ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅធំរាជរដ្ឋាភិបាល គឺបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 61

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា សមិទ្ធផលអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ពិតសាកសមនឹងការអភិវឌ្ឍ និងការកើនឡើងតួនាទី ភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឹ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារដែលបានខិតខំប្រឹងប្រែបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ នេះហើយជាគោលដៅធំសម្រាប់រាជរដ្ឋាភិបាលអណត្តិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិម្មិតបង្ហាញពីភាពឱ្យកាន់តែរឹងមាំ និងភាពកាន់តែសំបូរបែប កាន់តែទំនើបនៅក្នុងការផ្តល់សេវារដ្ឋបាល។ នេះជាការឆ្លើយតបនូវការទទួលខុសត្រូវកាន់តែខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការដោយផ្តល់សិទ្ធិទៅអោយអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំសម្របសម្រួលការងារ នេះជាការបង្ខិតសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង