ខ្មែរប៉ុស្ដិ៍ Close

ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានជំរុញឱ្យមានខ្លាសេដ្ឋកិច្ចថ្មីៗនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 64
ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានជំរុញឱ្យមានខ្លាសេដ្ឋកិច្ចថ្មីៗនៅតំបន់អាស៊ីអាគ្នេយ៍ នាវាដឹកទំនិញនៅកំពង់ផែ Ningbo ប្រទេសចិន។ រូបថត៖ IMO

ការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍បានកើនឡើងចំនួន ២០% នៅក្នុងឆ្នាំ ២០២២ បើទោះបីជាការនាំចេញទំនិញសរុបរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៩% និងការនាំចេញទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ១៧% បើធៀបនឹងតួលេខកាលពីឆ្នាំមុនក៏ដោយ។

ប្រជាពលរដ្ឋប្រមាណ ៧០០ លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតនៅលើការចាប់ផ្តើមនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ច ដែលអាចប្រៀបធៀបបានទៅនឹងការលេចឡើងនៃ «ខ្លាសេដ្ឋកិច្ចអាស៊ី» ដែលរួមមាន កោះតៃវ៉ាន់, កូរ៉េខាងត្បូង និងសិង្ហបុរី កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដូច្នោះដែរ។

តួនាទីនាំមុខរបស់ចិននៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បានបង្កើតនូវភាពជាដៃគូសេដ្ឋកិច្ចដែលមិនអាចកាត់ផ្តាច់បានជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បាននាំយកនូវបុគ្គលិកវ័យក្មេងជាច្រើនដើម្បីទៅជំនួសកម្លាំងពលកម្មដែលមានវ័យចំណាស់ និងកម្លាំងពលកម្មផ្នែកឧស្សាហកម្មដែលកំពុងតែថយចុះរបស់ប្រទេសចិន។

តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងបំផុតមួយនៅក្នុងពិភពលោក រួមជាមួយនឹងតំបន់អាស៊ីខាងត្បូង។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ចិនគឺជាកត្តាគន្លឹះនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកស្គុសស្គាយនោះ។

នៅឆ្នាំ ២០២០ ចិនបាននាំចេញទំនិញទៅកាន់បណ្តាប្រទេសនៅអាស៊ានច្រើនជាងជិត ២ ដងនៃអ្វីដែលពួកគេបាននាំចេញទៅកាន់តំបន់អាស៊ីដែលមានការអភិវឌ្ឍ ដូចជា ជប៉ុន, កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង។

បើទោះបីជាចិនកំពុងតែនាំមុខនៅក្នុងផ្នែកពាណិជ្ជកម្មរបស់តំបន់អាស៊ីអាគ្នេយ៍ក្តី ក៏វិនិយោគិនរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបមានប្រៀបជាងនៅក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់នោះ។ ចិនបានផ្តល់ហិរញ្ញប្បទានត្រឹមតែ ១៣ ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់ការវិនិយោគផ្ទាល់នៅក្នុងតំបន់នោះ នៅឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងទឹកប្រាក់ចំនួន ៤០ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក និងចំនួន ២៧ ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប។

ចិនហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះការគ្រប់គ្រងទៅលើទ្រព្យសកម្មនៅក្នុងតំបន់ក្រៅតែពីការធ្វើពាណិជ្ជកម្មរបស់ខ្លួននោះឡើយ។ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានភាពរសើបទៅនឹងបញ្ហាអធិបតេយ្យជាតិ និងមានភាពស្ទាក់ស្ទើរក្នុងការប្រគល់ភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មសំខាន់ៗទៅឱ្យប្រទេសចិនដើម្បីគ្រប់គ្រង។

ជារួម ការនាំចេញទំនិញរបស់ចិនទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍដែលរួមមានទាំងតំបន់អាស៊ាន, ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិកឡាទីនផងនោះ បានកើនឡើងទ្វេដងលើសពីកម្រិតមុនមានវិបត្តិជំងឺឆ្លងដោយអត្រា នាំចេញប្រចាំឆ្នាំមានទំហំរហូតដល់ជាង ៩០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២ ពោលគឺជាចំនួនច្រើនជាងការនាំចេញទំនិញរបស់ចិនទៅកាន់អាម៉េរិក ឬទៅកាន់សហភាពអឺរ៉ុបទ្វេដង។

