្សាមួយរូប ដែលកំពុងតែកាន់តំណែង គឺនាយករដ្ឋមន្ត្រី Do Muoi ដែលមានអាយុ ៧២ឆ្នាំ ខណៈនៅប្រទេសឡាវ ប្រមុខរដ្ឋាភិបាល Kaysone Phomvihane មានអាយុ ៦៩ ឆ្នាំ ហើយលោក Saw Maung របស់មីយ៉ាន់ម៉ាមានអាយុ ៦១ ឆ្នាំ និងលោកស្រី Corazon Aquino ដែលជាមនុស្សដែលមានសក្តានុពលយ៉ាងខ្លាំងមានអាយុ ៥៦ ឆ្នាំ។ លោក ហ៊ុន សែន បានឡើងកាន់អំណាច នៅប្រទេសកម្ពុជា (នៅ ៤ឆ្នាំមុនឆ្នាំ១៩៨៩) លោក មានអាយុត្រឹមតែ ៣៧ ឆ្នាំ។

ភាគច្រើននៃមេដឹកនាំទាំងអស់នោះមិនត្រឹមតែមានវ័យចំណាស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានបន្តកាន់អំណាចអស់រយៈពេលជាយូរមកហើយទៀតផង។ លោក Lee បានកាន់អំណាចតាំងពីឆ្នាំ ១៩៥៩, លោក Suharto តាំងពីឆ្នាំ ១៩៦៨, លោក Mahathir តាំងពីឆ្នាំ ១៩៨១ ខណៈ លោក Kaysone បានដឹកនាំគណបក្សកុម្មុយនីស្តឡាវតាំងពីឆ្នាំ ១៩៥៥ មក។

យុវជនគឺជាកម្លាំងដ៏សំខាន់នៅក្នុងការធ្វើនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅសព្វថ្ងៃនេះ ហើយអាយុជាមធ្យមនៃប្រជាជនដែលរស់នៅក្នុងតំបន់ គឺ ៣០,២ ឆ្នាំ។ ជាងពាក់កណ្តាលនៃអ្នកដែលចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅហ្វីលីពីន នៅខែក្រោយ មានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ។

ប្រជាជនម៉ាឡេស៊ីដែលមានអាយុចន្លោះពី ១៨ ទៅ ២០ ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចូលរួមធ្វើការបោះឆ្នោតជាលើកដំបូងនៅក្នុងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ ហើយតាមការប៉ាន់ប្រមាណ ៥៨% នៃអ្នកដែលចូលរួមបោះឆ្នោតគឺមានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ។

យ៉ាងណាមិញ នៅប្រទេសមីយ៉ាន់ម៉ាក្រុមយុវជនកំពុងគិតថា «អនាគតរបស់ពួកគេកំពុងត្រូវបានបំផ្លាញដោយក្រុមយោធាដែលបានធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន» ហើយប្រជាជនកម្ពុជាដែលមានអាយុជាមធ្យមត្រឹមតែ២៥ ឆ្នាំ ក៏នឹងមិនអាចទទួលបានភាពយុត្តិធម៌នោះទេ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនាខាងមុខ។

ជាថ្មីម្តងទៀតសូមយើងនាំគ្នាក្រឡេកមកមើលអាយុរបស់មេដឹកនាំនៅក្នុងតំបន់នៅពេលបច្ចុប្បន្ននេះ។ លោក Lee Hsien Loong មានអាយុ ៧០ ឆ្នាំ ដែលដំណាលគ្នានឹងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។ លោក Joko Widodo មានអាយុ ៦០ ឆ្នាំ, លោក ហ៊ុន សែន មានអាយុ ៦៩ ឆ្នាំ, លោក Prayut Chan-o-cha មានអាយុ ៦៨ ឆ្នាំ, លោក Pham Minh Chinh របស់វៀតណាម និងលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានអាយុ ៦៣ ឆ្នាំ ខណៈមេដឹកនាំទីម័រខាងកើត លោក Taur Matan Ruak មានអាយុ ៦៥ ឆ្នាំ ដូចមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែរ។

មេដឹកនាំដែលត្រូវគេទម្លាក់ពីតំណែងរបស់មីយ៉ាន់ម៉ា គឺលោកស្រី Aung San Suu Kyi មានអាយុ ៧៦ ឆ្នាំ ហើយអ្នកនាំមុខគេសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីន គឺលោក Ferdinand Marcos ក៏ស្ថិតក្នុងវ័យ ៦៤ ឆ្នាំដែរ។ និយាយឱ្យសាមញ្ញទៅ មេដឹកនាំគ្រប់រូបសុទ្ធតែមានអាយុយ៉ាងហោចណាស់ ២ដង ខ្ពស់ជាងអាយុមធ្យមរបស់ប្រជាជនក្នុងតំបន់

អ្វីដែលខ្ញុំកំពុងសួរគឺថា «តើអាយុសំខាន់ដែរឬទេ?» ហើយនេះក៏ជាសំណួរដែលគ្រប់គ្នាកំពុងតែពិចារណានៅជុំវិញពិភពលោកផងដែរ។ នៅក្នុងពិធីឡើងកាន់តំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានអាយុ ៧៨ ឆ្នាំ គឺច្រើនជាងកាលពីលោក Donald Trump ឡើងកាន់តំណែងចំនួន 8 ឆ្នាំ ហើយលោក Biden ក៏មានវ័យចំណាស់ជាង Ronald Reagan នៅពេលឡើងកាន់តំណែងរហូតដល់ទៅជាង ១០ ឆ្នាំផងដែរ។

អ្នកប្រវត្តិសាស្រ្តម្នាក់បាននិយាយថា «ប្រសិនបើសត្រូវរបស់សហរដ្ឋអាមេរិកចង់លាបពណ៌ប្រទេសនេះថាជាប្រទេសដែលពុករលួយ, ទ្រុឌទ្រោម និងអន់ខ្សោយ លោក Biden និងលោក Trump គឺជាតួអង្គដ៏ល្អបំផុតសម្រាប់ការលាបពណ៌ទាំងនេះ ខណៈដែលអ្នកទាំងពីរ បានចាប់ផ្តើមការងាររបស់ពួកគេ តាំងពីពេលលោក Bill Gates កំពុងសិក្សានៅមហាវិទ្យាល័យម្ល៉េះ»។

បើយោងទៅតាមការគិតរបស់មនុស្សមួយចំនួន «បុរសវ័យចំណាស់ និងស្ត្រីវ័យចំណាស់ គឺជាអ្នកដែលតែងតែរារាំងមិនឱ្យមានការផ្លាស់ប្តូរ»។ ក៏ប៉ុន្តែប្រវត្តិសាស្ត្ររបស់តំបន់អាស៊ីអាគ្នេយ៍បានបង្ហាញផ្ទុយពីនេះ។ នៅឆ្នាំ ១៩៩៨ អគារ Petronas Towers នៅក្នុងទីក្រុង Kuala Lumpur ត្រូវបានគេចាត់ទុកថាជាអគារខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ហើយនៅពេលនោះ នាយករដ្ឋមន្ត្រី Mahathir មានអាយុ ៧៣ ឆ្នាំ។

នៅពេលដែលគណបក្សកុម្មុយនីស្តវៀតណាមបានផ្តួចផ្តើមគំនិតធ្វើការកែទម្រង់សេដ្ឋកិច្ចនៅឆ្នាំ១៩៨៦ នាយករដ្ឋមន្ត្រីវៀតណាមនៅពេលនោះមានអាយុជិត ៨០ ឆ្នាំទៅហើយ។ អគ្គលេខាគណបក្សកុម្មុយនីស្ត Le Duan បានទទួលមរណភាពនៅពាក់កណ្តាលឆ្នាំ ១៩៨៦ ក្នុងវ័យ ៧៩ ឆ្នាំ ហើយភ្លាមៗនោះ តំណែងរបស់លោកក៏ត្រូវបានជំនួសដោយបុរសវ័យ ៧៩ ឆ្នាំម្នាក់ទៀត។

