ខ្មែរប៉ុស្ដិ៍ Close

ប្រាក់យ័ននឹងមិនមានប្រៀបជាងប្រាក់ដុល្លារនៅក្នុងពេលឆាប់ៗនេះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 49
ប្រាក់យ័ននឹងមិនមានប្រៀបជាងប្រាក់ដុល្លារនៅក្នុងពេលឆាប់ៗនេះទេ ប្រាក់យ័ននឹងមិនមានប្រៀបជាងប្រាក់ដុល្លារនៅក្នុងពេលឆាប់ៗនេះទេ

រឿងរ៉ាវទាក់ទងនឹងការយកប្រាក់យ័នចិនមកធ្វើជារូបិយវត្ថុអន្តរជាតិនាំមុខគេត្រូវបានគេលើកយកមកនិយាយអស់មួយរយៈពេលហើយ។ នៅពេលនេះ ការធ្វើប្រតិបត្តិការពាណិជ្ជម្មអន្តរជាតិត្រឹមតែ ៣% ប៉ុណ្ណោះដែលបានធ្វើឡើងដោយប្រើប្រាក់យ័ន ហើយបណ្តាធនាគារកណ្តាលនៅទូទាំងពិភពលោកបានរក្សាប្រាក់បម្រុងអន្តរជាតិរបស់ពួកគេជាប្រាក់យ័នក្នុងចំនួនត្រឹមតែ ៣%ប៉ុណ្ណោះ។

សម្រាប់មនុស្សភាគច្រើន ករណីនេះអាចជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារតែចិនគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅក្នុងពិភពលោក ជាមួយនឹងចំណែក GDP ចំនួន ១៣,០៤% នៃ GDP សរុបរបស់ពិភពលោក និងជាប្រទេសនាំចេញធំជាងគេរបស់ពិភពលោកដែលមានចំណែកទីផ្សារពិភពលោកចំនួន ១៤,៧%។

រូបិយវត្ថុបម្រុងអន្តរជាតិធំៗទាំង៤ រួមមាន «ប្រាក់ដុល្លារអាមេរិក, ប្រាក់អឺរ៉ូ, ប្រាក់យេនជប៉ុន និងប្រាក់ផោនអង់គ្លេស»។ ដោយគិតត្រឹមឆ្នាំ ២០២១ រូបិយវត្ថុទាំងនេះមានចំណែក ៩១% នៃប្រាក់បម្រុងអន្តរជាតិសរុបរបស់ពិភពលោក។ ស្រដៀងគ្នាដែរ ធនាគារកណ្តាលថៃបានរក្សាប្រាក់បម្រុងអន្តរជាតិចំនួន ៩២% ដោយប្រើប្រាស់រូបិយវត្ថុខាងលើ បើទោះបីជាចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់ខ្លួនក៏ដោយ។

«ហេតុអ្វីបានជាពិភពលោកមិនចាប់អារម្មណ៍ក្នុងការប្រើប្រាស់ប្រាក់យ័នសម្រាប់ការទូទាត់ និងប្រើប្រាស់វាជាផ្នែកដ៏ធំមួយនៃប្រាក់បម្រុងរបស់ពួកគេ?»

អ្នកដែលជឿលើការភូតកុហក ប្រហែលជាគិតថា «វាគឺដោយសារតែលោកខាងលិចចង់រឹតត្បិតតួនាទីរបស់ចិននៅក្នុងសេដ្ឋកិច្ចពិភពលោក»។ ប៉ុន្តែចម្លើយដ៏ពិតប្រាកដគឺ «ប្រទេសចិនគឺជាអ្នកដែលចង់ឱ្យប្រាក់យ័នមានដំណើរការដូចសព្វថ្ងៃនេះ»។

រឿងរ៉ាវពាក់ព័ន្ធនឹងការប្រើប្រាស់ប្រាក់យ័នជារូបិយវត្ថុអន្តរជាតិបានកើតឡើងសារជាថ្មីនៅ ក្រោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា «ខ្លួននឹងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយរុស្ស៊ីបានរក្សាប្រាក់បម្រុងអន្តរជាតិរបស់ខ្លួនចំនួន ១៦,៩% ជាប្រាក់យ័ន» ដែលនេះគឺជាកម្រិតមួយដ៏ខ្ពស់ខ្លាំង បើប្រៀបធៀបនឹងកម្រិត ៣% របស់ពិភពលោក។