ឥណ្ឌាដែលជាដៃគូប្រកួតប្រជែងរបស់ចិននៅក្នុងតំបន់ នៅតែមានទីផ្សារតូចសម្រាប់ប្រទេសចិន បើប្រៀបធៀបទៅនឹងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញសរុបមានទំហំត្រឹមតែជាង ១២០ ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងអំឡុងឆ្នាំ ២០២២។ ទោះជាបែបនោះក្តី ចិនបានរួមចំណែកដល់ការនាំចេញផលិតផលមិនមែនប្រេងសរុបរបស់ប្រទេសឥណ្ឌា ក្នុងទំហំប្រមាណ ៣០% ហើយក៏ជាប្រភពដ៏ធំបំផុតរបស់ឥណ្ឌាសម្រាប់មុខទំនិញឧស្សាហកម្មផងដែរ។

ខណៈអាស៊ានកំពុងបោះជំហានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកនៅត្រឹមឆ្នាំ ២០៣០ តំបន់នេះកំពុងស្ថិតនៅក្នុងអន្តរកាល ដែលពលរដ្ឋវ័យក្មេង និងពលរដ្ឋថ្នាក់កណ្តាលកំពុងតែកើនឡើង គួបផ្សំនឹងការចាប់យកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

ជាមួយនឹងទីផ្សារជាច្រើនដែលបានចាប់យកទូរសព្ទជាឧបករណ៍ចម្បងនៅក្នុងតំបន់នោះ គេរំពឹងថា តំបន់អាស៊ាននឹងមានការកើនឡើងយ៉ាងឆាប់រហ័សនៅលើការប្រើប្រាស់បច្ចេកវិទ្យា ហើយវានឹងរួមចំណែកដល់កំណើននៃសេដ្ឋកិច្ចឌីជីថលរបស់ពួកគេរហូតដល់ ៦,៤ ដង ពោលគឺពីទំហំទឹកប្រាក់ ៣១ ពាន់លានដុល្លារនៅឆ្នាំ ២០១៥ ដល់ទំហំ ១៩៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ដូច្នេះ សេដ្ឋកិច្ចឌីជីថលគឺជាកត្តាគន្លឹះដែលកំពុងអូសទាញកំណើនសេដ្ឋកិច្ចរបស់តំបន់នេះ។

ជំហរនាំមុខរបស់ប្រទេសចិនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាគុណសម្បត្តិដ៏រឹងមាំមួយក្នុងការធ្វើពាណិជ្ជកម្មជាមួយតំបន់អាស៊ាន។ យុទ្ធសាស្ត្ររបស់ចិន គឺផ្តោតទៅលើការបង្កើតទីផ្សារនៅថ្ងៃអនាគតសម្រាប់ផលិតផលរបស់ខ្លួន តាមរយៈការផ្តល់នូវប្រព័ន្ធបញ្ជូនទិន្នន័យខ្នាតធំ (Broadband), ប្រព័ន្ធ Cloud Computing និងការបណ្តុះបណ្តាលដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Huawei Technologies ដែលជាអ្នកផ្តល់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនទិន្នន័យនាំមុខគេរបស់ប្រទេសចិន បានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើការបណ្តុះបណ្តាលនៅក្នុងតំបន់ តាមរយៈការបណ្តាក់ទុនរួមគ្នារវាងមូលនិធិអាស៊ាន (ASEAN Foundation) និងបណ្ឌិតសភា Huawei ASEAN ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២១។