ក្តីសង្ឃឹមនៃការស្តារប្រទេសមីយ៉ាន់ម៉ាឡើងវិញ បន្ទាប់ពីក្លាយជារដ្ឋឯកោអស់រាប់ទសវត្សរ៍ បានកើតមាននៅក្នុងឆ្នាំ២០១៥ នៅពេលដែលលោកស្រី Aung San Suu Kyi បានឈ្នះការបោះឆ្នោតនៅក្នុងវ័យ ៧០ ឆ្នាំ។

លោក Deng Xiaoping ដែលជាអ្នកទំនើបកម្មដ៏អស្ចារ្យរបស់ប្រទេសចិនបានឡើងកាន់អំណាចនៅក្នុងគណបក្សកុម្មុយនីស្តចិននៅចុងឆ្នាំ ១៩៧៨ នៅពេលដែលលោកមានអាយុ ៧៤ ឆ្នាំ។

នៅឆ្នាំ ១៩៨៩ អាយុជាមធ្យមរបស់ប្រមុខរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍គឺ ៦២ ឆ្នាំ ហើយមកដល់សតវត្សរ៍ឆ្នាំ ២០០០ អាយុជាមធ្យមបានកើនឡើងដល់ ៦៣ ឆ្នាំ។ ទស្សវត្សរ៍ឆ្នាំ១៩៩០ គឺជាទស្សវត្សរ៍ដែល បដិវត្តន៍ផ្លាស់ប្តូរច្រើន បានកើតមានច្រើនបំផុតក្នុងតំបន់មួយនេះ។

សូម្បីតែអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ក៏មិនអាចរកនឹកឃើញហេតុផលណាមួយដែលអាចបញ្ជាក់ថា «អាយុគឺជាកត្តាកំណត់អត្តចរិតរបស់មនុស្ស»។ លោកស្រី Suu Kyi មានអាយុចាស់ជាងមេដឹកនាំយោធាចំនួន ១១ ឆ្នាំ។

តំណាងគណបក្សប្រឆាំងរបស់កម្ពុជាគឺ សម រង្ស៊ី មានអាយុច្រើនជាងលោកហ៊ុន សែន ៤ ឆ្នាំ ហើយលោក Anwar Ibrahim ដែលជាមេដឹកនាំគណបក្សប្រឆាំងរបស់ម៉ាឡេស៊ី មានអាយុ ៧៤ ឆ្នាំ ខណៈដែលលោក Leni Robredo ដែលនឹងចូលរួមនៅ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅ ពេលខាងមុខ មានអាយុតិចជាងលោក Marcos ចំនួន ៦ ឆ្នាំ។

លោក Najib Razak គឺជាបេក្ខជនវ័យក្មេងជាងគេដែលបានឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅម៉ាឡេស៊ី (នៅអាយុ ២២ ឆ្នាំ) និងបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅអាយុ ៥៦ ឆ្នាំ ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីដែលមានអាយុក្មេងជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ប៉ុន្តែលោកក៏បានជាប់ឈ្មោះជានាយករដ្ឋមន្ត្រីដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះផងដែរ។

តាមពិតទៅ គណបក្សប្រជាធិបតេយ្យក៏បានវិវឌ្ឍទៅកាន់តែយ៉ាប់យ៉ឺនផងដែរ នៅពេលនិយាយដល់ការផ្លាស់ប្តូរយុវជនបន្តវេន។ នៅក្នុងឆ្នាំ ២០១៨ ប្រជាជនម៉ាឡេស៊ីបានបោះឆ្នោតទម្លាក់គណបក្សជាតិម៉ាឡេ (UMNO) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ហើយអ្នកដែលពួកគេបានបោះឆ្នោតជ្រើសរើសជំនួសនោះ គឺលោក Mahathir Mohamad ដែលជាអតីតប្រធានគណបក្ស UMNO និងដែលមានអាយុ ៩៣ ឆ្នាំនៅពេលនោះ។