ប្រទេសដែលជាមិត្តរបស់រុស្ស៊ី ដូចជា អារ៉ាប៊ីសាអូឌីត ក៏បានបង្ហាញសញ្ញាផងដែរថា «ពួកគេនឹងផ្លាស់ប្តូរចេញពីការទូទាត់សាច់ប្រាក់ដោយប្រើប្រាស់ប្រាក់ដុល្លារ ទៅជាការទូទាត់ដោយប្រើប្រាស់ប្រាក់យ័នជាមូលដ្ឋានវិញ»។ បណ្តាសត្រូវរបស់អាមេរិកថែមទាំងបាន និយាយទៀតថា «ការផ្លាស់ប្តូរទាំងនេះអាចជាចំណុចចាប់ផ្តើមនៃការធ្លាក់ចុះឥទ្ធិពលរបស់អាមេរិក»។

របាយការណ៍ការងាររបស់ IMF ដែលមានឈ្មោះថា «ការសឹករិចរិលដោយមិនដឹងខ្លួននៃឥទ្ធិពលរបស់ប្រាក់ដុល្លារ» (Stealth Erosion of Dollar Dominance) បានផ្តល់នូវការគាំទ្រដល់ ការលើកឡើងខាងលើនេះ។ របាយការណ៍បានរកឃើញថា «ចំណែកប្រាក់ដុល្លារ នៅក្នុងប្រាក់បម្រុងអន្តរជាតិបានធ្លាក់ចុះ ១២% ពីចំនួន ៧១% មកនៅត្រឹម ៥៩%»។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងមិនអាចនាំមកនូវការដួលរលំនៃប្រាក់ដុល្លារអាមេរិក ឬការដួលរលំនៃអំណាចសេដ្ឋកិច្ចរបស់អាមេរិកនោះទេ។

ទី១ ៖ «ការធ្លាក់ចុះពី ៧១% មកនៅត្រឹម ៥៩% បានកើតឡើងនៅក្នុងរយៈពេល ២០ ឆ្នាំ (១៩៩៩-២០២១)»។

ទី២ ៖ «ការធ្លាក់ចុះគឺ ដោយសារតែការកើនឡើងនូវការនាំចេញពីបណ្តាប្រទេសផ្សេងៗ»។ សហរដ្ឋអាមេរិកដែលធ្លាប់គ្រប់គ្រងលើការនាំចេញរបស់ពិភពលោកចំនួន ១២,៤% មានចំណែកទីផ្សារត្រឹមតែ ៨,១% ប៉ុណ្ណោះនៅឆ្នាំ ២០២១។

ទី៣ ៖ «ការធ្លាក់ចុះនៃប្រាក់ដុល្លារនឹងមិននាំមកនូវផលចំណេញដល់ប្រាក់យ័ននោះទេ»។ នៅក្នុងការធ្លាក់ចុះនៃប្រាក់ដុល្លារ ប្រាក់យ័នបានជំនួសប្រាក់ដុល្លារអាមេរិកត្រឹមតែ ២៥% ប៉ុណ្ណោះនៅក្នុងប្រាក់បម្រុងអន្តរជាតិ ខណៈដែល ២៣% ត្រូវបានជំនួសដោយប្រាក់ដុល្លារកាណាដា និង ២០% ត្រូវបានជំនួសដោយប្រាក់ដុល្លារអូស្ត្រាលី ហើយចំនួនដែលនៅសេសសល់គឺត្រូវបានជំនួសដោយរូបិយវត្ថុផ្សេងៗទៀត ដែលរួមមានដូចជាប្រាក់វ៉ុនកូរ៉េ (៨%), ប្រាក់ស៊ុយអ៊ែត (៦%) និងប្រាក់ដុល្លារសិង្ហបុរី (៥%)។

«ហេតុអ្វីបានជាការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិកមិនបាននាំមកនូវការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រាក់យ័នចិន?»