យោងតាមរបាយការណ៍កាលពីខែកក្កដាឆ្នាំ ២០២២ របស់អង្គការ Carnegie Endowment ស្តីអំពីជោគជ័យរបស់ក្រុមហ៊ុន Huawei នៅឥណ្ឌូនេស៊ីដែលជាប្រទេសអាស៊ានធំជាងគេដែលមានពលរដ្ឋចំនួន ២៧៥ លាននាក់នោះ បានឱ្យដឹងថា «ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE បានដើរតួនាទីយ៉ាងជោគជ័យក្នុងការផ្តល់សន្តិសុខផ្នែកអ៊ីនធើណិតដែលគួរឱ្យទុកចិត្តបាន ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌូនេស៊ី»។ ប្រការនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយហេតុថា ឥណ្ឌូនេស៊ីមានអរិភាពខ្លាំងជាយូរមកហើយជាមួយប្រទេសចិន។

ក្រុមហ៊ុនចិនជាច្រើនបានជួបប្រទះនឹងការតវ៉ាអំពីកង្វល់ដែលថា ពួកគេកំពុងដណ្តើមការងាររបស់ប្រជាជនក្នុងស្រុក។ ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE មិនទទួលរងនូវជោគវាសនាដូចនោះទេ ហើយក៏ពុំមានការតវ៉ាណាមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីប្រឆាំងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សំខាន់ៗនោះដែរ។

ជារួម ប្រជាជនឥណ្ឌូនេស៊ីមានការខ្វល់ខ្វាយអំពីរោងចក្រផលិតស៊ីម៉ង់ចិនច្រើនជាងការខ្វល់ខ្វាយចំពោះក្រុមហ៊ុន Huawei នៅក្នុងបណ្តាញ 5G។

ក្រុមហ៊ុន Huawei បានសហការជាមួយក្រសួងសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃក្នុងការបើក «មជ្ឈមណ្ឌលនវានុវត្តន៍ប្រព័ន្ធអេកូឡូហ្ស៊ី 5G ថៃ» មួយនៅឯទីក្រុងបាងកកនៅឆ្នាំ ២០២១ នេះបើយោងតាមការឱ្យដឹងពីសំណាក់នាយករបស់ការិយាល័យអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេសថៃដែលបានប្រាប់នៅក្នុងសន្និសីទមួយរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ ២០២១។ នៅខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុន Huawei បានចេញផ្សាយនូវ «សៀវភៅស» មួយក្បាលដែលមានចំណងជើងថា «ប្រទេសម៉ាឡេស៊ីក្នុងនាមជាមូលធនឌីជីថលអាស៊ាន»។

ជាមួយនឹង GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗត្រឹមតែ ៥ ៧៦០ ដុល្លារអាមេរិកនោះ អាស៊ាននឹងមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការតភ្ជាប់ឌីជីថលអាចផ្តល់ជាសន្ទុះដល់ឧស្សាហកម្មថ្មីៗ។ យោងតាមការឱ្យដឹងពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗនៅក្នុងតំបន់ដោយពឹងផ្អែកទៅលើអំណាចទិញទំនិញ (Purchasing Power Parity) គឺ មានចំនួន ១៦ ១៦៣ ដុល្លារ ឬជិតចំនួន ៣ ដងនៃ GDP ជាប្រាក់ដុល្លារអាមេរិកសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ។ អំណាចទិញជារូបិយបណ្ណបរទេសនៅក្នុងបណ្តាប្រទេសក្នុងតំបន់មានទំហំច្រើនជាងច្រើនដង ដោយ សារតែការបន្ទាបតម្លៃនៃបណ្តារូបិយណ្ណក្នុងតំបន់។

នៅពេលដែលតម្លៃរបស់ GDP ជាប្រាក់ដុល្លារអាមេរិកនឹងបន្តទៅមុខជាមួយនឹងអំណាចទិញទំនិញជាដរាបនោះ សមត្ថភាពនាំចូលរបស់ពលរដ្ឋចំនួន ៧០០ លាននាក់របស់តំបន់អាស៊ីអាគ្នេយ៍នឹងកើនឡើង។ អត្រាកំណើនដ៏គួរឱ្យកត់សម្គាល់នៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយតំបន់នេះអាចនឹងមានលំនឹងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ហើយការលេចឡើងនៃខ្លាសេដ្ឋកិច្ចនៅអាស៊ីថ្មីៗ នឹងអាចក្លាយជា ព្រឹត្តិការណ៍ម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខទៀតនេះ៕

Asia Times

អត្ថបទទាក់ទង