រឿងដំបូងដែលលោកបានធ្វើ គឺ «ការស្នើសុំឱ្យមានការបន្ថយអាយុអ្នកចូលរួមបោះឆ្នោតមកត្រឹមនៅ ១៨ ឆ្នាំវិញ» ហើយសភាម៉ាឡេស៊ីក៏បានអនុម័តចំណុចនេះនៅឆ្នាំបន្ទាប់។ នៅពេលនោះលោក Mahathir បាននិយាយថា «ឥឡូវនេះ យុវជនម៉ាឡេស៊ីមានការយល់ដឹងផ្នែកនយោបាយជាងមុន ហើយការបន្ថយអាយុគឺជារឿងចាំបាច់ណាស់ដើម្បីផ្តល់ឱ្យពួកគេនូវឱកាស និងសេរីភាពក្នុងការបញ្ចេញមតិដើម្បីជួយរៀបចំលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសតាមរយៈការចូលរួមនៅក្នុងការបោះឆ្នោត»។

ក្រោយចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំនេះ មនុស្សជាង ៥លាននាក់បន្ថែមទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត។ តាមការរំពឹងទុក សម្ព័ន្ធប្រជាធិបតេយ្យរួបរួមរបស់ម៉ាឡេស៊ី ឬ MUDA ដែលពាក្យភាសាម៉ាឡេ មានន័យថា «យុវជន» ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តោតជាចម្បងលើយុវជន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានរបស់គណបក្សខាងលើគឺលោក Syed Saddiq ដែលមានអាយុត្រឹមតែ ២៩ ឆ្នាំ និងកំពុងកាន់តំណែងជារដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតរបស់ប្រទេសនេះ ក៏មិនមែនជាមនុស្សស្អាតស្អំនោះដែរ ដោយក្នុងនោះ លោកត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយកាលពីឆ្នាំមុន។

ការបោះឆ្នោតលើកដំបូងដែលមានការចូលរួមបោះឆ្នោតពីសំណាក់យុវជនថ្មីៗ ទាំងនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Johor កាលពីខែមុន ដោយក្នុងនោះអ្នកចូលបោះឆ្នោត ១/៣ គឺជាអ្នកដែលទើបនឹងបានចូលរួមបោះឆ្នោតជាលើកទីមួយ។ សម្ព័ន្ធ UMNO បានយកឈ្នះយ៉ាងភ្លូកទឹក ភ្លូកដី ខណៈសម្ព័ន្ធ MUDA ទទួលបានអាសនៈនៅក្នុងស្រុកមួយ និងទទួលបានការគាំទ្រត្រឹមតែ ៣,៤% ប៉ុណ្ណោះ។ និយាយឱ្យសាមញ្ញទៅ យុវជនថ្មីៗភាគច្រើនបានបោះឆ្នោតឱ្យគណបក្សចាស់ៗដដែល។

អាយុជាមធ្យម របស់ប្រជាជនឥណ្ឌូណេស៊ីគឺ ៣០ឆ្នាំ ហើយប្រហែល ១/៣ នៃអ្នកបោះឆ្នោតនៅក្នុងប្រទេសនេះមានអាយុ ១៧-២៥ ឆ្នាំ។ ដូច្នេះ វាគឺជារឿងដ៏សមហេតុផលដែល «គណបក្សសាមគ្គីឥណ្ឌូណេស៊ីថ្មី (PSI) បានជាប់ចំណាត់ថ្នាក់ទី ១២ នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ ដោយមានសំឡេងគាំទ្រត្រឹមតែ ១,៨% ប៉ុណ្ណោះ និងមិនគ្រប់គ្រាន់ដើម្បីចូលរួមនៅក្នុងសភានោះទេ» ដោយសារតែគណបក្សនេះបានហាមមនុស្សដែលមានអាយុលើសពី ៤៥ ឆ្នាំមិនឱ្យចូលរួមនៅក្នុងគណបក្សរបស់ខ្លួននៅមុនការ បោះឆ្នោតឆ្នាំ ២០១៩។