ចម្លើយគឺផ្អែកលើច្បាប់នៃតម្រូវការនិងការផ្គត់ផ្គង់។ ប្រទេសចិនចង់ឱ្យការនាំចេញរបស់ខ្លួនត្រូវបានទូទាត់ជាប្រាក់បរទេស។

បើទោះបីជាចំណែកផលិតផលរបស់ចិននៅក្នុងទីផ្សារពិភពលោកបានកើនឡើងពីចំនួន ២,៩% នៅឆ្នាំ១៩៩៩ ដល់ចំនួន ១៤,៧% នៅ ឆ្នាំ២០២១ ក៏ដោយ ក៏ការប្រើប្រាស់ប្រាក់យ័នបានកើនឡើងដល់ចំនួនត្រឹម ២៧២ ពាន់លានដុល្លារ ឬ ៣,៣% នៃប្រាក់បម្រុងសរុបរបស់ពិភពលោកប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ២០២១ ធនាគារប្រជាជនចិន (People’s Bank of China) បានរក្សាប្រាក់បម្រុងអន្តរជាតិចំនួន ៩៤% ជារូបិយវត្ថុធំៗទាំង៤ ដូចបានរៀបរាប់ខាងលើ។ គេអាចកត់សម្គាល់ថា «តួលេខនេះគឺមានចំនួនខ្ពស់ជាងកម្រិតធម្យមរបស់ពិភពលោក និងខ្ពស់ជាងនៅក្នុងធនាគារថៃទៅទៀត»។

ខណៈពេលដែលចិនគឺជាប្រទេសនាំចេញលេខ១ របស់ពិភពលោក ប្រទេសនេះគឺជាប្រទេសនាំចូលធំលំដាប់ទី២ របស់ពិភពលោក ដោយក្នុងនោះ ទំនិញនាំចូលមានតម្លៃជាង ២ ទ្រីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ហេតុដូច្នេះហើយ រូបិយវត្ថុបរទេសជាពិសេសគឺរូបិយវត្ថុធំៗទាំង៤ ខាងលើ គឺមានភាពចាំបាច់ណាស់ក្នុងការផ្តល់ការទ្រទ្រង់ដល់សេដ្ឋកិច្ចចិន។

គេមិនភ្ញាក់ផ្អើលទេដែលថា «ចិនចង់ប្រើរូបិយវត្ថុបរទេស ជាជាងរូបិយវត្ថុផ្ទាល់ខ្លួនដើម្បីទូទាត់ទំនិញនាំចូល»។ ប៉ុន្តែ «តើវានឹងមានអ្វីកើតឡើង ប្រសិនបើប្រទេសជាច្រើនទៀតចង់ទូទាត់សាច់ប្រាក់ដោយប្រើប្រាស់ប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារអាមេរិក?»

ជាដំបូង ប្រទេសនាំប្រេងចេញធំជាងគេរបស់ពិភពលោក គឺអារ៉ាប៊ីសាអូឌីតកំពុងចរចាជាមួយរដ្ឋាភិបាលចិនអំពីការលក់ប្រេងខ្លួនទៅឱ្យចិន ដោយទូទាត់ជាប្រាក់យ័ន ជំនួសឱ្យប្រាក់ដុល្លារអាមេរិក ហើយប្រទេសជា ច្រើនទៀតដែលមិនចូលចិត្តឥទ្ធិពលត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិក ក៏អាចនឹងចាត់វិធានការដូចគ្នានេះផងដែរ។

ជាគោលការណ៍ ចិនមិនចង់បានបែបនេះទេ ដោយសារតែវានឹងមានន័យថា «ប្រាក់យ័នកាន់តែច្រើននឹងចរាចរនៅខាងក្រៅប្រទេសចិន»។ សូមចងចាំថា «ប្រទេសចិនមិនមែនជាសេដ្ឋកិច្ចទីផ្សារ ដែលនរណាៗសុទ្ធតែអាចមានសិទ្ធិចូលទៅប្រើប្រាស់បានដោយសេរីនោះទេ»។

ប្រាក់យ័នមិនមែនជារូបិយវត្ថុឡើងចុះដោយសេរីនោះទេ ក៏ប៉ុន្តែវាគឺជារូបិយវត្ថុដែលអត្រាឡើងចុះស្ថិតក្រោមការគ្រប់គ្រងដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធប្តូរប្រាក់បាតរបស់ថៃនៅមុនវិបត្តិឆ្នាំ១៩៩៧។  ធនាគារកណ្តាលចិន បានគ្រប់គ្រងអត្រាប្តូរប្រាក់ទៅតាមតម្លៃដែលពួកគេចង់បាន ដោយមិនខ្វល់អំពីតម្រូវការទីផ្សារ។

