ខ្មែរប៉ុស្ដិ៍ Close

តំណាងសម្ដេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្រុកកងមាស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 112
តំណាងសម្ដេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ  និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្រុកកងមាស តំណាងសម្ដេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្រុកកងមាស

កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ស្ថិតក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អញ្ជើញចូលរួមនាឱកាសនោះ មានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីជាប្រតិភូអមដំណើរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត លោកអភិបាលកុ្រង ស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា នៅខេត្ត មានសាសនាចំនួន៤គឺ៖ ព្រះពុទ្ធសាសនា, ឥស្លាមសាសនា, គ្រីស្ទសាសនា និងពុទ្ធសាសនាមហាយាន បាននិងកំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ។ ព្រះពុទ្ធសាសនា មានប្រជាពលរដ្ឋចំនួន ៩៧.៦% កំពុងប្រតិបត្តិ ។ ព្រះពុទ្ធសាសនា មាន ៣៧៨វត្ត (ធម្មយុត្តិ ១២វត្ត) និងមានព្រះសង្ឃសរុប ៥.៨០១អង្គ។ ដោយឡែក នៅក្នុងស្រុកកងមាស មានវត្តចំនួន ៣៤វត្ត និងមានព្រះសង្ឃសរុបចំនួន ៥០៧អង្គ។

ជាមួយនឹងការថ្លែងនូវប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលទាំងអស់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកថា វត្តអារាម មិនសំខាន់ថាបានកសាងតាំងពីរាប់រយឆ្នាំ ឬនាបច្ចុប្បន្ននោះទេ កត្តាសំខាន់គឺវត្តអារាមអាចប្រើប្រាស់ជាទីកន្លែង ឬជាមជ្ឈមណ្ឌលក្នុងការចែកចាយ ប្រតិបត្តិសាសនា និងចែករំលែកនៃការកសាងសីលធម៌ គុណធម៌ សម្រាប់មនុស្សជាតិរបស់យើងទាំងអស់គ្នា ពីព្រោះថា បើប្រជាពលរដ្ឋយើងបានប្រតិបត្តិ និងមានធម៌ក្នុងខ្លួនហើយនោះ គឺរមែងទទួលបានសេចក្ដីសុខគ្រប់ៗគ្នា ។ ឯកឧត្តម បានរំលឹកថា ការបង្កើតវត្តអារាមឡើងវិញ នៅក្រោយឆ្នាំ១៩៧៩ មកនោះ គឺយើងទាំងអស់គ្នា បានកសាងហើយ។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រុញ និងផ្ដល់ឱកាសសិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា ក៏ប៉ុន្តែដោយសារធនធានមានកំណត់យើងពុំអាចកសាងឲ្យរីកចម្រើនបានគ្រប់ៗវត្តអារាមនោះឡើយ។

កត្តាទាំងអស់នេះ គឺទាមទារឲ្យមានការកៀងគរ និងការដឹកនាំរបស់ព្រះចៅអធិការវត្តគ្រប់ជំនាន់ ក៏ដូចជា គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជននានា ចូលរួមចំណែកកសាងទាំងអស់គ្នា។ យ៉ាងណាមិញ សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺបានមកពីការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពង្រឹងដល់វិស័យសាសនា របស់កម្ពុជា ឲ្យកាន់តែរីកចំរើនថ្កុំថ្កើងទ្វេរ ឡើងថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផលរីកចំរើននៅទូទាំងប្រទេស ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ក៏ដូចជា សកលលោកកំពុងរងផលប៉ះពាល់ដល់សេដ្ឋកិច្ច នៃការរាតត្បាតនៃជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការតាំងពីដើមទីរៀងមក ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកស្រោចលើប្រជាពលរដ្ឋកម្ពុជា រហូតដល់គ្រប់គ្រងស្ថានការបានទាំងស្រុង។

ទាំងអស់នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល បើទោះបីជាមានការរិះគន់ ពីក្រុមប្រឆាំងក្រៅច្បាប់ យ៉ាងណាក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ដូចជា ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាទាំងស្មារតី និងសម្ភារៈ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។ ក្នុងនោះ ឯកឧត្ដម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នូវវិធានសុខាភិបាល និង«៣ការពារ ៣កុំ» ដើម្បីជៀសផុតពីការឆ្លងជម្ងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូរមីក្រុង គ្រប់ៗគ្នា ពីព្រោះថាមេរោគនេះ មិនទាន់ទៅណាឆ្ងាយពីយើង នៅឡើយទេ។

គួររំលឹកថា តាមប្រវត្តិ នៃវត្តកងត្រង់ណឹង គឺបានកកើតឡើងក្នុងសម័យលង្វែក ដែលតំបន់នេះ មានមនុស្សមករស់នៅដំបូង ច្រើនតែជាអ្នកភៀសខ្លួនរត់ពីតំបន់ផ្សេងៗ ដោយខ្លាចចម្បាំង។ នៅចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សមិទ្ធផលក្នុងវត្តនេះទាំងអស់ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏បានចាប់ផ្តើមកសាងវត្តកងត្រង់ណឹងឡើងវិញ មកដល់ឆ្នាំ១៩៩៣។

ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១២ ក្រោមការដឹកនាំផ្ទាល់ពីព្រះអនុគណស្រុកកងមាស និងដោយមានការឧបត្ថម្ភ ទំនុកបំរុងពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងក្រុមការងារ ចុះជួយស្រុកកងមាស សប្បុរសជននានា រួមជាមួយព្រះសង្ឃ សីលវន្ត សីលវតី ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត បានបរិច្ចាគធនធានកសាងឡើងវិញ និងរៀបចំវត្តកងត្រង់ណឹងឱ្យមានការរីកចំរើនគួរឱ្យជ្រះថ្លា និងគោរពបូជា។ បច្ចុប្បន្ន ក្រៅពីសមិទ្ធផលចាស់ វត្តកងត្រង់ណឹង មានទីតាំង ទីសេនាសនៈ និងបរិស្ថាន ក្នុងវត្តសក្តិសមជាអារាមគួររីករាយ ជ្រះថ្លា និងគោរពបូជា ពីពុទ្ធបរិស័ទ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ៕

អត្ថបទទាក់ទង