វាមានករណីលើកលែងមួយដែល នោះគឺលោក Thanathorn Juangroong ruangkit ដែលជាមេដឹកនាំគណបក្ស «Future Forward» បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ តាមរយៈការបង្ហាញប្រាប់ដល់ប្រជាជនថា «លោកគឺជាបេក្ខជនវ័យក្មេងដែលប្រឆាំងនឹងរបបផ្តាច់ការ»។

នៅក្នុងអំឡុងពេលនៃការបោះឆ្នោតនោះ លោក Thanathorn មានអាយុ ៤១ ឆ្នាំ ដែលអាយុនេះមានចំនួនច្រើនជាងអាយុជាមធ្យមរបស់ប្រជាជនថៃតែ ១ ឆ្នាំប៉ុណ្ណោះ។

ប៉ុន្តែវាគឺជាការខុសឆ្គងក្នុងការគិតថា «មនុស្សវ័យកណ្តាល នឹងបោះឆ្នោតឱ្យតែមេដឹកនាំវ័យកណ្តាល»។ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនឆ្នាំ ២០១៦ លោក Rodrigo Duterte ដែលមានអាយុ ៧១ ឆ្នាំ បានយកឈ្នះទៅលើដៃគូប្រជែងរបស់លោក និងទទួលបានពិន្ទុនាំមុខរហូតដល់ទៅ ៣៣ ពិន្ទុ នៅក្នុងក្រុមអ្នកបោះឆ្នោតដែលមានអាយុ ១៨-២៤ និង ២៦ ពិន្ទុនៅក្នុងក្រុមអ្នកបោះឆ្នោតដែលមានអាយុ ២៥-៣៤ ឆ្នាំ។

យោងតាមការស្ទង់មតិចុងក្រោយបង្អស់គឺ «៧១% នៃអ្នកបោះឆ្នោតហ្វីលីពីន ដែលមានអាយុចន្លោះពី ១៨ ដល់ ២៤ ឆ្នាំ ពេញចិត្តចំពោះការដឹកនាំរបស់លោក Ferdinand Marcos Jr ដែលជាកូនប្រុសរបស់
មេដឹកនាំផ្តាច់ការ ហើយមានតែ ១៤% ប៉ុណ្ណោះដែលពេញចិត្តមេដឹកនាំសេរីនិយម លោក Leni Robredo»។

«សម្រាប់គណបក្សនយោបាយមួយចំនួនដែលបានដាក់បេក្ខភាពវ័យក្មេង ដើម្បីទាក់ទាញការគាំទ្រពីយុវជន បេក្ខជនរបស់ពួកគេភាគច្រើនជាមនុស្ស ដែលមានបទពិសោធន៍តិចតួច ហើយពួកគេទាំងនោះ ភាគច្រើនគឺសុទ្ធតែជាកូនរបស់បណ្តាមេដឹកនាំបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យពួកគេពិបាកចុះសម្រុងជាមួយយុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

វាមិនមានអ្វីដែលអាចបញ្ជាក់បានទេថា «យុវជននឹងមិនប្រព្រឹត្តអំពើពុករលួយ ឬនឹងមិនផ្តាច់ការ» «ហើយវាក៏មិនមានអ្វីដែលអាចបញ្ជាក់បានដែរថា «ពួកគេនឹងធ្វើការកែទម្រង់ហើយនឹងផ្តល់ឱកាលឱ្យអ្នកដែលមានសមត្ថភាពពិតប្រាកដ?» ។

តំបន់អាស៊ីអាគ្នេយ៍កំពុងតែក្លាយជាកម្មសិទ្ធិរបស់យុវជន ក៏ប៉ុន្តែវាមិនមែនមានន័យថា «ពួកគេនឹងបោះឆ្នោតឱ្យអ្នកដែលមានវ័យក្មេងៗដូចពួកគេនោះទេ»។ David Hutt / The Diplomat

អត្ថបទទាក់ទង