នៅពេលនេះ ក្នុងចំណោមការផ្គត់ផ្គង់ប្រាក់យ័នសរុប ២៤០,៥ទ្រីលាន មានប្រាក់ត្រឹមតែ ១,៧ ទ្រីលានយ័នប៉ុណ្ណោះ ដែលកំពុងចរាចរនៅខាងក្រៅប្រទេសចិន និងតិចជាង១ទ្រីលានយ័នដែលកំពុងត្រូវបានគេប្រើសម្រាប់ការទូទាត់ថ្លៃទំនិញ។

ប្រសិនបើពិភពលោកមានប្រាក់បម្រុងអន្តរជាតិរបស់ខ្លួនចំនួន ២៩% ជាប្រាក់យ័ន នោះចំនួនប្រាក់យ័ន ដែលចរាចរនៅខាងក្រៅប្រទេសចិននឹងកើនឡើងដល់ ១០,៦ ទ្រីលានយ័ន។ អ្វីដែលសំខាន់បំផុតនោះគឺ «ខណៈពេលដែលតម្រូវការប្រាក់យ័ននៅក្នុងពិភពលោកបានបន្តកើនឡើង រូបិយវត្ថុនេះនឹងកើនឡើងតម្លៃយ៉ាងខ្លាំងដែលនឹងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញរបស់ចិន»។

លទ្ធភាពដែលប្រាក់យ័នអាចជំនួសប្រាក់ដុល្លារអាមេរិក ក្នុងនាមជារូបិយវត្ថុអន្តរជាតិនាំមុខគេ គឺមានកម្រិតតិចតួចណាស់ ហើយវាអាចនឹងត្រូវការពេលរហូត ដល់ទៅ៣០ ទៅ ៥០ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ តួនាទីប្រាក់យ័នអាចនឹងមាន ភាពកាន់តែលេចធ្លោជាងមុន ហើយវាអាចនឹងត្រូវបានគេយកមក ប្រើប្រាស់កាន់តែច្រើននៅក្នុងការទូទាត់ទំនិញ និងប្រាក់បម្រុងអន្តរជាតិ ក៏ប៉ុន្តែវានឹងមិនអាចក្លាយជារូបិយវត្ថុអន្តរជាតិឈានមុខគេនោះទេ។

ដើម្បីក្លាយជារូបិយវត្ថុអន្តរជាតិដ៏ពិតប្រាកដ ប្រទេសចិនចាំបាច់ត្រូវធ្វើកិច្ចការសំខាន់ៗចំនួន២ដែលនឹងមិនអាចកើតឡើងនៅក្នុងពេលឆាប់ៗដ៏ខ្លីនេះទេ។

ទី១ ៖ «ប្រទេសចិនត្រូវតែក្លាយជាប្រទេសប្រជាធិបតេយ្យ»។ តាមរយៈការធ្វើបែបនេះ ចិនត្រូវបោះបង់ចោលគោលការណ៍សេដ្ឋកិច្ចមិនមែនទីផ្សាររបស់ខ្លួន (Non-market Economic) ហើយត្រូវងាកមកអនុវត្តប្រព័ន្ធទីផ្សារសេរីវិញ ដើម្បីអនុញ្ញាតឱ្យបណ្តាពាណិជ្ជករ និងវិនិយោគិនអាចមានសិទ្ធិចូលមកក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុករបស់ចិនបានយ៉ាងពេញលេញ និងដោយសេរី។

ទី២ ៖ «ប្រទេសចិនត្រូវតែទទួលស្គាល់ថា ការកើនឡើងនៃតម្រូវការប្រាក់យ័ននឹងធ្វើឱ្យប្រាក់យ័នកើនឡើងតម្លៃខ្លាំង» ហើយប្រទេសចិននឹងត្រូវងាកចេញពីការលក់ «ផលិតផលថោកៗ» មកជាការលក់ «ផលិតផលដែលមានគុណភាព» វិញ។

ប្រសិនបើលក្ខខណ្ឌ ទាំង២នេះមិនអាចសម្រេចបានទេ វាក៏នឹងគ្មានឱកាសដែរដែលប្រាក់យ័នចិនអាចនឹងមានប្រៀបជាងប្រាក់ដុល្លារអាមេរិក៕ Bangkok Post