ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ២ចំណុច អំពីការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ឯកសារ 62
អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ២ចំណុច អំពីការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ២ចំណុច អំពីការលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញសេចក្តីបំភ្លឺ២ចំណុច ជុំវិញការប្រកាសលើកពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកដែលគ្រោងនឹងធ្វើឡើងចុងខែនេះ។

ជុំវិញការលើកពេលនេះ អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺដូចតទៅ៖

  1. បច្ចុប្បន្ន ឥណ្ឌូណេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក បានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូណេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។
  2. កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ត្រូវលើកទៅពេលក្រោយដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង»។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើកពេលជាង១ខែ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាពនឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាមេរិកនៅឡើយទេ៕ Fresh News

អត្ថបទទាក់ទង